ភ្នំពេញ ៖ សិស្សនិស្សិតកម្ពុជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សា និងស្វែងយល់អំពីឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី លើសពីនេះទៅទៀត កម្មវិធីពិព៍រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលីគឺជាកម្មវិធីមួយដែល មិនអាចរំលងឡើយ។ កម្មវិធីពិព៍រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី គឺជាវិទិការមួយដ៏ប្រសើរសម្រាប់សិស្ស និស្សិតកម្ពុជាដែលកម្មវិធីនេះមានវត្តមាននាក់ចូលរួមជាង៨០០នាក់ ដែលបានជួបពិភាក្សា ផ្ទាល់ជាមួយអ្នកតំណាងស្ថាប័នអប់រំអូស្រា្តលី និងសិក្សាអំពីកម្មវិធី សិក្សាដ៏សម្បូរបែបរបស់ប្រទេសអូស្ត្រាលីទៀតផង។
ជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលស្ថាប័ន IDP Education ដែលជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែល ដើរតួនាទីក្នុងការ បញ្ជូនសិស្ស និស្សិត ទៅសិក្សានៅក្រៅប្រទេស បានប្រមូលផ្តុំនូវស្ថាប័នអប់រំអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាម្តងទៀតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១សៀល ដល់៧ល្ងាច។
ហ៊ុន រតនៈ សិស្សថ្នាក់ទី១២ មកពីសាលាអន្តរទ្វីបអាមេរិចកាំង បាននិយាយថា “ខ្ញុំពិតជាចង់ទៅសិក្សាថ្នាក់បញ្ញាបត្របន្តនៅប្រទេសអូស្ត្រាលីណាស់បន្ទាប់ពីមកកាន់កម្មវិធីនេះរួច ពីព្រោះកម្មវិធីនេះបានធ្វើឲ្យខ្ញុំយល់ឃើញថា ប្រទេសអូស្ត្រាលីជាប្រទេសដែលមានគុណសម្បត្តិជាច្រើនរាប់បញ្ជូលទាំងប្រព័ន្ធសិក្សា និងថែមទាំងគួរឲ្យចង់រស់នៅទៀតផង” ។
លោក ឈាង វ៉ាន់តាក់ ជាប្រធានផ្នែករៀបចំឯកសារបញ្ជូនសិស្សទៅសិក្សានៅបរទេស បានថ្លែងប្រាប់ថា សាលានៅប្រទេសអូស្ត្រាលីចំនួន ៣៦ ចាប់ពីកម្រិតសិក្សាថ្នាក់វិទ្យាល័យ ដល់ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់បណ្ឌិតបានវត្តមានក្នុងការផ្តល់យោបល់ជូនដល់សិស្ស និស្សិត និង អាណាព្យាបាល អំពីជម្រើសសិក្សានៅប្រទេសអូស្ត្រាលីនៅឯពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលីនេះ។ លើសពីនេះទៅទៀត កម្មវិធីនេះនឹងប្រព្រឹត្តទៅដោយមានការចូលរួម ពីវាគ្មិន ក៏ដូចជាអតីតនិស្សិតអាហារូបករណ៍ទៅក្រៅប្រទេស ដែលបានផ្តល់នូវគន្លឹះ និងបទពិសោធន៍ល្អៗជាច្រើនដល់អ្នកចូលរូមផងដែរ។ ពិព័ណ៍ការសិក្សានេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកល វិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពីទូទាំងអូស្ត្រាលី ដែលអាចផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា ការរស់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។ បន្ថែមទៀតនោះក៏មានវត្តមានរបស់មន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាផ្នែក ទិដ្ឋាការ ក៏នឹងចូលរួមពិព័ណ៍ការសិក្សានេះផងដែរ។ ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួម ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ លោកបន្តថា សិស្សដែលមានបំណងទៅសិក្សានៅអូស្ត្រាលី ត្រូវមានចំណេះដឹងភាសាអង់គ្លេសអាយអិលចាប់ពីកម្រិត៦,៥ឡើងទៅ ប៉ុន្តែបើផ្នែកពេទ្យឬសំណង់ស៊ីវិល ពិន្ទុភាសាអង់គ្លេសអាយអិលចាប់ពី៧,០ ។ លោកបញ្ជាក់បន្ថែមថា បើពិន្ទុមិនដល់ ត្រូវសិក្សាបំប៉នបន្ថែមនៅអេស៊ីអី ឬក៏ទៅសិក្សានៅបរទេស ដើម្បីឲ្យចំណេះដឹងភាសាអង់គ្លេសរហូតដល់កម្រិត។ ហើយរហូតមកដល់ពេលនេះមានសិស្សនិស្សិតប្រមាណ២០០០នាក់បានទៅបន្តការសិក្សានៅអូស្ត្រាលី តាមរយៈអាយឌីភីនិងអាហារូបករណ៍។ លោកបន្តថា នៅឆ្នាំ២០១៧ និង២០១៨នេះ គឺមានសន្ទុះកើនខ្លាំងប្រមាណ៣០ភាគរយជាមួយកូនសិស្សទៅបន្តការសិក្សានៅអូស្ត្រាលី នៅថ្នាក់បឋមសិក្សា ថ្នាក់មុនចូលមហាវិទ្យាល័យ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តាំងពីឆ្នាំ ១៩៩៤។ ស្ថាប័ន IDP Education ក៏បញ្ជូន សិស្ស និស្សិត ទៅសិក្សានៅ កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP Education ដោយឥតគិតថ្លៃ។
IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើងដោយ សាកលវិទ្យាល័យទាំង ៣៨ របស់ប្រទេសអូស្រា្តលី៕ ដោយ៖កូឡាប