ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីលួចលាក់ថតភាពឯកជននៅតាមសណ្ឋាគារ បានកើតឡើងជាច្រើននៅក្នុងប្រទេសចិន ដែលក្លាយជាបញ្ហាដ៏គួរឱ្យភ័យខ្លាច និងខឹងសម្បារយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៨ គូស្នេហ៍មួយគូក៏បានក្លាយជាជនរងគ្រោះនៃការថតសម្ងាត់នេះ ដែលធ្វើឱ្យពួកគេមានទុក្ខជាខ្លាំង និងដិតដាមក្នុងអារម្មណ៍ដូចខ្មោចលងអ៊ីចឹង។
យោងតាមសារព័ត៌មាន Sohu News លោក Zhang ដើមឡើយរស់នៅទីក្រុងប៉េកាំង។ ដើម្បីប្រារព្ធខួបនៃការស្រលាញ់គ្នា១ឆ្នាំ លោក Zhang និងមិត្តស្រី បានសម្រេចចិត្តធ្វើដំណើរទៅទីក្រុង Suzhou ខេត្ត Jiangsu។ មុនពេលធ្វើដំណើរ លោក Zhang បានកក់បន្ទប់រយៈពេល៣ថ្ងៃ នៅសណ្ឋាគារលំដាប់ខ្ពស់ ដែលមានតម្លៃថ្លៃគួរសម។
គូស្នេហ៍វ័យក្មេងមួយគូនេះ ស្ថិតក្នុងដំណាក់កាលនៃស្នេហាងប់ងុល ដូច្នេះ ពួកគេតែងតែរួមភេទជារៀងរាល់យប់។ ៣ថ្ងៃក្រោយមក លោក Zhang និងមិត្តស្រី បានត្រឡប់ទៅទីក្រុងប៉េកាំងវិញ ពិតជានឹកស្មានមិនដល់ ខណៈមានរឿងមួយបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតដ៏សុខសាន្តរបស់គូស្នេហ៍វ័យក្មេងនេះយ៉ាងខ្លាំង។
នោះគឺ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Zhang បានត្រឡប់មកទីក្រុងប៉េកាំងវិញ មិត្តម្នាក់បានផ្ញើសារមក លោក Zhang ក៏បានបើកសារនោះ ហើយឃើញថាវាជាតំណភ្ជាប់ [Link] ទៅកាន់វីដេអូមួយ។ នៅពេលដែលបើកវាឡើង លោក Zhang ពិតមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាជាវីដេអូថតរូបភាព “ស្និទ្ធស្នាល” នៅពេលយប់រវាងគាត់ និងមិត្តស្រីរបស់គាត់។ រូបភាពឯកជនរបស់អ្នកទាំងពីរ ត្រូវបានគេយកមកធ្វើជាខ្សែភាពយន្តខ្នាតខ្លី ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើអ៊ីនធឺណិត។
វីដេអូនោះមានប្រវែងប្រហែល ៤០ នាទី ដែលបង្ហាញពីរូបភាពដ៏រសើបរបស់លោក Zhang ជាមួយមិត្តស្រីរបស់គាត់។ លោក Zhang បានទទួលស្គាល់ទិដ្ឋភាពក្នុងវីដេអូភ្លាមៗថា ពួកគាត់កំពុងនៅសណ្ឋាគារក្នុងក្រុង Suzhou ប៉ុន្មានថ្ងៃមុន។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះ គឺវីដេអូត្រូវបានអ្នកចូលជាង 40,000 ដង ហើយចំនួននោះនៅតែកើនឡើង។
ដោយមានការស្លុតចិត្តចំពោះរឿងនេះ លោក Zhang បានប្រញាប់ទូរស័ព្ទទៅសណ្ឋាគារក្នុងទីក្រុង Suzhou ដើម្បីសុំការពន្យល់។ ទោះបីជាយ៉ាងណា ភាគីខាងសណ្ឋាគារស្លូតត្រង់មិនដឹងរឿងអ្វីឡើយ។ ពួកគេបានបញ្ជាក់ប្រាប់លោក Zhang ថា បុគ្គលិករបស់សណ្ឋាគារនឹងមិនធ្វើរឿងថោកទាបបែបនេះឡើយ ហើយបានសន្យាថានឹងធ្វើការជាមួយលោក Zhang ដើម្បីដោះស្រាយបញ្ហានេះ។
បន្ទាប់មក លោក Zhang បានរាយការណ៍ទៅប៉ូលីសភ្លាមៗ ដើម្បីសុំជំនួយ។ តាមរយៈ ID នៃវីដេអូអនឡាញ ប៉ូលីសបានតាមដានតម្រុយ ហើយទីបំផុតចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលមនុស្សមានជំនាញក្នុងការថតដោយសម្ងាត់ នូវរូបភាពឯកជនរបស់អ្នកដ៏ទៃ ហើយបន្ទាប់មកចែកចាយវាក្នុងគោលបំណងដើម្បីរកប្រាក់ចំណេញ។
ប៉ូលីសក៏បានត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងបន្ទប់សណ្ឋាគារ ក្នុងទីក្រុង Suzhou ជាកន្លែងដែលលោក Zhang និងមិត្តស្រីរបស់គាត់ធ្លាប់ស្នាក់នៅ ហើយនៅទីបំផុតបានរកឃើញកាមេរ៉ាដែលបង្កប់ទុកក្នុងនោះ។ កាមេរ៉ានោះ គឺតូចខ្លាំងណាស់ ត្រូវបានគេដំឡើងនៅជ្រុងនៃបន្ទប់ ហើយលាក់បាំងនៅក្នុងដើមឈើពណ៌បៃតងយ៉ាងឆ្លាតវៃ ដើម្បីកុំឱ្យ Zhang និងមិត្តស្រីរបស់គាត់ ចាប់អារម្មណ៍រកឃើញវា។
ទោះបីជាឧក្រិដ្ឋជនត្រូវបានចាប់ខ្លួនក៏ដោយ ក៏លោក Zhang និងជាពិសេសមិត្តស្រីរបស់គាត់ នៅតែតក់ស្លុត និងការលងបន្លាចនេះ។ មិត្តស្រីបានស្រក់ទឹកភ្នែក នៅពេលដែលរូបភាពដ៏រសើបរបស់នាង ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត និងឃើញដោយមនុស្សជាច្រើន ធ្វើឱ្យខូចកិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង