បច្ចុប្បន្ននេះ ឃើញថា ករណីចោរមានគ្រប់រូបភាពតែម្តង មិនថា លួច ឆក់ ប្លន់ទេ។ តែទន្ទឹមនឹងករណីនេះ ការបោកប្រាស់តាមទូរស័ព្ទ ឬ អ៊ីនធើរណែត ក៏មានច្រើនជាហូរហែរ ដោយមិនដឹងថា ក្នុងមួយថ្ងៃៗ ជនជំនាញខាងស្ទីលឆរបោកដដែលៗថា «ត្រូវរង្វាន់ធំ» ពីធនាគារនេះ ធនាគារនោះ ដើរបោកប្រាស់ប្រជាពលរដ្ឋ ដែលមានការលោភលន់ ខ្វះការពិចារណា អស់ប៉ុន្មាននាក់នោះទេ។
ទោះជាយ៉ាងណា ស្ទីលបោកប្រាស់ដដែលៗនេះ ក៏តែងបានធ្វើឲ្យជនជំនាញខាងបោកទាំងនោះ ចុងក្រោយ បានត្រឹមផ្ទុះកំហឹង ជេរប្រទេច ជាមួយបងប្អូនប្រជាពលរដ្ឋ ជារឿយៗ បន្ទាប់ពីព្យាយាមនិយាយអូសទាញមិនបានសម្រេច ព្រោះប៉ះចំអ្នកដឹងច្បាស់ពីល្បិចបោកនេះ។
ដោយឡែក ករណីមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង បន្ទាប់ពីបានឃើញជនឆរបោកម្នាក់ បានឆាតទៅចង់ធ្វើស៊ី តែបែរប៉ះចំអ្នកធ្វើការនៅធនាគារតែម្តង។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Marin Ya ដែលគាត់ជាអ្នកធ្វើការនៅធនគារអេស៊ីលីដា បានផ្តាំទៅជនឆរបោកនោះ និងក៏ដូចបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា៖ «ចោរសម័យ Digital‼️ សូមជម្រាបថា ធនាគារ អេស៊ីលីដា ពុំមានការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនទេ ធនាគារ ក៏ពុំមានបុគ្គលិកតេ ឬឆាតទៅសួរថ្ងៃខែឆ្នាំកំណើត ឬ លេខសម្ងាត់របស់អតិថិជនទេ សូមប្រយត្ន័ករណីជនឆបោក»។
ជាក់ស្តែង តាមរយៈបណ្តាញតេឡេក្រាមជនឆរបោក ដែលបង្កើតក្លែងក្លាយដាក់ឈ្មោះថា ធនាគារអេស៊ីលីដា បានឆាតមកដំបូងថា «ចែករង្វាន់ 1,000$ ចំនួន 5 រង្វាន់ សម្រាប់អតិថិជនប្រើប្រាស់គណនីអេស៊ីលីដា, សួស្តី បងស្រី តើបងជាម្ចាស់គណនីអេស៊ីលីដា 096….. ដែរមែនឬទេ?»។ បន្ទាប់មក គាត់ក៏បានឆ្លើយតបថា «ច៎ា ជំរាបសួរខ្ញុំហ្នឹងហើយ ម្ចាស់គណនីរបស់ខ្ញុំ»។
តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺចុងក្រោយ ជនឆរបោកនោះ ក៏សរសេរបញ្ជាក់បែបនេះថា៖ ដើម្បីអាចទទួលយកប្រាក់រង្វាន់ 1000$ បាន លុះត្រា តែផ្តល់ព័ត៌មានលេខគណនីអេស៊ីលដា ឲ្យបានត្រឹមត្រូវជាមុនសិន ដូចជាឈ្មោះ ថ្ងៃ ខែ, ឆ្នាំកំណើត និងសំខាន់បំផុតនោះ គឺត្រូវប្រាប់ «លេខកូដសម្ងាត់» ដែលគ្រាន់តែលឺហើយ ពិតជាហួសចិត្តខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង