រឿងរ៉ាវខ្សែជីវិតដ៏កំសត់របស់ក្មេងស្រីតូចម្នាក់ និងលោកយាយរបស់នាងដែលពិការភ្នែក ត្រូវបានបង្ហោះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានទទួលការចាប់អារម្មណ៍ ជាមួយក្តីអាណិត និងការកោតសរសើរទៅដល់ក្មេងស្រីតូចម្នាក់នេះជាខ្លាំង ព្រោះនាងទើបមានអាយុ ៤ ឆ្នាំ ទេ តែនាងពិតជាមានគុណតម្លៃ និងភាពកតញូចំពោះលោកយាយរបស់នាងខ្លាំងណាស់។
កុមារីរូបនេះដែលមានឈ្មោះ ណង តៃ អាយុ ៤ ឆ្នាំ ជាសិស្សសាលាមត្តេយ្យ២ នៃសាលា ម៉ាកខែម ថានថាវ៉ាន់ ឃុំតាសៅ ស្រុក ហួអាយ រ៉ាត ខេត្ត បូរីរាំ រស់នៅជាមួយជីដូនឈ្មោះ ណាង សៅ អាយុ ៦៨ ឆ្នាំ ស្ថិតនៅក្នុងផ្ទះដំបូលសង័្កសី ជញ្ជាំងខាងក្រោមហ៊ុំព័ទ្ធដោយឈើ។
នាងតូច ណង តៃ ជារៀងរាល់ថ្ងៃ គឺបន្ទាប់វិលត្រឡប់ពីសាលារៀនវិញ នាងត្រូវរ៉ាប់រងការងារផ្ទះគ្រប់សព្វបែបយ៉ាង ដូចជាអង្គុយលាងចានដោយខ្លួនឯង និងជួយជីដូនបោកខោអាវ ជាដើម។ ចំណែកជីដូនវិញ រាល់ព្រឹក គាត់នឹងប្រើឈើច្រត់នាំផ្លូវ ដើម្បីជូនចៅស្រីចៅទៅសាលាផងដែរ។ យាយចៅទាំងពីរ បានរួចរស់ជីវិតមកដល់សព្វថ្ងៃ គឺដោយសារបានប្រាក់សោធននិវត្តន៍របស់លោកយាយ និងការជួយពីអ្នកជិតខាង។
លោកយាយ ណាង សៅ បាននិយាយថា គាត់បានចិញ្ចឹមចៅស្រីតាំងពីនាងនៅតូចម្ល៉េះ ដោយសារឪពុករបស់នាងទៅធ្វើការនៅខេត្តផ្សេង មិនដែលផ្ញើលុយទេ ចាប់តាំងពីឆ្នាំ២០២១ មក។ លោកយាយ សៅ ក៏បានឲ្យដឹងថា គាត់ត្រូវដូងធ្លាក់ចំក្បាល ហើយក្រោយមកត្រូវបានពិការភ្នែកទាំងសងខាងតែម្តង។ ពេលនោះ ណង តៃ មានអាយុ ៣ ឆ្នាំ ហើយបានមើលថែជីដូនតាំងពីពេលនោះមក។ ជារៀងរាល់ថ្ងៃ នាងដាំបាយ ចម្អិនម្ហូប និងធ្វើអ្វីៗគ្រប់យ៉ាងនៅផ្ទះបង្រៀនដោយខ្លួនឯង។ គាត់ពិតជាអាណិតស្រីចៅណាស់ ព្រោះបន្ទាប់នាងត្រូវកាន់ឈើនាំយាយទៅសាលាជាមួយ ដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រ មកដល់ផ្ទះ នាងត្រូវរ៉ាប់រងការជាច្រើនទៀត។
អ្នកស្រី ផាតឆារីន អ៊ីសាទី អាយុ ៣៤ ឆ្នាំ ជាគ្រូបង្រៀនរបស់ ណង តៃ បាននិយាយថា បន្ទាប់ពីបានដឹងថា នាងរស់នៅជាមួយជីដូនពិការរបស់នាងតែម្នាក់ឯងបែបនេះ អ្នកស្រីក៏បានចុះមកមើល ហើយពិតជាឃើញក្មេងស្រីតូចដ៏កំសត់នេះ កំពុងលាងចាន និងធ្វើការងារផ្សេងទៀត ដែលឃើញហើយពិតជាគួរឲ្យអាណិត។ ជាមួយគ្នានោះ អ្នកគ្រូ ផាតឆារីន ក៏បាននាំមកជាមួយអំណោយស្បៀងអាហារមួយចំនួន ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់យាយចៅទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង