ដីកាចាប់ខ្លួនត្រូវបានចេញកាលពីម្សិលមិញ សម្រាប់ម្ចាស់ទូកទេសចរណ៍ Phoenix ដែលបានលិចនៅឯភូកេត កាលពីដើមខែនេះ និងបណ្តាលឱ្យមនុស្ស ៤៧ នាក់ស្លាប់ ។
ប្រសិនបើគាត់ត្រូវបានផ្តន្ទាទោស នោះគាត់អាចត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ទៀតផង ។
តុលាការខេត្តភូកេត កាលពីម្សិលមិញ បានអនុម័តលើដីកាចាប់ខ្លួនស្ត្រីឈ្មោះ Woralak Rerkchaikan អាយុ ២៦ ឆ្នាំ និងមេកាមើលថែទូកឈ្មោះ Ornjan Kanhayotee អាយុ ៥៦ ឆ្នាំ ដែលកំពុងជាប់ឃុំឃាំងរួចហើយ ។
ចំណែកនាយនាវាទូក ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី៥ ខែកក្កដា ។
Woralak និង Ornjan ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសដល់អ្នកដទៃទៀត ។
Phoenix ដែលត្រូវបានដំណើរការដោយក្រុមហ៊ុន TC Blue Dream ត្រូវបានគេចោទប្រកាន់ថា បានចូលក្នុងសមុទ្រ ទោះបីជាមានការព្រមានពីលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់យ៉ាងណាក៏ដោយ ។
ទោះបីជាអ្នកទេសចរខ្លះនៅលើទូកនោះ បានជួយសង្គ្រោះដោយសុវត្ថិភាពក៏ដោយ តែមនុស្ស ៤៧ នាក់ទៀត បានលង់ទឹកស្លាប់យ៉ាងអាណោចអាធមបំផុត ។
Woralak ដែលបានរៀបការជាមួយបុរសចិនម្នាក់ មានភាគហ៊ុនជាង 90% នៅក្នុងក្រុមហ៊ុននេះ ៕ ឧត្តម