ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ដែលចោរបរទេសមួយក្រុម បានចូលលួចបច្ច័យព្រះសង្ឃខ្មែរ អស់ពីក្នុងកុដិរលីង ស្ថិតនៅវត្ត រតនរង្សី រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីវេលាម៉ោងជិត ១០ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
នេះបើយោងតាមគណនីហ្វេសប៊ុកព្រះសង្ឃ Mam Saravuthea Watt RattanakRaingsey នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញអំពីសកម្មភាពក្រុមចោរលួច ស្ថិតក្នុងសំលៀកបំពាក់ខ្មៅ ឬហៅថាចោរលំដាប់ VIP មានគ្នាប្រមាណ៤នាក់ បានជញ្ជូនហិបលុយដាក់ទៅក្នុងឡានចំនួន ៣ ហិប បើកឡានចាកចេញទៅដោយសុវត្ថិភាព ស្របពេលមានមនុស្ស២នាក់ បាននាំគ្នារត់ដេញតាម តែតាមមិនទាន់ ដោយបានត្រឹម «ជូនដំណើរ» ចោរប៉ុណ្ណោះ។
ព្រះសង្ឃខាងលើ ក៏បានប្រាប់ឲ្យដឹងថា ខណៈហេតុការណ៍នេះកើតឡើង ព្រះអង្គពុំបាននៅកុដិទេ ដោយជាប់រវល់នៅសាលាបុណ្យ។ ទោះជាយ៉ាងណា ព្រះសង្ឃពុំបានបញ្ចេញឲ្យដឹង ពីទំហំបច្ច័យដែលបានបាត់បង់នោះទេ តែគេជឿថា អាចមានចំនួនច្រើនម៉ឺនដុល្លារ
ទាក់ទងករណីក្រុមចោរចូលលួចលុយយ៉ាងស្រួលៗនេះផងដែរ គេក៏ជឿថា ពួកចោរច្បាស់ជាដឹងថាអ្វីៗនៅកន្លែងណា ហើយរឿងនេះអាចអ្នកដែលធ្លាប់នៅក្នុងវត្តពីមុន គឺជាផ្នែកនៃកិច្ចការនេះ និងរៀបចំផែនការយ៉ាងល្អ ឬអាចនិយាយថា មកពីមានខ្មោចក្នុងមិនដៃ ទើបខ្មោចក្រៅចូលបាន។ ជាពិសេស ពួកគេបានធ្វើសកម្មភាព គឺនៅពេលដឹងថា នៅក្នុងវត្តមានរវល់កម្មពិធីបុណ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង