វីដេអូល្បីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលបង្ហាញអ្នកដឹកជញ្ជូនម្នាក់ បានលោតពីលើស្ពាន ដើម្បីជួយសង្រ្គោះស្ត្រីម្នាក់ដែលកំពុងលង់ទឹក មិនគិតពីគ្រោះថ្នាក់ អាយុជីវិតខ្លួនឯង ពុំត្រឹមទទួលការកោតសរសើរយ៉ាងខ្លាំងទេ គឺថែមទាំងទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភដ៏ធំធេងពីអាជ្ញាធរ ជាពិសេសពីក្រុមហ៊ុនដឹកជញ្ជូនរបស់គាត់។
តាមរយៈវីដេអូ បានបង្ហាញបុរសអ្នកដឹកជញ្ជូនរូបនោះ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវយឺត និងខោខ្មៅ បានកាន់បង្កាន់ដៃស្ពាន Xixing ដែលមានកម្ពស់ ១២ ម៉ែត្រ មុនពេលលោតចុះទៅក្នុងទន្លេ។ បន្ទាប់ងើបពីក្នុងទឹក គាត់បានហែលសំដៅស្រ្តីនោះភ្លាមៗ និងបានចាប់ ហើយនាំនាងទៅកាន់ផែដែលនៅជិតបំផុត ដើម្បីសុវត្ថិភាព។
ទោះជាយ៉ាងណា មួយសន្ទុះក្រោយមក ទូកសង្គ្រោះបន្ទាន់មួយ ដែលត្រូវបានហៅឲ្យមកជួយដោយអ្នកមើល ត្រូវបានឃើញបើកយ៉ាងលឿន ឆ្ពោះទៅរកអ្នកទាំងពីរ ហើយលើកពួកគេឡើង។
យោងតាមសារព័ត៌មាន China Daily បុរសរូបនោះដែលមានឈ្មោះ Peng Qinglin អាយុ ៣១ ឆ្នាំ បាននិយាយថា «ខ្ញុំកំពុងធ្វើដំណើរដើម្បីចែកចាយការបញ្ជាទិញ ដោយជិះកង់អគ្គិសនីរបស់ខ្ញុំឆ្លងកាត់ស្ពាន។ ខ្ញុំបានទទួលការបញ្ជាទិញដំបូង នៅថ្ងៃដែលខ្ញុំបានឮការអំពាវនាវឱ្យជួយ»។
Peng បន្តថា «ខ្ញុំបានដោះវ៉ែនតា ស្បែកជើង និងទូរស័ព្ទ ហើយលោតចូលទៅក្នុងទន្លេ។ ពិតណាស់ ខ្ញុំមានការភិតភ័យបន្តិច ព្រោះស្ពានមើលទៅខ្ពស់ណាស់ ប៉ុន្តែនាងស្ទើរត្រូវបានលិចចូលក្នុងទឹកទៅហើយ ដែលជាហេតុធ្វើឲ្យមិនអាចឈរមើលបានទេ»។
មន្រ្តីប៉ូលីសដែលបានជួយក្នុងការជួយសង្គ្រោះនេះផងដែរ បានឲ្យដឹងថា ពាក្យដំបូងដែល Peng បាននិយាយបន្ទាប់ពីគាត់ និងស្ត្រីនោះដែលលង់ទឹក ត្រូវបាននាំយកដល់លើគោកដោយសុវត្ថិភាព ដោយគាត់បានប្រាប់ថា “តាមពិតទៅ ការដឹកជញ្ជូនរបស់របស់ខ្ញុំ បានយឺតហើយ”។
ជាសំណាងល្អ អតិថិជនរបស់គាត់មានការយោគយល់ និងអភ័យទោសឲ្យ បើទោះបីជាការបញ្ជាទិញត្រូវបានប្រគល់ឱ្យលើសពី ១០ នាទី យឺតជាងពេលវេលាដែលត្រូវការក៏ដោយ។
តែបើទោះបីជាមានការទទូចថា គាត់មិនអីក៏ដោយ Peng ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវបានគេរកឃើញថា បានទទួលរងពីការបាក់ឆ្អឹងកងខ្នង។ ប៉ុន្តែ ដោយសារមិនត្រូវការវះកាត់នោះ Peng ត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល ៧ ទៅ ១០ ថ្ងៃ។
លោក Zhang Wei ប្រធានមន្ទីរពេទ្យ Zhejiang Xinhua ដែលលោក Peng កំពុងទទួលការព្យាបាលបានពន្យល់ថា “កម្ពស់ និងផ្លូវដែលគាត់បានលោតចូលទៅក្នុងទន្លេ មានន័យថា គាត់ស៊ូទ្រាំនឹងផលប៉ះពាល់ដ៏ធំធេងពីទឹក” ។
តែទន្ទឹមនឹងភាពក្លាហាន និងមិនគិតតែពីខ្លួនឯងបែបនេះ អាជ្ញាធរប៉ូលីសក្រុង Hangzhou បានផ្តល់រង្វាន់ដល់ Peng នូវងារជា “អ្នកជួយមនុស្សដ៏ល្អ” និងរង្វាន់ជាសាច់ប្រាក់ចំនួន 30,000 យ័ន (ស្មើ ៤,០០០ ដុល្លារ)។
ចំណែកក្រុមហ៊ុនដឹកជញ្ជូនដែល Peng ធ្វើការឱ្យ ក៏បានប្រគល់ជូនគាត់នូវរង្វាន់ជាសាច់ប្រាក់ចំនួន 50,000 យន់ (ស្មើជិត ៧,០០០ ដុល្លារ) និងឱកាសដើម្បីសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃទៀតផង។
ជាមួយគ្នានេះផងដែរ Peng ក៏បាននិយាយថា៖ “ខ្ញុំគ្រាន់តែជាអ្នកដឹកជញ្ជូន ដូចអ្នកផ្សេងទៀតដែរ។ ប្រសិនបើខ្ញុំជួបអ្នកដែលមានគ្រោះថ្នាក់ ខ្ញុំអាចនៅស្ងៀមទេ នឹងលើកដៃជួយគេហើយ»។
យោងតាមលោក Chengshi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់កាសែត Dushi Kuaibao ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ស្ត្រីដែលត្រូវបានជួយសង្គ្រោះនោះ បានសារភាពថា នាងចង់បញ្ចប់ជីវិតដោយសារតែ “ភាពតានតឹងក្នុងជីវិតគឺលើសលប់ពេក” ។
នាងក៏បានយំដោយនិយាយថា នាងមិនដែលរំពឹងថានឹងមាននរណាម្នាក់មកជួយសង្គ្រោះនាងឡើយ ហើយបានសម្តែងការដឹងគុណរបស់នាង ចំពោះ Peng ដែលបាន “ឆក់យកនាងមកវិញ” ហើយ “នាងនឹងសន្យាឈប់គិតខ្លីបែបនេះទៀតហើយ ទោះជាបែបណាក៏ដោយ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង