Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឃើញ​ផ្សែង​ខៀវ ហុយចេញ​ពី​ផ្នូរ​ដូន​តា ហៅ​អ្នកជំនាញ​មក​មើល ភ្ញាក់ផ្អើល​ខ្លាំង ពេល​រក​ឃើញ​ការពិត​ស្ថិតនៅ​ពីក្រោយ «បាតុភូត» នេះ

យោងទៅតាមជំនឿដែលមានតាំងពីយូរយារណាស់មកហើយ ជនជាតិចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការពិធីបុណ្យសព និងការបញ្ចុះសព ហើយជឿយ៉ាងខ្លាំង ចំពោះរឿងខាងវិញ្ញាណទាក់ទងនឹងការស្លាប់ ជាពិសេសនៅតាមជនបទ។ ហេតុដូច្នេះហើយ បានជាគ្រួសារមួយនៅស្រុក Chongyang ទីក្រុង Hamning ខេត្ត Hubei ប្រទេសចិន មានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានរកឃើញបាតុភូតចម្លែកមួយពីផ្នូររបស់ដូចតារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការពិតនៅពីក្រោយបាតុភូតនោះ បានធ្វើឱ្យពួកគេភ្ញាក់ផ្អើលកាន់តែខ្លាំង។

ទាក់ទងរឿងដ៏ចម្លែកនេះ នៅក្នុងឆ្នាំ២០១៨ បុរសម្នាក់ឈ្មោះ តុន ខណៈកំពុងធ្វើការនៅចំការ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញផ្នូររបស់ដូនតានៅលើភ្នំ ស្រាប់តែហុយផ្សែងពណ៌ខៀវដ៏អាថ៌កំបាំង។ លោក តុន បាននិយាយថា ដូនតារបស់លោកធ្លាប់ជាអ្នកមាន និងអ្នកមានអំណាច ប៉ុន្តែក្រោយមក បានផ្លាស់ទៅរស់នៅតំបន់ភ្នំដាច់ស្រយាលនេះ ដោយសារសង្គ្រាម និងហេតុផលមួយចំនួនទៀត។

ពេលឃើញផ្សែងខៀវហុយចេញពីផ្នូរដូនតា លោក តុន បន្ទាប់ពីមានការភ្ញាក់ផ្អើល ក៏បានគិតថា ដូនតាលេចចេញមក នេះជាសំណាងដ៏អស្ចារ្យ។ តាម​គោល​គំនិត​របស់​អ្នក​ស្រុក ការ​សែន​ព្រេន​របស់​ដូនតា ​អាច​ជួយ​កូនចៅ​ឱ្យ​មាន​ភាព​ចម្រុងចម្រើន ​ក្នុង​ការ​រកស៊ី មាន​លាភ​សំណាង និង​មាន​សុភមង្គល​។ លោក តុន ត្រឡប់មកផ្ទះវិញភ្លាម បានប្រាប់រឿងនេះដល់ក្រុមគ្រួសារ ហើយនៅថ្ងៃបន្ទាប់ ពួកគេបានឡើងភ្នំជាមួយគ្នា ដើម្បីទៅលេងផ្នូរដូនតា។

យ៉ាងណាក៏ដោយ ពេលឡើងទៅដល់កន្លែងពិនិត្យយ៉ាងយកចិត្តទុកដាក់ លោក តុន និងក្រុមគ្រួសារ បានរកឃើញថា ផ្សែងខៀវដែលហុយចេញពីផ្នូរនោះ មិនមែនជាបាតុភូតអព្ភូតហេតុទាល់តែសោះ។ លោក តុន បាន​រក​ឃើញ​រណ្តៅ​ធំ ៤-៥ ក្បែរ​ផ្នូរ​ដូនតា​របស់លោក ហើយ​បាន​ប្រាប់​ប៉ូលិស​ភ្លាមៗ។ ពេលប៉ូលីសទៅដល់កន្លែងកើតហេតុ និងពិនិត្យយ៉ាងដិតដល់ ទើបគេជឿថា ប្រហោងនោះបណ្តាលមកពីការផ្ទុះ ដែលជាមូលហេតុនៃផ្សែងពណ៌ខៀវកើតឡើងផងដែរ។

ទោះជាយ៉ាងណា ប៉ូលីសជឿថា អ្នកវាយប្រហារដោយដាក់ [រំសេវឱ្យផ្ទុះ] មិនបានកំណត់គោលដៅផ្នូរដូនតារបស់លោក សុន ទេ ប៉ុន្តែត្រូវតែមានអ្វីផ្សេងទៀតនៅក្រោម។ ដូច្នេះ​ហើយ​បាន​ទាក់ទង​អ្នក​បុរាណវិទ្យា​ឲ្យ​ជួយពិនិត្យ។

នៅពេលដែលអ្នកជំនាញមកដល់ ពួកគេបានរកឃើញផ្លូវមួយ ហើយបានរកឃើញការពិតថា មានផ្នូរបុរាណមួយស្ថិតនៅខាងក្រោមផ្នូររបស់បុព្វបុរស នៃគ្រួសារលោក តុន ។ ការផ្ទុះនេះបានកើតឡើង គឺដោយសារតែផ្នូរបុរាណនោះ ត្រូវបានរកឃើញដោយពួកក្រុមចោរប្លន់ផ្នូរតែម្តង។ ដូច្នេះ​ហើយ​ទើប​មន្ត្រី​ជំនាញ​ស្នើ​ឲ្យ​បិទ​ភ្នំ​ទាំង​មូល​ដើម្បី​ការពារ​ផ្នូរ​បុរាណ​កុំ​ឲ្យ​មានការ​រំលោភ​បំពាន និង​ប៉ះពាល់​។

តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ និង​ការ​ជីក​កកាយ​ អ្នក​ជំនាញ​បាន​និយាយ​ថា ​នេះ​ជា​ផ្នូរ​បុរាណ​ដែល​មាន​អាយុកាល​តាំង​ពី​រាជវង្ស​សុង ​កាលពី​៨០០​ ដល់​៩០០​ឆ្នាំ​មុន​។ ទោះជាយ៉ាងណាក៏ដោយ ក្រុមចោរប្លន់ផ្នូរបានយកវត្ថុបុរាណស្ទើរតែទាំងអស់នៅខាងក្នុង ដោយបន្សល់ទុកតែវត្ថុបុរាណមួយចំនួន ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ តម្លៃបុរាណវិទ្យានៃផ្នូរបុរាណនេះ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

លោក តុន បន្ត​ថា ផ្នូរ​ដូនតា​ត្រូវ​បាន​គេ​រំលោភ ​និង​ជីក ធ្វើ​ឲ្យ​លោក​ខឹង​សម្បារ​យ៉ាង​ខ្លាំង ព្រោះ​វា​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​ទាំង​មូល។ លោក តុន យល់ថា នេះគឺអំពើចោរកម្មដ៏សាហាវណាស់ ហើយសង្ឃឹមថា អាជ្ញាធរអាចពង្រឹងការស៊ើបអង្កេត និងបង្រ្កាប ដើម្បីកុំឱ្យបទល្មើសនេះកើតឡើងម្តងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×