Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្នុង​ឆមាស​ទី​១​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីកចម្រើន ជាមួយ​នឹង​កំណើន រឹងមាំ វិស័យ​ទេសចរណ៍ និង​សំណង់​

​ភ្នំពេញ ៖ លោក ជា ចាន់តូ បានបញ្ជាក់​ថា ក្នុង​ឆមាស​ទី​១​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីកចម្រើន ប្រកប​ដោយ​ភាពជឿជាក់ ជាពិសេស​ក្នុង​វិស័យ​នាំចេញ និង​ទេសចរណ៍ ជាមួយ​នឹង​កំណើន រឹងមាំ នៃ​វិស័យ​សំណង់ និង​ការបន្ត​ងើប​ឡើង នៃ​វិស័យ​កសិកម្ម ដែល​នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨ អាច​រក្សា​បាន​ល្បឿន​ខ្ពស់​រឹងមាំ​។​

​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ធនាគារជាតិ​នៃ​កម្ពុជា រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៨ នៅ​អគា​រធនាគារជាតិ​នៃ​កម្ពុជា លើផ្លូវ​ហាណូយ ក្រោម​អធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ។​

​លោក ជា ចាន់តូ​៖ ក្នុងនាម​ជា​អាជ្ញាធរ​រូបិយវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​រក្សា​ស្ថិរភាព​ថ្លៃ ដោយ​បាន​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន ស្រប​តាម​ការវិវត្ត​ទីផ្សារ ជាមួយ​ការពង្រឹង​ប្រសិទ្ធភាព នៃ​គោលនយោបាយ​រូបិយវត្ថុ​ជា​លំដាប់​។ ការបន្ត​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ឱ្យ​កាន់តែ​ទូលំទូលាយ នៅតែ​ជា​កត្តា​ចាំបាច់​សម្រាប់​លើកកម្ពស់ ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ហើយ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន គឺជា​កត្តា​កំណត់​នៃ​ភាព​ជោគជ័យ​នេះ​។ ក្នុងនាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា បាន​រួមចំណែក​រក្សា​ស្ថិរភាព និង​អភិវឌ្ឍ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។ ជាក់ស្តែង វិស័យ​ធនាគារ​បាន​និង​កំពុង​ដើរតួនាទី​ស្នូល ក្នុង​ការគាំទ្រ​កំណើនសេដ្ឋកិច្ច ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​។

​ការរួមចំណែក​នេះ​ត្រូវបាន​ធ្វើឡើង តាមរយៈ​ការផ្តល់​សេវា​ហិរញ្ញវត្ថុ ដល់​ក្រុមហ៊ុន សហគ្រាស និង​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​និង​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច ដែល​បាន​រួមចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ លើកកម្ពស់​សមធម៌ និង​ប្រសិទ្ធភាព ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សុខភាព​ល្អ​ប្រសើរ ហើយ​ហានិភ័យ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ ស្ថិតក្នុង​កម្រិត​ទាប​និង​អាច​គ្រប់គ្រង​បាន​។​

​លោក ជា ចាន់តូ បានបញ្ជាក់​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ធនាគារជាតិ​នៃ​កម្ពុជា សម្រេច​បិទ​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ប្រតិបត្តិ​ក្នុងប្រទេស​កម្ពុជា​ចំនួន​៥០ ដោយសារ​តែ​គ្រឹះស្ថាន​ទាំងនោះ មិន​គោរព​តាម​បទ​បញ្ញា​តិ្ត និង​ច្បាប់ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​៥០​ដែល​ត្រូវ​បាន​សម្រេច​បិទ មិន​ឲ្យ​បន្ដ​ប្រតិបត្តិការ​នេះ ធនាគារជាតិ​នៃ​កម្ពុជា មិនទាន់​បាន​បញ្ជាក់​ឈ្មោះ​គ្រឹះស្ថាន​នីមួយៗ​នៅឡើយ​ទេ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ជា ចាន់តូ បាន​លើកឡើង​ថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ខិតខំ​ដាក់ចេញ​នូវ វិធានការ​ម៉ាក្រូ ប្រុង​ប្រយ័ត្ន​ជា​បន្ដ​បន្ដាប់​ដូចជា ការកំណត់​ទ្រនាប់​ដើមទុន ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​សន្ទនីយ​ភាព និង​ការពង្រឹង​ការផ្ដល់​វិញ្ញាបនបត្រ​ចំពោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ជាដើម សំដៅ​កាត់បន្ថយ​ការប្រែប្រួល ទៅតាម​វដ្ដ​សេដ្ឋកិច្ច និង​បង្កើន​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​។​

​លោក​បានឲ្យដឹងថា “​ក្នុង​ឆមាស​ទី​១​នេះ សេដ្ឋកិច្ច​កម្ពុជា បាន​បន្ដ​រីកចម្រើន​ជា​បន្ដបន្ទាប់ ពិសេស​លើ​វិស័យ​នាំចេញ និង​ទេសចរណ៍ ជាមួយ​នឹង​កំណើន​ដ៏​រឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ដ​ងើប​នៃ​វិស័យ​កសិកម្ម ដែល​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចប​ន្ដ​កើនឡើង​យ៉ាង​ឆាប់រហ័ស​”​។​

​លោក​ក៏​បាន​បញ្ជាក់ទៀតថា ធនាគារជាតិ​នៃ​បាន​បង្កើន​ការយកចិត្តទុកដាក់ លើ​ការ​លើ​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន តាមរយៈ​ការផ្សព្វផ្សាយ​ការអប់រំ​នានា ការទទួល​ការហៅ​ចូល​តាម​ទូរស័ព្ទ ដើម្បី​សាកសួរ​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ព្រមទាំង​ការបញ្ជ្រាប់​ចំណេះដឹង​ហិរញ្ញវត្ថុ ទៅកាន់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោកស្រី​ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​៖ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​បន្ត​រក្សា​បាន​យ៉ាងរឹងមាំ ដោយ​កម្រិត​ទាប​នៃ​អត្រា​អតិផរណា ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​។ ចំណែក​វិស័យ​ធនាគារ ប្រព័ន្ធ​ធនាគារ​កម្ពុជា​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សុខភាព​ល្អ ហើយ​ហានិភ័យ​នានា​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោកស្រី បាន​បន្តថា នៅ​ឆ្នាំ​២០១៨ កំណើន​សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​សម្រេច​បាន ៧​ភាគរយ ដែល​គាំទ្រ​ដោយ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម​ម ១០,២​ភាគរយ សេវាកម្ម ៦,៥​ភាគរយ និង​កសិកម្ម ២​ភាគរយ​។ ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់ ៩,១​ប៊ី​លាន​ដុល្លារ និង​អាច​ធានា​ការ​នាំចូល​ទំនិញ​និង​សេវា​បាន​៦​ខែ ។ កម្រិត​នៃ​ទុនបម្រុង​អន្តរជាតិ បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគ​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ ជញ្ជីង​ទូទាត់​កម្ពុជា​បន្ត​មាន​អតិរេក ២៨៩,៤​លាន​ដុល្លារ (២,៤​ភាគរយ​នៃ​ផ​សស​) ដែល​មាន​កម្រិត​ទាប​ជាង​គ្រា​ដូចគ្នា​ឆ្នាំ (៨,៥​ភាគរយ​នៃ​ផ​សស​) ។ គណនី​ចរន្ត​មាន​ឱនភាព​ប្រមាណ ១,១​ប៊ី​លាន​ដុល្លារ ឬ​៩,៥​ភាគរយ​នៃ​ផ​សស ធៀប​នឹង​៨,៤​ភាគរយ​នៃ​ផ​សស គ្រា​ដូចគ្នា​ឆ្នាំមុន​។

​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើន​២៨,៤​ភាគរយ មាន​សមាមាត្រ ១០,៨​ភាគរយ នៃ​ផសស ធៀប​នឹង​១០,៥​ភាគរយ​នៃ​ផ​សស គ្រា​ដូចគ្នា​ឆ្នាំមុន​។ ក្នុង​ឆ្នាំ​២០១៨ អតិ​ផ​រណ​ត្រូវ​បាន​ព្យាករណ៍​ថា​មាន​កម្រិត ៣​ភាគរយ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៧ ដោយ​សន្មត​ថា ម្ហូបអាហារ​ឡើងថ្លៃ ៣,២​ភាគរយ ទាប​ជាង​ឆ្នាំ​២០១៧ ៣,៤​ភាគរយ ដោយសារ​ការ​ថមថយ​កំណើន​នៃ​ម្ហូបអាហារ ពី​ប្រទេស​ថៃ និង​វៀតណាម និង​កំណើន​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ស្រុក​។​

​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​កើនឡើង ៣,៧​ភាគរយ ខ្ពស់​ជាង​ឆ្នាំ​២០១៧ ២,១​ភាគរយ ដោយសារ​ការថយចុះ​ការផ្គត់ផ្គង់​ប្រេង​ពី​ប្រទេស​នាំចេញ​សំខាន់ៗ ។ អតិផរណា​ស្នូល​បន្ត​ស្ថិរភាព​ស្របតាម​និន្នាការ​កើនឡើង​នៃ​ចំណូល​របស់​ប្រជាជន​។ កំណើន​ឥណទាន​ថមថយ​បន្តិថ​ពី​១៧,៧​ភាគរយ​នៅ​ឆ្នាំ​២០១៧ មក​១៧​ភាគរយ​នៅ​ឆ្នាំ​២០១៨ និង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ ដែល​រំពឹង​ថា​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤០៥០៕ ​ដោយ​៖​កូឡាប​

×