គេហទំព័រ Hk01 បានរាយការណ៍រឿងរ៉ាវដ៏ហួសចិត្ត និងគួរឲ្យអស់សំណើចខ្លាំងមួយ ដែលបានកើតឡើងនៅលើរថភ្លើងក្រោមដីក្នុងខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣ គឺនៅពេលដែលស្ត្រីចំណាស់ម្នាក់ បានឈ្លោះប្រកែកឈានដល់វាយប្រតប់ជាមួយយុវជនម្នាក់ ផ្តើមចេញពីរឿងគាត់មិនពេញចិត្ត ខណៈឃើញបុរសរូបនោះឈរឱបជាមួយមិត្តស្រីរបស់ខ្លួន មិនចេះខ្មាសមនុស្សជុំវិញខ្លួន។
ពីឃ្លីបវីដេអូដែលថតបានដោយអ្នកនៅក្នុងហេតុនោះ បានបង្ហាញយុវជនម្នាក់ ពាក់អាវយឺតសគ្របពីលើអាវធំខ្មៅ កំពុងប្រឈមមុខជាមួយស្រ្តីចំណាស់ម្នាក់ ក្នុងសម្លៀកបំពាក់អាវក្រហមខ្មៅកំពុងអង្គុយទល់មុខ។ ស្រ្តីនោះបញ្ចេញកាយវិការរិះគន់ ហើយនិយាយថា “មើលគេឱបគ្នាអីយ៉ាប់ម្ល៉េះ ចង់ចង្អោរ!”។ យុវជននោះឆ្លើយថា «ហើយចុះ ម៉េចក៏មិនចង្អោរទៅមីង!» ។ មែនឯណា ស្រាប់តែស្រ្តីនោះក្តៅចិត្ត ធ្វើមែន ដោយស្ដោះទឹកមាត់លើកម្រាលរថភ្លើង ហើយលាន់មាត់ថា “អើ! ខ្ញុំកំពុងចង្អោរហើយតើ ម៉េចដែរ!” មុនពេលវីដេអូនេះត្រូវបានកាត់ចេញ។
ក្រោយពីរូបភាពនៃករណីនេះត្រូវបានគេចែកចាយលើបណ្ដាញសង្គម វាបានក្លាយជាការពិភាក្សាដ៏ក្តៅគគុក ខណៈអ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិចែកចេញជាពីរ ដោយភាគីខាងយុវជននោះ បានធ្វើការរិះគន់ស្រ្តីរូបនោះថា «អាកប្បកិរិយារបស់មីង ហួសសម័យហើយ ព្រោះថា វាជារឿងធម្មតាទេដែលយុវវ័យតែងឱបគ្នាសព្វថ្ងៃនេះ, វាមិនហួសដែនកំណត់ពេកទេ មិនគួរជ្រៀតជ្រែកកិច្ចការអ្នកដទៃឡើយ ឬមួយក៏មីងច្រណែនក្មេង!»។
យ៉ាងណាក៏ដោយ មួយផ្នែកទៀតយល់ស្របជាមួយភាគីស្រ្តីចំណាស់នោះ បានលើកឡើងថា ការបង្ហាញសេចក្ដីស្រឡាញ់មិនខុសទេ ជាសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែនៅកន្លែងសាធារណៈ ត្រូវតែគោរពសិទ្ធិអ្នកដទៃខ្លះផងដែរ។ មិនត្រឹមតែមានក្មេងជំទង់ប៉ុណ្ណោះទេនៅលើរថភ្លើង ប៉ុន្តែជាមួយគ្រួសារទាំងមូល មនុស្សចាស់ រួមទាំងកុមារ អាកប្បកិរិយាខ្លះ ប្រហែលជាមិនសមរម្យ ចំពោះភ្នែកពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង