លូកាស Lucas Matthysse អ្នកប្រដាល់អាហ្សង់ទីន ជាម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោកក្របខ័ណ្ឌ WBA ត្រៀមខ្លួនរួចហើយកាលពីថ្ងៃទី១២កក្កដា ដើម្បីប្រកួតជាមួយ Manny Pacquiao វីរបុរសហ្វីលីពីន ខណៈដែលកីឡាករទាំង២រូបនេះនឹងប្រកួតគ្នាក្នុងទីក្រុងគូឡាឡាំពួនៅថ្ងៃអាទិត្យ ទី១៥ កក្កដាឆ្នាំ២០១៨។
Matthysse បានប្រាប់សន្និសីទសារព័ត៌មានថា “Pacquiao ជាអ្នកប្រដាល់ដ៏អស្ចារ្យ ហើយខ្ញុំមានកិត្តិយសណាស់ដែលបានជួបគាត់ ប៉ុន្តែគាត់មិនទាន់បានជួបជាមួយម៉ាស៊ីន (គាត់) នៅឡើយទេ”។
ដោយមានរហស្សនាមថា “ម៉ាស៊ីន” Matthysse អាយុ ៣៥ ឆ្នាំ អាចផ្តួលគូប្រកួតឱ្យសន្លប់៣៦ ដងក្នុងចំណោមជ័យជម្នះ ៣៩ លើក និង ចាញ់ ៤ ដង។ Matthysse និយាយថា គាត់មានទំនុកចិត្តក្នុងការការពារខ្សែក្រវាត់របស់គាត់។
Pacquiao អាយុ៣៩ ឆ្នាំជាសមាជិកព្រឹទ្ធសភានៅហ្វីលីពីនដែរនោះ មិនបានចូលរួមប្រកួតក្នុងសង្វៀននោះទេចាប់តាំងពីគាត់បានបាត់បង់ខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO ឱ្យទៅអ្នកប្រដាល់អូស្ត្រាលី ជេហ្វ ហន កាលពីខែកក្កដា។ គាត់មានបំណងដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យម WBA ពីMatthysse ឱ្យបាន។
Pacquiao វិញក៏ផ្តល់ការគោរពដល់គូប្រជែងរបស់គាត់ផងដែរ ដោយនិយាយថា ការប្រកួតរបស់ពួកគេនៅថ្ងៃអាទិត្យនឹងបង្កើត “សកម្មភាពច្រើននៅក្នុងសង្វៀន”។
អ្នកប្រដាល់ហ្វីលីពីនរូបនេះធ្លាប់ប្រកួតឈ្នះ ៥៩ ដង ស្មើ២ដង និងចាញ់ ៧ ដងក្នុងអាជីពដ៏ជោគជ័យរយៈពេល ២៣ ឆ្នាំរបស់ខ្លួន៕ លីសា