អ្នកនេសាទឥណ្ឌូនេស៊ីម្នាក់ បានអះអាងថា គាត់បានចែករំលែក «មិត្តភាព» ជាមួយក្រពើយក្សមួយក្បាលប្រវែង ៤ ម៉ែត្រ អស់រយៈពេល ២៦ ឆ្នាំ ចាប់តាំងពីថ្ងៃដែលគាត់បានជួបវាជាលើកដំបូង ហើយបានបញ្ជាក់ថា ឥឡូវនេះវាដូចជាផ្នែកមួយនៃសហគមន៍មូលដ្ឋានទៅហើយ។
លោក Ambo អាយុ ៥៩ ឆ្នាំ ជាអ្នកនេសាទ នៅឃុំ Bonthang ខេត្ត Kalimantan ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី បានក្លាយជាមនុស្សល្បីល្បាញក្នុងប្រទេសនេះ ដោយសារតែមិត្តភាពដ៏មិនធម្មតារវាងគាត់ និងក្រពើទឹកប្រៃប្រវែង ៤ ម៉ែត្រ ដែលគាត់បានដាក់ឈ្មោះថា “Rizka” ។ ប៉ុន្តែសម្រាប់ Umbo ក្រពើនេះគឺជាសត្វដែលគាត់ស្រលាញ់ដូចកូនក្មេង ហើយសុខចិត្តរកអ្វីអោយគាត់ស៊ី ប្រសិនបើ Rizka វាមក «ជំរាបសួរ» ដល់ផ្ទះ។
មិនថានៅទីណាដែលលោក Ambo ជិះទូក គឺសត្វក្រពើ Rizka តែងតែអណ្តែតនៅក្បែរទូករបស់គាត់ជានិច្ច ហើយបដិសេធមិនចាកចេញទេ ដរាបណា គាត់មិនយកដៃអង្អែលក្បាលវា។ Umbo ក៏ត្រូវបានគេថតរូបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់គាត់ ជាមួយមិត្តល្អបំផុតរបស់គាត់ផងដែរ ដោយឱនចុះក្នុងទឹក ហើយថើបវា។
លោក Umbo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គាត់បានជួប Rizka ជាលើកដំបូង ខណៈពេលដែលគាត់កំពុងជិះទូកឆ្លងកាត់តំបន់ទឹកមួយទៀត កាលពី ២៣ ឆ្នាំមុន។ នៅពេលនោះ ក្រពើទឹកប្រៃនេះមានទំហំត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ។ នៅពេលនោះ គាត់ក៏មិនបានយកចិត្តទុកដាក់ច្រើនទេ ព្រោះគាត់ជិះទូកទៅផ្ទះ ប៉ុន្តែមួយសន្ទុះក្រោយមក គាត់បានកត់សម្គាល់ថា វាក៏តាមទូកគាត់តែម្តង។ ដូច្នេះ គាត់ហៅវាមកជិតហើយយកចំណីមកឲ្យវាស៊ី។
ចាប់ពីថ្ងៃនោះមក មិត្តភាពរវាងមនុស្ស និងសត្វក្រពើក៏ចាប់ផ្តើម។ វាមានរយៈពេល ២៦ ឆ្នាំហើយ ចាប់តាំងពី Umbo និង Rizka បានក្លាយជាមិត្តភក្តិ។ ក្រពើតែងតែហែលទៅជួបលោក Ambo ហើយបើមិនបានឃើញប៉ុន្មានថ្ងៃទេ គាត់នឹងចេញទៅរកវាដោយខ្លួនឯង ហើយនៅពេលណាដែល Rizka ឃ្លាន វានឹងទៅលេង Umbo ដល់ផ្ទះរបស់គាត់តែម្តង ដើម្បីរង់ចាំអាហារដែល Ambo បានបោះឲ្យវាស៊ី។
លោក Umbo ក៏បានឲ្យដឹងថា ជាធម្មតា គាត់បោះមាន់៣ក្បាលទៅឲ្យ Rizka ស៊ី ហើយពេលដែលគាត់មិននៅក្នុងភូមិ គាត់នឹងប្រាប់អ្នកជិតខាងឲ្យជួយមើលថែ និងបោះអាហារឲ្យ Rizka ជំនួសគាត់ផង។
ទោះជាយ៉ាងណា បើទោះបីជា Umbo និយាយថា គាត់ស្រឡាញ់ Rizka ដូចកូនប្រុសក៏ដោយ ប៉ុន្តែគាត់បានទទួលស្គាល់ថា គាត់នៅតែភ័យខ្លាច ពេលអង្គុយក្បែរក្រពើយក្សប្រវែង ៤ ម៉ែត្រ ដែលអាចលេបគាត់ទាំងមូល។ ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏លោកសុខចិត្តប្រថុយជីវិតក្នុងនាមមិត្តភាព។
Umbo បាននិយាយថា “ពិតណាស់ ការភ័យខ្លាចគឺនៅតែមាន ប៉ុន្តែជីដូនជីតារបស់ខ្ញុំជឿថា យើងអាចចងភ្ជាប់ជាមួយក្រពើ និងសត្វដទៃទៀត ដូចជាយើងមានទំនាក់ទំនងគ្រួសារជាមួយពួកវាអ៊ីចឹងដែរ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង