Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​ហើយ​រំជួលចិត្ត! ក្រោយ​ជួប​គ្រោះថ្នាក់ ប្រពន្ធ​ក្លាយជា​មនុស្ស «រុក្ខជាតិ» ស្រប​ពេល​មានកូន​ក្នុង​ផ្ទៃ ប្តី​ស៊ូ​ប្តូរផ្តាច់​ដើម្បី​ប្រពន្ធ​រស់ ហើយ​អព្ភូតហេតុ​កើតឡើង​មិន​គួរឲ្យ​ជឿ

នេះជារឿងដែលបំផុសគំនិតដ៏ល្អមួយ ប៉ុន្តែ ជារឿងពិត ដែលបានកើតឡើងនៅក្នុងស្រុក Muyang ខេត្ត Jiangsu ប្រទេសចិន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម កាលពីអំឡុងឆ្នាំ ២០១១។

យោងតាមសារព័ត៌មានរបស់ចិនមួយ បានចុះផ្សាយឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Zhang Rongxiang (រស់នៅស្រុក Muyang ខេត្ត Jiangsu ប្រទេសចិន) និងស្វាមីឈ្មោះ Gao Dejin មានផ្ទះដ៏មានសុភមង្គល ជាមួយនឹងកូនស្រីដ៏ស្រស់ស្អាតពីរនាក់។ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០១០ នៅពេលដែលអ្នកស្រី Zhang និងប្តីរបស់នាង កំពុងដឹកកូនស្រីពៅរបស់ពួកគេ តាមរថយន្តកង់៣ ស្រាប់តែពួកគេជួបគ្រោះថ្នាក់ចរាចរណ៍។ Zhang បាន​ការពារ​កូនស្រី​របស់​នាង ​ជាមួយនឹង​រាងកាយ ដែលជាហេតុធ្វើឲ្យ​នាង​រងគ្រោះថ្នាក់ ត្រូវសង្គ្រោះនៅក្នុង​បន្ទប់​ថែទាំ ស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ​បំផុត​។

លោក Gao Dejin ពិតជាមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលវេជ្ជបណ្ឌិត បានប្រាប់ថា ប្រពន្ធរបស់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយប្រសិនបើនាងអាចរស់រានមានជីវិតបាន ក៏ពិបាកក្នុងការឆ្លងផុតគ្រោះថ្នាក់រយៈពេល ៣ ខែដំបូង ហើយក្លាយជាមនុស្សរុក្ខជាតិជារៀងរហូត។

ខូចចិត្តខ្លាំងដោយសារជំងឺប្រពន្ធ តែគិតដល់កូនស្រីទាំង២នាក់ លោក Gao បានសម្រេចចិត្តក្នុងតម្លៃណាក៏ដោយ ដើម្បីសង្គ្រោះជីវិតប្រពន្ធ ទោះបីត្រូវមើលថែកូនពេញមួយជីវិតក៏ដោយ ក៏លោកស្ម័គ្រចិត្តធ្វើដែរ។

ឋានសួគ៌មិនធ្វើឱ្យមនុស្សខកចិត្តនោះទេ បន្ទាប់ពីសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ក្នុងមន្ទីរពេទ្យរយៈពេល៣ខែ បុរសជាប្តីលោក Gao បានរកឃើញថា ប្រពន្ធរបស់គាត់មានរោគសញ្ញាដ៏ចម្លែក បន្ទាប់ឃើញមានអ្វីខុសប្លែកនៅត្រង់ពោះប្រពន្ធ ហើយដោយខ្លាចមានអ្វីខុស គាត់ក៏បានប្រាប់គ្រូពេទ្យឱ្យពិនិត្យពោះដោយប្រុងប្រយ័ត្ន ព្រោះប្រពន្ធរបស់គាត់អាចនឹងមានបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីអ្នកស្រី Zhang ត្រូវធ្វើការអ៊ុលត្រាសោនយ៉ាងប្រុងប្រយ័ត្ន គ្រូពេទ្យក៏បានប្រាប់ថា នៅក្នុងផ្ទៃម្តាយ មានទារកកំពុងត្រូវបានបង្កើតឡើង ដែលមានន័យថា ប្រពន្ធរបស់លោក Gao មានផ្ទៃពោះតែម្តង។

ពេល​ពេទ្យ​ជូន​ដំណឹងនេះ​ភ្លាម ​លោក Gao បានទន់ដៃទន់ជើង ទឹក​មុខ​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ជឿសោះឡើយថា ប្រពន្ធរបស់ខ្លួន​អាច​មាន​ផ្ទៃ​ពោះបែបនេះ?។ លើសពីនេះ គ្រូពេទ្យក៏បានប្រាប់បន្ថែមថា ទារកនោះមានអាយុ ៤ ខែ ដែលមានន័យថា មុនពេលគ្រោះថ្នាក់ចរាចរណ៍ អ្នកស្រី Zhang មានផ្ទៃពោះហើយ ប៉ុន្តែដោយសារតែទារកក្នុងផ្ទៃតូចពេក គ្មាននរណាម្នាក់កត់សម្គាល់ដឹងឡើយ។

បន្ទាប់ពីលឺបែបនេះ លោក Gao កាន់តែច្របូកច្របល់ និងចាប់ផ្តើមអង្គុយលើដី ដោយមិនដឹងថាត្រូវធ្វើអ្វីនោះទេ!។ បន្ទាប់មក គ្រូពេទ្យសរសៃប្រសាទ និងសម្ភព ក៏បានពិភាក្សាគ្នាអំពីជោគវាសនារបស់ទារក។

គ្រូពេទ្យសរសៃប្រសាទ បាននិយាយថា អ្នកជំងឺស្ថិតក្នុងស្ថានភាពលូតលាស់ស្ទើរតែបាត់បង់ជីវិតទៅហើយ តើគាត់អាចរក្សាទារកបានដោយរបៀបណា? ប៉ុន្តែ​គ្រូពេទ្យ​សម្ភព​ បាន​គិត​ថា បើ​មិន​ដូច្នេះ​ទេ រាងកាយ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ប្រសិនបើ​នាង​ឆ្លងទន្លេ​នៅពេលនេះ អាច​នឹង​សម្លាប់​មនុស្ស​២​នាក់​។

ដូច្នេះ​ ជម្រើស​នៅតែ​ជា​របស់​លោក Gao ព្រោះថា ស្ថានភាពភរិយាបច្ចុប្បន្ននេះ តើប្រពន្ធរបស់គាត់អាចចិញ្ចឹមកូនបានកម្រិតណា ពិសេសពេលព្យាបាល នៅតែត្រូវលេបថ្នាំច្រើន ដូច្នេះសុខភាពកូននឹងទៅជាយ៉ាងណា? ។ ប៉ុន្តែ កូនស្រីច្បងរបស់គាត់ ដែលមានឈ្មោះ Gao Yun បាននិយាយទៅកាន់ឪពុករបស់នាងថា “ប៉ា សូមអោយម៉ាក់សម្រាលកូនមក ទោះបីជាទារកពិការក៏ដោយ ពួកយើងនឹងមើលថែគាត់ជាមួយគាត់អស់មួយជីវិត”។

បន្ទាប់ពីបានលឺអ្វីដែលកូនស្រីរបស់គាត់និយាយ លោក Gao បានសម្រេចចិត្តរក្សាកូន ប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថា កូននេះនឹងនាំមកនូវអព្ភូតហេតុ ដល់អ្នកស្រី Zhang ជាម្តាយទេ។ នោះគឺស្រាប់តែស្ថានភាពរាងកាយរបស់លោកស្រី Zhang Rongxiang មានភាពប្រសើរឡើងជាលំដាប់ ហើយអ្វីៗទាំងអស់បានក្លាយជាធម្មតាបន្តិចម្តងៗ។ នាង​ត្រូវ​បាន​គេ​រុញ​ចេញ​ពី​បន្ទប់​ថែទាំ​ដែល​ពឹងផ្អែក​ខ្លាំង ដើម្បីឲ្យក្រុមគ្រួសារយកទៅមើលថែនៅ​ផ្ទះវិញបាន។

ក្រោយគិត​ថ្លៃ​ព្យាបាល​ប្រពន្ធ អស់យ៉ាងច្រើន​ លោក Gao បាន​ប្តឹង​ម្ចាស់​រថយន្តបង្ក​ទៅ​តុលាការ ហើយ​លោក​ទទួលបាន​សង​ជំងឺ​ចិត្ត​ចំនួន ៤០ ​ម៉ឺន​យន់។ តែបើទោះបីជា Gao បានទទួលសំណងក៏ដោយ ក៏គាត់នៅតែបារម្ភ ប្រពន្ធរបស់គាត់ដេកលើគ្រែអស់មួយជីវិត ផ្លូវខាងមុខនឹងពិបាក ប៉ុន្តែសម្រាប់ពេលនេះ គាត់បានត្រឹមតែបន់ស្រន់ឲ្យកូនកើតមកសុវត្ថិភាព ហើយប្រពន្ធរបស់គាត់បានឆ្លងកាត់ពេលវេលានេះដោយសុវត្ថិភាព។

នៅថ្ងៃបន្ទាប់ Gao បានចេញទៅធ្វើការនៅពេលថ្ងៃ ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវិតភាពគ្រួសារ ខណៈកូនស្រីច្បងរបស់គាត់ ស្នាក់នៅផ្ទះដើម្បីមើលថែម្តាយ ហើយពេលដែលលោកត្រលប់មកវិញនៅពេលយប់ លោកជួយងូតទឹកឲ្យប្រពន្ធ ទោះបីជាគាត់នឿយហត់ខ្លាំងនឹងការងារពេញមួយថ្ងៃយ៉ាងណាក៏ដោយ។

ដោយសារក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពិសេសពីលោក Gao និងកូនស្រីច្បង Yun, អ្នកស្រី Zhang សម្រាលបានកូនប្រុសដោយជោគជ័យ ទាំងម្តាយ និងកូនស្រីគ្មានគ្រោះថ្នាក់អ្វីទាំងអស់។ Gao បានដាក់ឈ្មោះកូនប្រុសរបស់គាត់ថា Tianci ។

ក្រឡេកមើលទឹកមុខដ៏គួរឲ្យស្រលាញ់របស់កូនប្រុស, លោក Gao បានស្រក់ទឹកភ្នែកដោយក្តីរីករាយ ហើយបានតាំងចិត្តថា ទោះអនាគតលំបាកយ៉ាងណា ក៏លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយអព្ភូតហេតុពិតប្រាកដបានកើតឡើងដ៏មិនគួរឲ្យជឿ។

បន្ទាប់ពីកំណើតកូនប្រុស បន្ទុករបស់ Gao និងកូនស្រីច្បង កាន់តែធ្ងន់ទៅៗ ហើយពួកគេមិនត្រឹមតែត្រូវមើលថែ Zhang ប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមកូនទៀតផង។ ទោះជាយ៉ាងណា Gao តែងប្រាប់ប្រពន្ធថា “Zhang នេះជាកូនប្រុសរបស់យើង ប្រញាប់ឡើងមកអោបគាត់ ខ្ញុំតែម្នាក់ឯងមិនអាចមើលថែគាត់បានល្អទេ”។

២ឆ្នាំក្រោយមក ក្មេងប្រុស Tianci បានធំឡើង មិនត្រឹមតែឆ្លាត និងស្វាហាប់ប៉ុណ្ណោះទេ តែថែមទាំងជាកូនកតញ្ញូទៀតផង។ ដំបូងឡើយ Tianci តូចមិនយល់ពីរបៀបដែលម្តាយរបស់គេស្ថិតក្នុងស្ថានភាពកំពុងដេកនៅទីនេះដោយគ្មានចលនាទេ ប៉ុន្តែឪពុករបស់ Tianci បានប្រាប់គាត់ដោយអត់ធ្មត់ថា ​ម្តាយ​ឯង​ឈឺ យើង​ត្រូវ​តែ​មើល​ថែ​គាត់​ជាមួយ​គ្នា គាត់​នឹង​បាន​ធូរ​ស្រាល​ជា​មិន​ខាន។

Tianci បានយល់​ពី​ពាក្យ​របស់​ឪពុក​ ហើយដោយ​ក្ដី​ស្រឡាញ់ និងអាណិតម្តាយខ្លាំង រាល់ព្រឹក Tianci នឹងមករកម្តាយរបស់គេ ហៅម្តាយដោយក្តីស្រលាញ់ ប្រើមាត់តូចរបស់គេថើបម្តាយ និងសូម្បី​ដល់​ពេល​ញ៉ាំ ​ក៏​ Tianci យក​កៅអី​តូច​មក​អង្គុយ​នៅ​មុខ​ម្តាយ ហើយ​ញ៉ាំ​ជាមួយគ្នា។ ពេលខ្លះ Tianci ផ្អាកញ៉ាំអាហារខ្លួនឯង គឺនៅពេលរូបគេដឹងថាម្តាយមិនអាចទំពារបាន ដូច្នេះ រូបគេបានទំពារអាហារសម្រន់នោះ ហើយដាក់វានៅក្នុងមាត់ម្តាយ។ កូនប្រុសតូចនេះ​ក៏​រៀន​ពី​បងស្រី​របស់ខ្លួន​ដែរ ដោយ​ប្រើ​ដៃ​តូចរបស់គេ​ម៉ាស្សា​ជើង​ម្តាយផងដែរ​។

ថ្ងៃមួយ នៅពេលដែល Tianci កំពុងបញ្ចុកអាហារម្តាយរបស់ លោក Gao ជាឪពុកបានកត់សម្គាល់ឃើញថា មាត់របស់ប្រពន្ធគាត់កំពុងធ្វើចលនា។ នៅពេលដែលគាត់បានស្តាប់ដោយយកចិត្តទុកដាក់ គាត់បានលឺប្រពន្ធរបស់គាត់អាចនិយាយថា “ជំរាបសួរកូនប្រុស Tianci” ។ លោក Gao បានសម្រក់ទឹកភ្នែក នៅពេល Zhang និយាយដោយពិបាកថា “ខ្ញុំមិនអាចកម្រើកចេញបានទេ” ដូច្នេះ លោក Gao បានប្រាប់ប្រពន្ធថាមិនអីទេ។ កូនទាំងបីបានមក កំពុងផ្តល់ការលើកទឹកចិត្តប្រពន្ធហើយ!។

បន្ទាប់ពីនោះមក ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត លោក Gao បានអនុវត្តការស្តារនីតិសម្បទាប្រពន្ធ តាមរយៈការម៉ាស្សាសាច់ដុំដែលខ្សោយរបស់នាងជារៀងរាល់ថ្ងៃ ដោយមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីក្រុមគ្រួសារ Zhang កាន់តែមានលទ្ធភាពអាចនិយាយបានច្រើន ហើយថែមទាំងអាចអង្គុយបានទៀតផង។

រឿងរ៉ាវរបស់អ្នកស្រ្តី Zhang ដែលបានរួចផុតមនុស្ស “រុក្ខជាតិ” ហើយអាចនិយាយ អង្គុយបានធម្មតាឡើងវិញ បានរីករាលដាលពាសពេញប្រទេសតែម្តង។ អ្នកយកព័ត៌មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានមកសុំបទសម្ភាសន៍ ហើយក្រៅពីនេះក៏មានអ្នកផ្តល់ជំនួយជាច្រើន បានសុំជួយគ្រួសារតូចរបស់ Gao និង Zhang ខាងផ្នែកហិរញ្ញវត្ថុ និងអប់រំក្មេងៗផងដែរ។

មនុស្សជាច្រើន បានសម្តែងការកោតសរសើរពីទំហំក្តីស្រលាញ់របស់លោក Gao ចំពោះភរិយា និងក្តីស្រលាញ់របស់កូនៗ ដែលបានផ្តល់កម្លាំងចិត្តអ្នកស្រី Zhang អាចបង្កើតបានកូនប្រុសដ៏គួរឲ្យស្រលាញ់ ហើយ​វា​ក៏​ជា​ការ​អរគុណ​ចំពោះ​ក្តីមេត្តា​របស់​​ទេវតា ​ដែល​បាន​ជួយ​ប្រពន្ធរបស់​គាត់​ «​រស់​ឡើង​វិញ​» ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×