មានជនបរទេសខ្លះ ជនជាតិថៃខ្លះ នៅភូមិភាគកណ្ដាល បានចេញទៅតាមជនបទ ហើយបានឃើញពិធីរៀបការបែបខ្មែរ ក៏ពោលថាផ្សេងពីភូមិភាគកណ្ដាល ឬក៏ទោះបីជនជាតិខ្មែរនៅភូមិភាគឦសានក៏ដោយ ដែលនិយាយភាសា សួយ-លាវ ក៏និយាយថា ខុសប្លែកពីប្រពៃណីរបស់គេដែរ។ ដូចនេះអ្នកនិពន្ធសូមលើកយកមករៀបរៀងនៅក្នុងកម្មវិធីនានា ដែលទាក់ទងទៅការរៀបមង្គលការជូនជ្រាបជាបណ្ដើរៗ។ ព្រោះថា គ្រាន់តែបានឃើញត្រឹមពេលរៀបចំពិធីមង្គលនោះ វាប្លែករួចទៅហើយ ហើយនៅមានចំណែកដែលមិនបានឃើញទៀត វាចម្លែកយ៉ាងណា? ដូចជាជំនឿ ប្រស្នាផ្សេងៗ ពាក្យសួរចែចូវរវាងគ្នានិងគ្នា ទាំងអស់នេះសុទ្ធសឹងតែគួរជ្រាបដោយទូលំទូលាយស៊ីជម្រៅថែមទៀតផង។
ជំនូន ឬខាន់ស្លា
នៅក្នុងរបៀបនៃការធ្វើពិធីមង្គលការនោះ សម័យមុនខាងស្រីគេបង្គាប់នូវរបស់ដូចតទៅនេះ ដោយញែកចែកចេញជារណ្ដាប់ការមង្គល ជាពីររណ្ដាប់គឺ៖
១- ហិប គឺជាកន្ដ្រកម្លូស្លា ច្រើនមាន«ផ្កាឈើ» ៦ប្រភេទ
២- ថង់ គឺជាស្បោង មាន«ផ្កាឈើ»១៦ប្រភេទ មាន់១៦គូ, ទា១៦គូ, ឆត្រ១, ទ្រនាប់ជើង១គូ, ផ្កាស្លា ឬផ្កាដូង
៣-វត្ថុរបស់របរដែលគេហៅថា «ផ្កាឈើ» នោះគឺជាត្រឡាច នំនែក ដូចនំគម នំបត់ អន្សម ១គូៗ ព្រមទាំងនំផ្សេងៗទៀតរហូត៦គូ ឬ១៦គូ បណ្ដានំទាំងអស់នោះគេដាក់ថាស១គូៗ លើកយកទៅនៅថ្ងៃរៀបការ។
ក្រៅពីនោះគេនៅយកក្បាលជ្រូកមួយក្បាល ឬពីរក្បាលទៅតាមចំនួនញាតិមិត្តដែលច្រើនឬក៏តិច។ ដោយភាគច្រើនគេចិញ្ចឹមជ្រូក ដើម្បីរៀបការ គឺចាំបាច់ត្រូវជ្រូកខ្មៅៗសុទ្ធ ប៉ុន្ដែសម័យនេះមិនថាខ្មៅ ឬសទេ ពណ៌អ្វីក៏បានដែរ។
បន្ទាប់មកគឺឱស ធ្យូង ខាងប្រុសជាអ្នករ៉ាប់រងទាំងអស់ រួមទាំងរោងការចងប៉ារ៉ាំ ព្រមតន្ដ្រីភ្លេងភ្លាត់(កន្ទ្រឹម) សុទ្ធតែខាងប្រុស ជាអ្នកជួលឱ្យ ដោយមានទាំងបន្លែបង្ការ គ្រឿងទេសគ្រប់ប្រភេទគ្រប់យ៉ាង។
មាស ដូចជាខ្សែក ខ្សែដៃ ធ្ងន់ស្រាលតាមការព្រមព្រៀងគ្នា (មាសនេះកូនក្រមុំអាចទុកដាក់ខ្លួនឯងបាន)
ប្រាក់ប៉ុន្មានរៀល ឬបាត តាមតែការព្រមព្រៀងគ្នា (ប្រាក់នេះឳពុកម្ដាយយកទុក)
យល់ថាប្រាក់ មាស អង្ករជាប្រីយរបស់របរក្នុងការជប់លៀង ហៅថាជំនូន។
មានរបស់ម្យ៉ាងទៀតហៅថា «ស្លាចែចូវ» គឺគេដាក់ក្នុងថាសតូចមួយដាក់ម្លូមួយស្នើៗពេញមួយស្រទាប់ក្នុងថាស ហើយតម្រៀបផ្លែស្លានៅជុំវិញពីលើស្លឹកម្លូនោះ ហើយយកថ្នាំជក់ដាក់នៅពីលើផ្លែស្លា ប្រើសំពត់ស ឬក្រមាសូត្រខ្ចប់ ឬចងក្របួចជារាងកន្ថោរ ឬថូ ខ្មែរសុរិន្ទ្រហៅថា «ស្លាចែចូវ» ប៉ុន្ដែខ្មែរកម្ពុជាហៅ«ស្លាកន្សែង»
– ពាក្យថាស្លា ៖ ដំណាំមួយប្រភេទ ដើមមូលស្រឡូនត្រង់ ផ្លែមានរសចត់ ប្រើការទំពាផ្សំជាមួយនឹងម្លូបៀក ជាគ្រឿងរម្ងាប់ក្លិនមាត់។ ស្លាកន្សែង ស្លាម្លូដែលវេចនឹងកន្សែងធំៗ ប្រើក្នុងពិធីដណ្ដឹងកូនស្រីឱ្យកូនប្រុស(ឧ.ស៊ីស្លាកន្សែង)
។
-ពាក្យថាចែចូវ៖ ១- នាំសម្ដីទៅមក (ឧ.មុនដណ្ដឹងកូនក្រមុំគេ ត្រូវរកមនុស្សឱ្យទៅចែចូវជាមុនសិន។
– ពាក្យថាកន្សែង៖ ២ សំពត់សម្រាប់ជូតមុខ ជូតដៃ ជូតមាត់ ជូតច្រមុះ
អ្នកសរសេរខ្លួនឯងបានគិតថា នេះគឺជាដើមកំណើតដែលមនុស្សហៅថា ខាន់ស្លា, គឺថាសម័យមុននៅមិនទាន់មានថាសទេ ក៏យកផ្តិលមករុំខ្ចប់ ដើម្បីធ្វើជារបស់សម្រាប់ពិធីរៀបការ ទើបបានជាហៅថាខាន់ស្លា ។
-របស់ដែលគេហៅថា ៖ «ហិប» នោះមានស្លា-ម្លូ ថ្នាំជក់ ក្រមួនឃ្មុំលាបមាត់, ទឹកអប់, ម្សៅ, ប្រាក់២០បាត ឬក៏ច្រើនជាងនេះ កាំបិតចិតស្លា ប្រណាក តុំកំបោរ វត្ថុទាំងនេះគេរុំខ្ចប់ដោយសំពត់ពណ៌ស ហើយចងក្របួចខាងលើដូចជាថូ រីកមាត់ ឬកន្ថោរអ៊ីចឹង។
-របស់ដែលគេហៅថា (ថង់) នោះ គឺថង់សំពត់ ឬក៏ជាក្រណាត់សំពត់ដែលគេវេចខ្ចប់របស់របរដូចគ្នា សម័យមុនខ្ញុំបានឃើញគេប្រើសំពត់ពណ៌ក្រហមសុទ្ធ រុំស្រា នំនែកផ្សេងៗ។ សម័យក្រោយៗមក ឃើញគេប្រើសំពត់សូត្ររុំខ្ចប់ជំនួសវិញ ប៉ុន្ដែរឿងនេះគឺដោយកន្លែងតាមភូមិដែលផ្សេងៗគ្នា គឺដោយឡែកៗពីគ្នា។ ថង់នេះសំដៅទៅលើការចាត់ពិធីរៀបការដែលធំថ្លៃៗ មានឆត្រសម្រាប់ស្រី មានទ្រនាប់ជើងសម្រាប់ស្រី មានផ្លិតសម្រាប់បក់ (សម័យនោះគ្មានកង្ហារ) អ្នកខ្លះថាថង់នេះមានដាក់ប្រាក់ មាស អ្នកខ្លះថាថង់នេះគេប្រើហិបនោះឯង (ដូចជាដាវដែលមានស្រោម សរុបមករកទីដែលឈប់មិនបាន គ្រាន់តែសរុបមកបានថារណ្ដប់ហិប គឺជាការធ្វើពិធី ដូចយ៉ាងមនុស្សដែលក្រីក្រជាទូទៅ។ ប៉ុន្ដែរណ្ដាប់សម្រាប់ថង់រងកម្រិតសេដ្ឋី ដែលមានមាសប្រាក់ច្រើនណាស់ទើបអាចធ្វើទៅបាន។ តាមទស្សនៈគតិនៃអ្នកក្រីក្រ គាត់រមែងពោលថា «ឋានៈយើងត្រឹមប៉ុណ្ណេះ នឹងទៅក្លាហានអ្វី សុំរណ្ដាប់កម្រិតមាសប្រាក់នោះ នាំតែខ្មាសអ្នកស្រុក ព្រោះយើងជាអ្នកក្រ មានអ្វីទៅនឹងឱ្យគេ(កូនកំលោះ) នេះគឺសំដៅខាងស្រីទេនិយាយ, បើសិនជាខ្លួនក្រ ឋានៈតូចទាប ពេលគេមកស្ដីដណ្ដឹងកូនចៅទៅ បង្គាប់ឱ្យគេច្រើនលើសលប់ពីកម្រិតឋានៈរបស់ខ្លួន ក៏ប្រការគេទិតៀនថា «ឆ្លុះកញ្ចក់មិនមើលប្រាណ»។
ដល់មកពិចារណាពីប្រពៃណីនេះ ខ្ញុំបាទគិតថា ស្លាចែចូវនេះឯងគឺជាខាន់ស្លាសម័យមុននោះ។ រណ្ដាប់ជំនូនដែលបង្គាប់គឺប្រាក់ចំនួន ៤បាត, ១២បាត, ២០បាត, គង់ដាក់រួមគ្នាទាំងអស់ក្នុងខាន់ស្លានោះឯង។ ដូចជាខ្មែរបច្ចុប្បន្នជាប់មាត់ប្រើពាក្យថា «ប្រាក់ខាន់ស្លា»។
សម័យមុន, អ្នកក្រដែលគ្មានប្រាក់សោះនោះ ជួនកាលក៏យកក្របី១ក្បាល ឬ២ក្បាលលើកឱ្យធ្វើជា«ខាន់ស្លា»ក៏មានដែរ។
តាមការបរិយាយមកនោះ នឹងបានឃើញថា៖ នៅក្នុងពិធីរៀបការរៀងរាល់លើក ខាងប្រុសត្រូវចំណាយយ៉ាងខ្ពស់ ទាំងជ្រូក, ទាំងអង្ករ, ត្រីសាច់ អាហារ សុរាត្រាំផ្សេងៗ ទាំងតន្ដ្រី នំនែក ទាំងប្រាក់កាស មាសពេជ្រផ្សេងៗទៀត ទាំងនៅខាងផ្ទះខ្លួនឯង, ទាំងនៅផ្ទះខាងស្រី ត្រូវលៀងអាហារចំណីញាតិការពង្សផៅខាងខ្លួនផង, ទាំងញាតិការខាងស្រីផង រាប់ទៅឃើញថាធ្ងន់កមែនទែន។
ក្រឡេកមកមើលខាងស្រីវិញម្ដង គេត្រៀមអ្វីខ្លះ ខាងស្រីគេត្រៀមទុកនូវរបស់របរដែលត្រូវទទួលប្រណិបតន៍ញាតិខាងប្រុស ដោយភាគច្រើនគឺខ្នើយ ពូក សំពត់សូត្រថ្មីៗជាច្រើន, ហើយនិងសុរាអស់ទាំងនោះ។ ខាងស្រី(កូនក្រមុំ) សម័យមុនពេលទំនេរពីស្រែចម្ការ ក៏មកអង្គុយត្បាញរវៃសន្សំជារឿយៗ ដោយដេរពូក ខ្នើយផ្សេងៗត្រៀមទុក។ ហេតុដែលត្រៀមទុក ជាមុននេះយូរពេលទើបមិនត្រូវមកស្មុគស្មាញក្នុងពេលដែលជិតដល់ថ្ងៃរៀបការ។ ដូច្នេះដល់ជិតៗថ្ងៃរៀបការ គឺគ្រាន់តែទៅជម្រាបជូនដំណឹងញាតិមិត្ដ និងធ្វើម្ហូបអាហារលៀងភ្ញៀវមកចូលរួមដែលគេនឹងមកចងដៃជួយជាមាស ប្រាក់របស់របរតាមប្រពៃណី ផ្លូវប្រាក់បាននេះមានគ្រប់ច្រកគឺ៖
– ភ្ញៀវដែលមកក៏ជួយជាប្រាក់
– ខ្នល់ខ្នើយ ពូកសំពត់ក្រណាត់សូត្រ សុរា ប្រាក់ ក៏បាន
– នេះហៅថា ខាងស្រីមិនជាចាំបាច់ដាក់ទុនច្រើនពេកឡើយ
ខាងប្រុសក៏បានប្រាក់ពីញាតិមកជួយការតែប៉ុណ្ណេះ ប៉ុន្ដែប្រាក់ជំនូននេះភាគច្រើនក៏បានមកធ្វើជាដើមទុនចាប់ផ្ដើមនូវជីវិតគូស្រករនៅ គ្រាដំបូងដែរ។
រឿងខាន់ស្លា គឺរណ្ដាប់ជំនូនសម្រាប់ង្គាប់ដល់ខាងប្រុសនោះ ក៏ចប់ត្រឹមតែប៉ុណ្ណេះឯង៕
លីសា