Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន! មក​ដឹង​មូលហេតុ ដែល​បណ្តាល​ឲ្យ​ស្រ្តី​រងគ្រោះ ត្រូវ​បាន «ផ្តាច់» ជើង ដោយ​ជណ្តើរ​យន្ត ខណៈ​គេ​ជឿ​ថា កម្លាំង​នៃ​ការ​ដួល​បាន​ធ្វើ​ឲ្យ…

រូបភាពដ៏រន្ធត់របស់ស្រ្តីអ្នកដំណើរម្នាក់ ដែលត្រូវបាន «ផ្តាច់» ជើងឆ្វេងចេញពីខ្លួន ដោយសារជណ្តើរយន្ត នៅអាកាសយានដ្ឋានអន្តរជាតិ ដន មឿង ក្រុងបាងកក ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម ខណៈមនុស្សជាច្រើនសម្តែងក្តីអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន Straits Times ឧបទ្ទវហេតុនេះដ៏មិននឹកស្មានដល់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ នៅពេលដែលស្រ្តីរងគ្រោះបានមកដល់ព្រលានយន្តហោះ Don Muang ដើម្បីរៀបចំឡើងយន្តហោះ ទៅកាន់ទីក្រុង Nakorn Sri Thammarat ភាគខាងត្បូងប្រទេសថៃ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្រលាន​យន្តហោះ​ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Bhumibol Adulyadej ។ បន្ទាប់មក នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យអន្តរជាតិ Bumrungrad International Hospital ជាកន្លែងដែលគេអះអាងថា នាងអាចធ្វើការវះកាត់ ដើម្បីភ្ជាប់ជើងរបស់នាងឡើងវិញ ប៉ុន្តែ លទ្ធផលយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ។

នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមិថុនា លោក Karun Thanakunjeeraphat នាយកអាកាសយានដ្ឋានបាននិយាយថា ជណ្តើរយន្តដែលបង្កគ្រោះថ្នាក់បានដំណើរការតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ។ គាត់បាននិយាយថា ប្រព័ន្ធនេះមិនត្រូវបានអាប់ដេតទេ ហើយឧបករណ៍ចាប់សញ្ញារបស់វាខុសពីរបស់ carousel ឧបករណ៍ចាប់សញ្ញានៅលើជណ្តើរយន្តទំនើបបច្ចុប្បន្ន។

លោក Karun បាននិយាយថា អាកាសយានដ្ឋានមានគម្រោងផ្លាស់ប្តូរជណ្តើរយន្តចាស់ៗមួយចំនួនរួចហើយ នៅឆ្នាំ ២០២៥ ប៉ុន្តែពួកគេទំនងជានឹងបង្កើនល្បឿនដំណើរការភ្លាមៗ។

អ្នកគ្រប់គ្រងអាកាសយានដ្ឋានបានចូលរួមរំលែកទុក្ខក្រៀមក្រំ ដល់ជនរងគ្រោះ ហើយបាននិយាយថា ពួកគេនឹងចេញថ្លៃព្យាបាល និងផ្តល់សំណងដល់ជនរងគ្រោះផងដែរ សម្រាប់ការបាត់បង់ផ្នែកមួយនៃជើងឆ្វេងរបស់នាង។

តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅអាកាសយានដ្ឋាន បានបង្ហាញថា ស្រ្តីអ្នកដំណើរនោះ ទំនងជារអិលជើង និងដួល នៅចន្លោះច្រកចេញដំណើរលេខ ៤ និង ៥ ហើយជើងរបស់នាងត្រូវបាន «ស្រូបចូល» នៅគែមនៃជណ្តើរយន្ត រហូតដល់លើជង្គង់ នៅចុងផ្លូវដើរ។

តែយ៉ាងណាមិញ ជុំវិញករណីដ៏មិននឹកស្មានដល់នេះ មនុស្សជាច្រើនបានឆ្ងល់ថា តើជើងរបស់ស្រ្តីរងគ្រោះ ត្រូវបាន «ស្រូបចូល» ដោយរបៀបណា ព្រោះថាជណ្តើរយន្ត ត្រូវបានមើលឃើញថាហាក់មិនមានចន្លោះត្រង់ណានោះទេ។

ទាក់ទងនឹងចម្ងល់នេះផងដែរ សមត្ថកិច្ចជឿថា កម្លាំងនៃការដួលចុះ គឺបានធ្វើឲ្យ «លាតត្រដាង» គម្របសុវត្ថិភាពផ្លូវដើរ បណ្តាលឱ្យជើងរបស់ជនរងគ្រោះ ត្រូវបានទាញចូលទៅក្នុងគ្រឿងយន្តខាងក្នុងរបស់ជណ្តើរតែម្តង។

ទន្ទឹមនឹងនេះ គេក៏បានបង្ហាញរូបភាពឲ្យមានការប្រុងប្រយ័ត្ន កុំយកជើងរបស់អ្នក ដាក់ក្បែរគែមនៃជណ្តើរ ព្រោះវាអាចត្រូវបានស្រូបចូល ពោលគឺត្រូវឈរឲ្យនៅចំកណ្តាលផ្លូវជណ្តើរ ដើម្បីជៀសវាងមានគ្រោះថ្នាក់កើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×