វាមិនមែនជារឿងចម្លែកទេដែលកូនក្រមុំ និងកូនកំលោះ អញ្ជើញមិត្តភក្តិជិតស្និទ្ធធ្វើជាភ្ញៀវក្នុងពិធីមង្គលការ។ តែយ៉ាងណាមិញ ពិធីមង្គលការមួយនៅប្រទេសវៀតណាម បានបង្កឲ្យមានការរិះគន់ ដោយសារតែកូនកំលោះ បង្ហាញភាពស្និទ្ធស្នាលហាក់លើស ជាមួយមិត្តភក្តិស្រីជាភ្ញៀវ ដោយមិនខ្វល់ថាកូនក្រមុំរបស់ខ្លួននៅក្បែរនោះទេ។
គេហទំព័រ SAOstar បានរាយការណ៍នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ថា វីដេអូឃ្លីបនៃករណីនេះ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាម បានបង្ហាញឲ្យឃើញថា ខណៈដែលគូស្វាមីភរិយាថ្មីថ្មោងកំពុងឈរទទួលភ្ញៀវក្នុងពិធី ស្រាប់តែមាននារីជាភ្ញៀវម្នាក់ស្លៀករ៉ូបពណ៌ខ្មៅដ៏ស៊ិចស៊ី បញ្ចេញដើមទ្រូង ដើរទៅជំរាបសួរកូនកំលោះ។ ភ្លាមៗនោះ កូនកំលោះក៏ស្ទុះចូលទៅបង្ហាញភាពស្និទ្ធស្នាលបំផុត ជាមួយនារីនោះ ដោយបានឱបថើបគ្នាប្រៀបដូចសង្សារ។
តាមរយៈការបង្ហាញកាយវិការស្វាមគន៍រាក់ទាក់ដ៏ជ្រុលនោះ ដំបូងឡើយ គេបានសង្កេតឃើញកូនក្រមុំត្រឹមតែសើចញញឹម ហើយឈរស្ងៀម។ ប៉ុន្តែ ដោយសារតែកូនកំលោះនៅតែឱបរឹតនារីនោះមិនលែងទេ មិនយូរប៉ុន្មាន ទឹកមុខរបស់កូនក្រមុំក៏ចាប់ផ្តើមផ្លាស់ប្តូរ ហើយទីបំផុត កូនក្រមុំក៏សម្រេចចិត្តងាកដើរចេញតែម្តង។
ពេលនោះកូនកំលោះបានដឹងខ្លួន ក៏បានព្យាយាមតាមឃាត់កូនក្រមុំ ប៉ុន្តែមិនបានសម្រេចនោះទេ ខណៈដែលភាគីខាងមិត្តស្រីរបស់កូនកំលោះ នៅតែញញឹមបង្ហាញដាក់កាមេរ៉ា ព្រោះគិតថាកូនក្រមុំប្រច័ណ្ឌដល់ម្ល៉ឹងនោះទេ។
ទោះជាយ៉ាងណា អ្នកបង្ហោះឃ្លីបបានបញ្ជាក់ថា ទោះបីកូនកំលោះព្យាយាមតាមឃាត់កូនក្រមុំ មិនឲ្យចាកចេញក៏ដោយ ប៉ុន្តែនៅទីបំផុត នាងបានសម្រេចចិត្តចែកផ្លូវគ្នា ហើយបានទៅផ្ទះរបស់នាងវិញភ្លាមៗតែម្តង។
ក្រោយរឿងនេះបានផ្ទុះឡើង បង្កឲ្យការរិះគន់នៅលើបណ្តាញសង្គមព្រោងព្រាត បន្ទាប់មក នារីជាភ្ញៀវរូបនោះបានចេញមុខបកស្រាយថា តាមពិតទៅ នាង និងកូនកំលោះ គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាយូរមកហើយ និងសូម្បីធ្លាប់ Live នៅលើ TikTok ជាមួយគ្នាទៀតផង។ ក្នុងថ្ងៃពិសេសនេះ នាងបានធ្វើដំណើរជាង ១០០០ គីឡូម៉ែត្រ ពីហាណូយ ទៅខេត្ត Dak Lak ដើម្បីចូលរួមពិធីមង្គលការរបស់កូនកំលោះ។
នារីនោះ ក៏បានប្រាប់ឲ្យដឹងថា នាងបានសុំការអនុញ្ញាតពីកូនក្រមុំ មុននឹងថតឃ្លីប ហើយឆ្លៀតក្នុងឱកាសពេលពីជប់លៀងចប់ នាង និងកូនកំលោះ ក៏មានចេតនាបង្កើតខ្លឹមសារឱ្យមានភាពទាន់សម័យ ដើម្បីទទួលបានការចាប់អារម្មណ៍នៅលើ TikTok ប៉ុន្តែ នាងមិននឹកស្មានដល់ថា ឃ្លីបនេះបានទទួលការរិះគន់យ៉ាងខ្លាំងបែបនេះសោះ។ នាងពិតជាមានអារម្មណ៍សោកសៅមែនទែន។
នាង ក៏បានបញ្ចាក់បន្ថែមថា «ខ្ញុំ និងកូនកំលោះ នៅតែជាមិត្តធម្មតា កូនក្រមុំមិនមានបញ្ហាអ្វីទេ ហើយនាងក៏បានដឹងថា ប្ដីរបស់ខ្ញុំធ្វើ TikTok ផងដែរ»។ នាងក៏បានបង្ហើបឲ្យដឹងថា គូស្វាមីភរិយាថ្មីថ្មោងនេះ មិនមានការបែកបាក់គ្នាទេ ឥឡូវនេះ ពួកគេកំពុងក្រេបទឹកឃ្មុំជាមួយគ្នាយ៉ាងមានសុភមង្គល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង