Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​សរសើរ​ការ​តស៊ូ​របស់​នាង! ក្មេងស្រី​លក់​ពង នៅ​លើ​ចិ​ញ្ចើម​ផ្លូវ​ទាំងយប់ និង​ឆ្លៀត​ធ្វើលំ​ហា​ត់ ធ្វើឲ្យ​អ្នកបើកបរ​សម្តែង​ក្តី​អា​ណិ​ត ឈប់​ជួយ​ទិញ

ក្មេងស្រីលក់ពងទានៅតាមចិញ្ចើមផ្លូវ ទាំងកណ្តាលយប់ និងឆ្លៀតអានសៀវភៅ បានទាក់ទាញការចាប់អារម្មណ៍ ពីអ្នកបើកបរជាច្រើន ហើយរូបភាពរបស់នាង ក៏ទទួលបានការចុច Like ជិត ៥ ម៉ឺននាក់ នៅលើវេទិការអនឡាញផង។

នៅវេលាម៉ោង​ប្រហែល ​១០ ​យប់ ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ២០២៣ លោក ដាវ វៀត​បាច (អាយុ​២៩​ឆ្នាំ) បាន​បើក​រថយន្ត​ចេញពី​ក្រុមហ៊ុន​ទៅ​ផ្ទះ។ ពេលឈប់ភ្លើងក្រហមនៅផ្លូវប្រសព្វរវាង Truong Cong Giai និង Cau Giay គាត់បានប្រទះឃើញក្មេងស្រីម្នាក់កំពុងលក់ពងទា នៅលើចិញ្ចើមផ្លូវ ធ្វើឱ្យគាត់ភ្ញាក់ផ្អើល និងចង់ដឹងពីស្ថានភាពជីវិតរស់នៅរបស់នាងយ៉ាងខ្លាំង។

លោក បាច បានពណ៌នាថា ​ក្មេងស្រី​នោះ​ «​រាង​តូច ស្គម​» នាងប្រហែលជា​សិស្ស​មធ្យមសិក្សាហើយ​។ នៅពីមុខនាង មានថង់ពងជាច្រើនដាក់លើចំបើង ហើយខណៈពេលនោះ នាងតូចនៅតែផ្តោតទៅលើការអានសៀវភៅ និងកត់ត្រាទុកក្នុងសៀវភៅកត់ត្រាតូចមួយនៅលើភ្លៅរបស់នាង។ លុះ​គិត​ដល់ថា ​ផ្ទះ​ទើបតែ​អស់​ពង លោក​ បាច ​ក៏​បានឈប់​ឡាន​ទិញ និង​សួរនាំថា៖

-លោក បាច៖ លក់ឲ្យពូមួយថង់មក​ ហើយមួយថង់ប៉ុន្មានដែរ?

-ក្មេងស្រី៖ ចា៎ពូ មាន១ថង់ ៣ម៉ឺនដុង (ជិត១ដុល្លារ) និង ១ម៉ឺន៥ពាន់ដុង (ជាង៤ដុល្លារ)

-លោក បាច៖ តើក្មួយស្រីកំពុងរៀនមែនទេ?

-ក្មេងស្រី៖ ចា៎! ខ្ញុំកំពុងធ្វើលំហាត់ និងមើលមេរៀនឡើងវិញខ្លះ នៅពេលខ្ញុំទំនេរ។ ផ្ទះ​ខ្ញុំ​នៅ​ Vinh Phuc ឆ្លៀត​ពេល​វិស្សមកាល​រដូវ​ក្ដៅ ខ្ញុំជួយ​ជួយ​ម្ដាយ​លក់​ពង។

សម្ដី​របស់ក្មេង​ស្រី​រូប​នេះ​ បាន​ធ្វើ​ឲ្យចាក់ដោតបេះដូងលោក បាច ហើយគាត់​កោត​សរសើរចំពោះការតស៊ូរបស់នាងយ៉ាងខ្លាំង។ ក្មេង​ស្រីនេះ បាន​ប្រញាប់​រើស​ពង​ទា​ដាក់​ក្នុងថង់ រួច​ប្រគល់​ឱ្យ​លោក បាច។

លោក បាច បានបង្ហោះក្នុងបណ្តាញសង្គមថា៖ «ដោយក្តីអាណិត ខ្ញុំក៏បានឲ្យលុយនាងបន្ថែមផងដែរ ប៉ុន្តែ នាងបដិសេធទទួលយកទេ ដោយបានដើរត្រឡប់ទៅផ្ទះវិញ បន្ទាប់អស់ពងលក់។ ទោះជាយ៉ាងណា រឿងនេះ ធ្វើឲ្យខ្ញុំនឹកឃើញកាលពីប៉ុន្មានខែមុន នៅថ្ងៃ OT (ថែមម៉ោង) ត្រលប់មកផ្ទះយប់ជ្រៅ ខ្ញុំក៏បានជួបសន្តិសុខនៅបន្ទប់ក្រោមដីរបស់ក្រុមហ៊ុន – ប្រហែលជាសិស្សធ្វើការក្រៅម៉ោង ក៏បានធ្វើលំហាត់គណិតវិទ្យាផងដែរ»។ លោកបន្តថា៖ «ខ្ញុំជឿថា នៅក្នុងជីវិតដ៏លំបាក អ្នកដែលព្យាយាមជម្នះការលំបាក នឹងប្រាកដជាជោគជ័យនៅថ្ងៃអនាគត។ ខ្ញុំ​ខ្លួន​ឯង​មាន​អ្វីៗ ចុះហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​រៀន​បាន?»។

​ក្រោយការ​បង្ហោះ​រឿង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​អំពី​ក្មេង​ស្រី​លក់​ពង​ ឃើញថាទទួល​បាន​ការ​ចែក​រំលែក​រាប់​ពាន់​ពី​សហគមន៍​អនឡាញ ខណៈមតិ​ជាច្រើន​បាន​សរសើរ​ការ​តស៊ូ និង​ថាមពល​ដ៏​អស្ចារ្យ​ របស់​ក្មេងស្រី​កំសត់​រូបនេះ​។

ក្នុងនោះ មតិមួយចំនួនបានសរសើរទាំងអ្នកបើកបរ និងក្មេងស្រីលក់ពងថា៖ «ស្ងើចសរសើរចំពោះទឹកចិត្តរៀនសូត្ររបស់កូនតូចនេះណាស់! ខ្ញុំសង្ឃឹមថាកូនៗរបស់ខ្ញុំក៏យល់ពីជីវិតដ៏លំបាកបែបនេះដើម្បីរៀនពូកែ សូមជូនពរក្មួយស្រីមានសុខភាពល្អ សេចក្ដីសុខ និងជោគជ័យ, អ្នកបើកបរមានចិត្តសប្បុរស សូម​បួងសួង​ឱ្យ​នាងតូច​មាន​ជីវិត​ល្អ​ទៅ​ថ្ងៃ​អនាគត, អានហើយនឹកដល់កាលនៅក្មេង ទៅឃ្វាលគោ យកសៀវភៅតាម ដើម្បីមើលមេរៀន, ខ្ញុំវិញជិះកង់ទៅលក់ស្ករតាមផ្សារ យកសៀវភៅមករៀនដែរ កំសត់ណាស់!, អ្នកក្រត្រូវតែសម្របខ្លួនបែបនេះ ខ្ញុំសូមជូនពរឱ្យអ្នកមានអនាគតល្អ,…»។

លោក Bach បាននិយាយថា៖ «មានបងប្អូនជាច្រើនបានទាក់ទងមក inbox របស់ខ្ញុំ ដើម្បីសុំអាសយដ្ឋានលម្អិតដើម្បីជួយទិញពងរបស់នាង។​ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចង់រៀនរបស់ប្អូនស្រី ក៏បានជំរុញទឹកចិត្តមនុស្សជាច្រើន ពេលត្រលប់មកផ្ទះវិញ ខិតខំប្រឹងប្រែងជំនះការលំបាក និងទុក្ខលំបាក ដើម្បីក្រេបយកចំណេះដឹងផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×