Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​រក​គ្រាប់​កាហ្វេ ពីលា​មក​ដំរី គិតថា​ជា​រឿង​ចម្លែក តែ​ជា​ទង្វើ​បង្កើត​ភេសជ្ជៈ​ទាក់ទាញចិត្ត​អ្នក​មា​ន ១កែវ​តម្លៃ​រហូតដល់​ទៅ…

នៅខេត្ត ឈៀងសាន ជាតំបន់ភ្នំដាច់ស្រយាលនៃប្រទេសថៃ (ជាប់ព្រំដែនមីយ៉ាន់ម៉ា និងឡាវ) មានកាហ្វេមួយប្រភេទដែលមានតម្លៃថ្លៃជាងគេ នោះគឺ «ផលិត» ពីលាមកដំរី។ ស្តាប់ទៅចម្លែក ប៉ុន្តែវាជាការពិត។

ស្ត្រីម្នាក់កកាយលាមកដំរី ដើម្បីរកគ្រាប់កាហ្វេដ៏ចម្លែក តែជាទង្វើបង្កើតភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ១កែវតម្លៃជិត ៥០ ដុល្លារ ធ្វើឱ្យអ្នកមានលុយចាប់អារម្មណ៍។ យ៉ាងណាមិញ បើអ្នកគ្រាន់តែមើលរូបភាព អ្នកនឹងមានអារម្មណ៍ថា ស្ត្រីដែលកកាយលាមកដំរី ដើម្បីទទួលបានគ្រាប់ខ្មៅទាំងនោះ គឺជាអាកប្បកិរិយាចម្លែក។ ប៉ុន្តែវាជាប្រតិបត្តិការមួយដែលត្រូវការដើម្បីបង្កើតភេសជ្ជៈថ្លៃបំផុតនៅលើពិភពលោក។

សហគ្រិន Blake Dinkin (មកពីប្រទេសកាណាដា) គឺជាស្ថាបនិកនៃ Black Ivory Coffee -ជាក្រុមហ៊ុនប្រើប្រាស់គ្រាប់កាហ្វេ ដែលបានជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីបង្កើតភេសជ្ជៈ ដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោក។

ជាក់ស្តែង ឥឡូវនេះ សណ្ឋាគារប្រណិតលំដាប់កំពូលមួយរបស់ប្រទេសថៃ បាននិងកំពុងបម្រើកាហ្វេក្លិនដំរីក្រអូបដល់ភ្ញៀវ។

ហេតុអ្វីបានជាកាហ្វេ កើតចេញពីលាមកដំរី?

នៅឯរមណីយដ្ឋាន Anantara ក្នុងខេត្ត Chiang Saen ដែលជាជម្រករបស់សត្វដំរីជាច្រើន កាហ្វេដ៏មានតម្លៃត្រូវបានឆុងនៅចំពោះមុខភ្ញៀវ នៅក្នុងម៉ាស៊ីនកាហ្វេដ៏ប្រណិតរបស់បារាំង ក្នុងសតវត្សទី19 ។

លោក Blake Dinkin និយាយ​ថា​៖ «​ពេល​ខ្ញុំ​ពន្យល់​ពី​គម្រោង​របស់​ខ្ញុំ​ដល់​អ្នក​ជិះ​ដំរី ខ្ញុំ​ដឹង​ថា ​ពួកគេ​គិត​ថា​ខ្ញុំ​ឆ្កួត»។

ដំបូងឡើយ លោក Dinkin បានពិចារណាធ្វើកាហ្វេ “kopi luwak” ដែលប្រើគ្រាប់ទទួលបានពីការទម្លាក់ចោលរបស់សត្វសំពោចអាស៊ី។ ប៉ុន្តែ​គុណភាព​ផលិតផល​ចុងក្រោយ ​បាន​ធ្លាក់​ចុះ​ដោយសារ​តម្រូវការ​បាន​កើនឡើង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​វៀតណាម​។

សត្វសំពោច តែងត្រូវបានរក្សាទុកក្នុងទ្រុង ហើយបង្ខំឱ្យស៊ីកាហ្វេ។ នេះគឺផ្ទុយស្រឡះពីបំណងប្រាថ្នារបស់ Dinkin ក្នុងការការពារជាជាងបំផ្លាញបរិស្ថាន។

សត្វតោ និងសត្វហ្សីរ៉ាហ្វ ក៏ត្រូវបានគេពិចារណាផងដែរ ប៉ុន្តែ Dinkin ទីបំផុតបានសម្រេចចិត្តលើសត្វដំរី បន្ទាប់ពីបានរកឃើញថា សត្វទាំងនេះពេលខ្លះក៏ស៊ីកាហ្វេក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតនៅអាស៊ីអាគ្នេយ៍។

គាត់បានសម្រេចចិត្តចាប់ដៃគូជាមួយអង្គការសប្បុរសធម៌ជួយសង្គ្រោះសត្វដំរី ដើម្បីរំដោះសត្វពីពាណិជ្ជកម្មទេសចរណ៍។ ប៉ុន្តែ​ការ​ធ្វើ​កាហ្វេ​ពី​លាមក​ដំរី​គឺ​ពិបាក​ជាង​ការ​គិត​ទៅ​ទៀត។

លោក Dinkin និយាយ​ថា​៖ «អង់ស៊ីមនៅក្នុងក្រពះរបស់សត្វដំរី ដើរតួដូចជាចង្ក្រានយឺតមួយប្រភេទ ដែលគ្រាប់កាហ្វេត្រូវបានផ្សំជាមួយឱសថ និងផ្លែឈើដែលវាស៊ី។ ហើយនៅពេលដែលគ្រាប់កាហ្វេឆ្លងកាត់បំពង់រំលាយអាហាររបស់ដំរី – ដំណើរការដែលចំណាយពេល 17 ម៉ោង – អាស៊ីតរំលាយអាហារនឹងបំបាត់ភាពជូរចត់ចេញពីពួកវា»។

លោក Dinkin បានប្រាប់ NPR ថា «សត្វដំរីស៊ីស្មៅច្រើន និងសារធាតុពណ៌បៃតងច្រើន។ សម្រាប់សត្វស្មៅ ការរំលាយអាហារតម្រូវឱ្យមានជាតិ fermentation ដើម្បីបំបែកសែលុយឡូស។ fermentation គឺល្អសម្រាប់របស់របរដូចជាស្រា ស្រាបៀរ ឬកាហ្វេ ព្រោះវាបញ្ចេញជាតិស្ករនៅក្នុងគ្រាប់កាហ្វេ»។

យោងតាមលោក Dinkin ដំណើរការនៃការ fermentation លុបបំបាត់រសជាតិជូរចត់របស់កាហ្វេ មិនចាំបាច់ប្រើស្ករដើម្បីផ្អែមទៀតទេ។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​បាន​ភ្លក្ស​រសជាតិ​អ្វី​ដែល​ពិសេស​ជាង​កាហ្វេ​អាំង​។ ក្លិនក្រអូប គឺដូចជាការលាយបញ្ចូលគ្នានៃផ្កា និងសូកូឡា រសជាតិគឺដូចជាសូកូឡា malt ជាមួយ cherry មិនមានជូរចត់។ ដូច្នេះវាដូចជាការបង្កាត់ពូជរវាងកាហ្វេ និងតែ»។

គាត់បាននិយាយថា «ខ្ញុំបាត់បង់កាហ្វេច្រើន នៅពេលខ្ញុំយកដំរីទៅងូតទឹកនៅពេលព្រឹក។ នោះដោយសារតែដំរីពេលខ្លះបានបន្ទោរបង់ទៅក្នុងទន្លេនៅពេលងូតទឹក»។

កម្មករ​ប្រមូល​គ្រាប់​កាហ្វេ​ពី​លាមក​ដំរី មុន​នឹង​លាង​សម្អាត​វា​ទៅ​ហាល​ថ្ងៃ។ ការងារនេះក៏រួមចំណែកបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានផងដែរ។

លោក Dinkin បានបន្ថែមថា “សម្មតិកម្មរបស់ខ្ញុំគឺថា fermentation ធម្មជាតិកើតឡើងនៅក្នុងពោះវៀនដំរី។ ជាតិ​ fermentation បង្កើត​រសជាតិ​ដែល​អ្នក​មិន​អាច​ទទួល​បាន​ពី​កាហ្វេ​ផ្សេង​ទៀត»។

នៅឯរមណីយដ្ឋានព្រៃ ដែលជាជម្រករបស់ហ្វូងដំរី អ្នកអភិរក្សដំបូងឡើយ មានការសង្ស័យចំពោះគំនិតនេះ ដោយសារតែពួកគេគិតថា ជាតិកាហ្វេអ៊ីននឹងប៉ះពាល់ដល់សត្វដំរី។

ប៉ុន្តែ លោក Dinkin បាននិយាយថា គាត់បានធ្វើការជាមួយពេទ្យសត្វនៅប្រទេសកាណាដា។ គាត់បានធ្វើតេស្ដឈាមលើសត្វដំរី ហើយបានរកឃើញថា ពួកវាមិនស្រូបជាតិកាហ្វេអ៊ីនទេ នៅពេលវាស៊ីផ្លែប៊ឺរីកាហ្វេឆៅ។

លោក Dinkin ក៏បានឲ្យដឹងថា​ ដើម្បីធ្វើឱ្យកាហ្វេសម្រេចបានមួយគីឡូក្រាម ដំរីត្រូវប្រើប្រាស់គ្រាប់កាហ្វេស្រស់ប្រហែល ៣៣ គីឡូក្រាម រួមជាមួយនឹងរបបអាហារធម្មតានៃអំពៅ និងចេក។

ផលិតផលថ្មីនេះ បានគ្រង “តំណែង” យ៉ាងឆាប់រហ័ស ពីកាហ្វេ Weasel ដែលថ្លៃបំផុតរបស់ពិភពលោក គឺនៅពេលដែលវាត្រូវបានលក់ក្នុងតម្លៃ $2,000/kg ខណៈការហ្វេ weasel coffee តម្លៃត្រឹម $1,000/kg។ ប៉ុន្តែវាបានក្លាយជាភេសជ្ជៈដែលធ្វើឱ្យអ្នកមានចាប់អារម្មណ៍។ អតិថិជនសុខចិត្តបង់ថ្លៃខ្ពស់កប់ពពកសម្រាប់ផលិតផល “មិនធម្មតា” នេះ។

យោងតាមសារព័ត៌មាន Daily Mail កាហ្វេ Black Ivory បច្ចុប្បន្ន ត្រូវបានលក់ផ្តាច់មុខនៅសណ្ឋាគារប្រណិតៗនៅអាស៊ី ភាគច្រើននៅប្រទេសថៃ សិង្ហបុរី និងហុងកុង។

លើសពីនេះ គ្រួសាររបស់ទ្រមាក់សត្វដំរី ត្រូវបានបង់ឲ្យ ក្នុងការប្រមូលគ្រាប់កាហ្វេពីលាមកដំរី ហើយ ៨% នៃតម្លៃលក់ត្រូវបានបរិច្ចាគទៅមូលនិធិដែលជួយចំណាយលើការព្យាបាលបសុពេទ្យ និងសម្ភារៈសម្រាប់សត្វដំរី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×