នារីជាអតិថិជនម្នាក់ បានចែករំលែករឿងដ៏ភ្ញាក់ផ្អើលមួយ ដែលនាងសឹងតែចង្អោរ ក្រោយបានទិញមាន់ដុត ហើយហៀបនឹងហែកញ៉ាំ ស្រាប់តែក្រឡេទៅឃើញ «ពងរុយ» មួយក្រញុំ នៅក្នុងខាងសាច់មាន់ ធ្វើអោយរូបនាងលែងឃ្លានតែម្តង។
នេះបើនារីជនជាតិថៃម្នាក់ ដែលអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Yin Yin កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះរូបអាហារដែលនាងបានកុម្ម៉ង់ ដោយបង្ហាញសាច់មាន់មួយដុំនោះ មានអ្វីមួយនៅជាប់នឹងវា ដែលមើលទៅជាស្រដៀងនឹង “ពងរុយ” ដែលតោងជាប់មួយក្រញុំតែម្តង។ តាមរយៈរូបភាពនេះ គណនីហ្វេសប៊ុកខាងលើ បានភ្ជាប់ caption បែបនេះថា “ហាងនេះចិត្តល្អមែន មានពង (រុយ) ទៀត”។
បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែករំលែក ឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ខណៈមនុស្សជាច្រើនបានឃើញហើយរន្ធត់ចិត្តជាខ្លាំង។ ក្នុងនោះ អ្នកលេងម្នាក់បាននិយាយថា៖ «ខ្ញុំមិនចង់ស្រមៃថានឹងជួបរឿងបែបនេះទេ ប្រសិនបើខ្ញុំមើលមិនឃើញ ហើយបានញ៉ាំវាដោយចៃដន្យ តើគិតយ៉ាងណាទៅ!»។
ទោះជាយ៉ាងណា ទន្ទឹមនឹងនោះ គេក៏បានឃើញអ្នកលក់ដូរចំនួនបានមកបញ្ចេញមតិថា «ចំពោះពងសត្វរុយនេះ ពិបាកការពារខ្លាំងណាស់ ព្រោះមួយសន្ទុះក្រោយមក ពងរបស់វាក៏ហើរលើចំណី។ យកល្អ គួរតែកំដៅវារាល់ពេលមុនយកមកញ៉ាំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង