ស្ត្រីទេសចរម្នាក់ បានធ្វើឲ្យគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំង ក្នុងហេតុការណ៍ដែលស្រ្តីនោះបានរបូតដៃពីលើជណ្តើរដ៏ចោត ធ្លាក់ចុះក្រោមទាំងកម្រោល ខណៈកំពុងឡើងទៅលើកំពូលភ្នំទេសចរណ៍ដ៏ល្បីមួយ ក្នុងប្រទេសចិន។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ NetEase បានរាយការណ៍ថា ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងនៅគោលដៅទេសចរណ៍ដ៏ល្បីល្បាញ គឺភ្នំ Huashan ក្នុងខេត្ត Shaanxi ដែលជាភ្នំពិសិដ្ឋមួយក្នុងចំណោមភ្នំទាំង ៥ នៅក្នុងប្រទេសចិន។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលដែលស្រីជាភ្ញៀវទេសចរម្នាក់ បានកំពុងព្យាយាមឡើងជណ្តើរ ស្រាប់តែរអិលជើង ហើយរបូតដៃពីខ្សែច្រវ៉ាក់ដែក បណ្តាលឱ្យគាត់ផ្ងារក្រោយធ្លាក់ទាំងកម្រោលតែម្តង។
ឃ្លីបវីដេអូនៃឧបទ្ទវហេតុនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញថា ក្នុងអំឡុងពេលនោះមានភ្ញៀវទេសចរច្រើន កំពុងឡើងជណ្ដើរដើម្បីទៅលើភ្នំ។ ជណ្តើរគឺចោតណាស់ ដូច្នេះ អ្នកឡើងត្រូវតែប្រើដៃរបស់តោងខ្សែច្រវ៉ាក់ និងប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែ ស្ត្រីទេសចរនោះដែលមានសំណាងមិនល្អ ស្រាប់រអិលជើង ហើយរបូតដៃពីខ្សែច្រវ៉ាក់ ដាច់ផ្ងារធ្លាក់ចុះ ធ្វើឲ្យភ្ញៀវទេសចរផ្សេងទៀតមានការភ័យស្លន់ស្លោគ្រប់គ្នាតែម្តង។
ទោះជាណាក៏ដោយ របាយការណ៍មិនបានបញ្ជាក់ឲ្យប្រាកដថា តើអ្នកទេសចរស្រីនោះរងរបួសធ្ងន់ប៉ុណ្ណាទេ? ហើយនាងមានសុវត្ថិភាពពីឧបទ្ទវហេតុនេះដែរឬទេ? ប៉ុន្តែមានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតដែលអ្នកអះអាងថាជាសាក្សី បាននិយាយថា សំណាងល្អមានអ្នកទេសចរប្រុសជាច្រើននៅខាងក្រោមដែលឈរស្របក្បែរខ្លួននាងដែលធ្លាក់ចុះ មានភាពរហ័សរហួន អាចនាំគ្នាជួយចាប់ទ្រ ដែលធ្វើឲ្យស្រ្តីនោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
បន្ទាប់ពីវីដេអូឃ្លីបនៃព្រឹត្តិការណ៍នេះ ត្រូវបានចែករំលែក មនុស្សជាច្រើនដែលបានឃើញ ក៏មានការតក់ស្លុត និងព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេដូចគ្នាផងដែរ។ ទន្ទឹមនឹងនោះ ពួកគេក៏សូមឲ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ មានវិធានការទប់ស្កាត់គ្រោះថ្នាក់ ជាពិសេសនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះផង ដើម្បីកុំឲ្យមានស្ថានការណ៍បែបនេះកើតឡើងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង