វីដេអូឃ្លីបដែលបង្ហាញស្ត្រីបរទេសម្នាក់ «កំពុងសម្អាត» នៅឆ្នេរមួយក្នុងកោះបាលី ខណៈពេលដែលមិត្តភក្តិរបស់នាង បានថតសកម្មភាព ដែលសន្មត់ថាគ្រាន់តែជាការសម្តែង «កេងចំណេញ» ពីប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលទុកថង់សំរាមដ៏ធំនៅពីក្រោយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងពិភពលោក កាលពីចុងសប្តាហ៍មុន។
យ៉ាងណាមិញ វីដេអូដែលថតបានពីចម្ងាយនេះ ត្រូវបានគេរាយការណ៍ថា ជារបស់តារាម៉ូដែលនៅកោះបាលី នាង Alysha Bandy ដែលនាងពិតជាមានការភ្ញាក់ផ្អើល ជាមួយនឹងអ្វីដែលនាងបានឃើញ ហើយសម្រេចចិត្តចែករំលែកឃ្លីបនេះនៅលើ Instagram របស់នាង។ វីដេអូឃ្លីបនេះ ក្រោយមកត្រូវបានចែកចាយពាសពេញកោះបាលី ហើយថែមទាំងបានរីករាលដាលពាសពេញពិភពលោក ខណៈដែលអ្នកនិយមលេងអ៊ីនធឺណិត បានរិះគន់ទៅលើទង្វើ «បោកប្រាស់» របស់ស្រ្តីបរទេសមិនស្គាល់អត្តសញ្ញាណរូបនោះយ៉ាងចាស់ៗដៃ។
នៅក្នុងវីដេអូនោះ ស្ត្រីបរទេសដែលស្លៀកសម្លៀកបំពាក់ហាត់ប្រាណ (ជាសម្លៀកបំពាក់ធម្មតានៅកោះបាលី ជាពិសេសនៅក្នុងកន្លែងហាត់ប្រាណដែលមានឥទ្ធិពលលើ Canggu) ត្រូវបានគេមើលឃើញថា ត្រូវបានថតដោយមិត្តភក្តិស្រីរបស់នាង ខណៈដែលនាងរៀបចំថង់សំរាម ដើម្បីសម្អាតឆ្នេរនៅកោះបាលី។
បន្ទាប់ពីការថតចប់ ស្រ្តីនោះបាន “អបអរ” ដោយលើកមេដៃដាក់កាមេរ៉ា ហើយលោតរាំបន្តិច… មុនពេលនាំគ្នាដើរចាកចេញ ទុកថង់សំរាមចោលនៅទីនោះ។
អ្នកនិយមលេងអ៊ីនធឺណិត បានសម្តែងការហួសចិត្ត ដោយអ្នកខ្លះនិយាយថា នេះជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី influencer (អ្នកល្បី) ក្លែងក្លាយ នៅលើអ៊ីនធឺណិត។ រីឯអ្នកខ្លះទៀត ពិតជាចង់ដឹងអំពីអត្តសញ្ញាណរបស់ស្ត្រីរូបនោះយ៉ាងខ្លាំង និងវីដេអូនេះត្រូវបានថតនៅកន្លែងណា នៅកោះបាលី?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង