ភ្នំពេញ ៖ អ្នកភ្នំពេញ និងអ្នករស់នៅតាមបណ្ដាខេត្តនានា ត្រៀមលក្ខណសម្បត្តិទទួលទឹកភ្លៀងជាបន្តបន្ទាប់ ព្រោះក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៩-២៥ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា គឺមានគ្រាប់ភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹក បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបមួយបានធ្វើសកម្មភាព នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ដូច្នេះ លក្ខណៈបែបនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយដូចជា ÷
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅ មធ្យម និងបង្គួរ ដោយលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅ បង្គួរ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពី បង្គួរ ទៅ ច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ជាមួយនេះផងដែរ ក្រសួងធនធានទឹក បានអំពាវនាវ សូមសាធារណជនទទួលជាពិសេសអ្នកទេសចរ និងអ្នកនេសាទ ជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN