នាថ្ងៃទី២៤ កក្កដា បណ្ដាញសង្គមក្នុងប្រទេសវៀតណាម បានបញ្ចេញព័ត៌មានដ៏ភ្ញាក់ផ្អើល ខណៈដែលមនុស្សជាច្រើននាក់ត្រូវបានចោរឆក់កាបូប នៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា នៅសកលវិទ្យាល័យមួយកន្លែង ក្នុងទីក្រុងហូជីមិញ។
នេះបើតាមជនរងគ្រោះម្នាក់ឈ្មោះ Che Ngoc Quynh N បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា នាងបានទៅសាកលវិទ្យាល័យដឹកជញ្ជូន នៅទីក្រុងហូជីមិញ ដើម្បីចូលរួមពិធីប្រគល់សញ្ញាបត្ររបស់បងប្រុសនាង។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅទីនោះ នាងត្រូវបានចោរលួកហោប៉ៅ លួចយកទូរស័ព្ទ iPhone 13 Pro Max ដែលមានតម្លៃជិត ៣០ លានដុង (ស្មើជាង ១២០០ ដុល្លារ)។
នាងបាននិយាយថា «នៅពេលនោះ ខ្ញុំកាន់កាបូបស្ពាយ ហើយមាននរណាម្នាក់បានស្ទាបខ្ញុំពីក្រោយ។ ពេលខ្ញុំងាកទៅក្រោយ ខ្ញុំឃើញស្ត្រីនោះកាន់ផ្កា ប៉ុន្តែខ្ញុំមិនបានសង្ស័យទេ ក្រោយមកខ្ញុំដឹងថា កាបូបស្ពាយនៅចំហរ ហើយទូរស័ព្ទក៏បាត់តែម្តង»។
រីឯជនរងគ្រោះម្នាក់ទៀត លោក Dang Hong Q. ក៏បាននិយាយដែរថា នៅព្រឹកថ្ងៃដដែល លោកបានចូលរួមក្នុងពិធីចែកសញ្ញាបត្រ ហើយក៏បានបាត់ iPhone 11 Pro ដែលមានតម្លៃ ១២ លានដុង (ជាង ៥០០ ដុល្លារ)។ លោក Dang បានបន្តថា៖ «ទូរស័ព្ទត្រូវបានដាក់ក្នុងហោប៉ៅអាវរបស់គាត់ ប៉ុន្តែបន្ទាប់មក វាស្រាប់តែបានបាត់ដោយមិនដឹងខ្លួន»។
ប្រាប់ទៅកាន់អ្នកយកព័ត៌មានកាសែត Nguoi Lao Dong, ប្រធានគណៈកម្មាធិការប្រជាជន Ward 25 បាននិយាយថា ប៉ូលីសបានកត់ត្រាករណីបាត់ទូរស័ព្ទរបស់គាត់ ក្នុងពិធីប្រគល់សញ្ញាបត្រនៅព្រឹកថ្ងៃទី២៣ ខែកក្កដា។ គាត់បាននិយាយថា «ប៉ូលីសនឹងមានរបាយការណ៍ជាក់លាក់មួយ ហើយយើងនឹងប្រកាសវាក្នុងពេលឆាប់ៗនេះ»។
យោងតាមការស្រាវជ្រាវ និស្សិតជាច្រើននាក់ បានបាត់ទូរស័ព្ទរបស់ពួកគេ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ។
តាមរូបភាពកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញមានមនុស្សយ៉ាងតិច ៣ នាក់ (ស្រី២នាក់ ប្រុស១នាក់) មកជិតជនរងគ្រោះ។ ក្នុងនោះ បុរសពាក់អាវពណ៌ស កាន់ភួងផ្កាពណ៌ស្វាយ មានស្ត្រីពីរនាក់មកជាមួយ។ ពួកគេបានចូលទៅជិតសិស្ស និងសមាជិកគ្រួសារ ខណៈកំពុងថតរូប បន្ទាប់មក “ធ្វើសកម្មភាព” ហើយចាកចេញយ៉ាងលឿន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង