ពិតជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានដឹងថា បុរសជនជាតិចិនម្នាក់ បាន «ជុះ» ស្តែងៗ ខណៈកំពុងហែលហែលទឹក។ ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ត្រូវបានដឹងថាបានកើតឡើងនៅអាងហែលទឹកមួយកន្លែង នៅក្នុងទីក្រុង Guangzhou កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ បុរសនោះកំពុងហែលទឹកនៅក្នុងអាង ប៉ុន្តែ ភ្លាមៗនោះ បុរសនោះក៏បានយកដៃទាញខោស្រាត ហើយក្រឡេកមើលរូបភាពពីក្រោយ អ្នកអាចមើលឃើញអ្វីមួយពពុះពណ៌លឿងនៅលើផ្ទៃទឹក មុនពេល «លាមក» អណ្តែត។
ទោះជាយ៉ាងណា គេក៏មិនគិតថា អ្នកនៅពីក្រោយបុរសនោះ បានដឹងពីរឿងនេះទេ ប៉ុន្តែ មើលតាមវីដេអូ គាត់បានបន្តហែលទៅរកលាមក។
ជាក់ស្តែងណាស់ គ្រូបង្វឹកនៅកន្លែងហាត់ប្រាណក្បែរអាងទឹក បានឃើញលាមក ហើយបានស្នើអ្នកហែលទឹកទាំងអស់ឱ្យជម្លៀសចេញពីអាងភ្លាមៗ។ បន្ទាប់មក ពួកគេក៏បានក៏យកវីដេអូ CCTV ដើម្បីស្វែងរកជនល្មើស ព្រោះថា មានតែសមាជិកប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យហែលទឹកនៅក្នុងអាង ដូច្នេះពួកគេស្គាល់សមាជិកទាំងអស់របស់ពួកគេ។ ភ្លាមៗនោះ ពួកគេបានរាយការណ៍ទៅប៉ូលីស ហើយបុរសនោះត្រូវបានពិន័យជាប្រាក់ RMB 8000 (ប្រហែល 1,120 ដុល្លារ)។ ហើយអាងទឹកក៏ត្រូវបានសម្អាត មុនពេលត្រូវបានបើកជាសាធារណៈម្តងទៀត។
ទោះជាយ៉ាងណា ការផាកពិន័យមិនមែនជាការពិន័យតែមួយទេ គឺសូម្បីតែសមាជិកភាពរបស់បុរសនេះ ត្រូវបានដកហូតភ្លាមៗអស់មួយជីវិតផងដែរ។
វីដេអូនេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Douyin ខណៈអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានបង្ហាញពី «ការព្រួយបារម្ភ» របស់ពួកគេ ចំពោះអ្នកហែលទឹកនៅខាងក្រោយ ដែលហាក់ដូចជាមិនដឹងពីលាមក ដែលកំពុង «រង់ចាំ» គាត់។
ក្នុងនោះ អ្នកលេងជាច្រើនបាននិយាយលេងសើចថា៖ «បងប្រុសនៅខាងក្រោយ ប្រហែលមិនដឹងថា គាត់កំពុងហែលទឹកឆ្ពោះទៅរកលាមកទេមើលទៅ! បុរសខាងក្រោយបានតាមជិតពេក គួរបែងចែកការផាកពិន័យជាមួយគាត់, ប្រសិនបើបុរសនៅខាងក្រោយ ហែលលឿនជាងនេះ អាចលាមកនឹងចូលក្នុងមាត់ពុំខាន, ពិន័យ 8000 RMB គឺតិចពេកហើយ វាគួរតែយ៉ាងហោចណាស់ 20,000 RMB ទើបសមនឹងទង្វើដ៏កខ្វក់បុរសរូបនេះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង