កាលពីពេលថ្មីៗនេះ វីដេអូខ្លីមួយដែលបានកត់ត្រានូវស្ថានភាពដ៏គួរឲ្យរន្ធត់មួយ នៅពេលដែលក្មេងស្រីម្នាក់ដែលមានភាពឆ្លាតវៃ និងរហ័សរហួន បានជួយសង្គ្រោះក្មេងប្រុសម្នាក់ដែលជើងជាប់ក្នុងជណ្តើរយន្ត ធ្វើឲ្យមនុស្សជាច្រើនរន្ធត់ចិត្តយ៉ាងខ្លាំង។
វីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ បានប្រញាប់ទៅខាងក្រោមនៃជណ្តើរយន្ត ហើយចុចប៊ូតុងឈប់សង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីនាងបានរកឃើញថា ជើងរបស់ក្មេងប្រុសនោះកំពុងជាប់គាំងនៅក្នុងជណ្តើរយន្ត។ ឧបទ្ទវហេតុនោះបានទាក់ទាញមនុស្សជាច្រើននៅជុំវិញនោះ បុគ្គលិករបស់មជ្ឈមណ្ឌលក៏មានវត្តមានភ្លាមៗ ដើម្បីជួយទ្រ និងទូរស័ព្ទរកជំនួយ។
ក្រោយទទួលបានដំណឹងនេះ មជ្ឈមណ្ឌលបញ្ជាការអគ្គិភ័យ បានបញ្ជូនកម្លាំងសង្គ្រោះក្រុងវូហាន ទៅកាន់កន្លែងកើតហេតុ ជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន ៦ គ្រឿង ដើម្បីដោះស្រាយស្ថានភាពនេះ។
ពេលមកដល់កន្លែងកើតហេតុ ក្រុមអ្នកពន្លត់អគ្គីភ័យបានរកឃើញកជើងរបស់ក្មេងប្រុស ជាប់គាំងនៅចន្លោះចំហៀងនៃជណ្តើរយន្ត។ ក្រោយពីវាយតម្លៃស្ថានភាពរួច ក្រុមសង្គ្រោះបានសម្រេចកាត់ស្បែកជើងក្មេងប្រុសដោយកាំបិតតូច និងកន្ត្រៃ។ បន្ទាប់មក ប្រើឧបករណ៍កាត់ (hydraulic cutter) ដើម្បីគាស់ផ្នែកម្ខាងនៃទ្វារជណ្តើរយន្ត បង្កើតគម្លាតដើម្បីជួយរំដោះជើងក្មេងប្រុស។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកម្ខាងនៃជណ្ដើរគឺរឹងពេក វាពិបាកក្នុងការពង្រីកកន្លែង ហើយជើងរបស់ក្មេងប្រុសមិនអាចលើកដោយជោគជ័យបានទេ។
ប៉ុន្មាននាទីក្រោយមក ក្រុមថែទាំជណ្តើរយន្តបានមកដល់កន្លែងកើតហេតុ ហើយបានរុះរើផ្ទាំងបញ្ជា។ ខណៈនោះ ក្រុមអ្នកពន្លត់អគ្គីភ័យបានរក្សាក្មេងប្រុសនេះឱ្យស្ងប់ស្ងាត់ និងបានប្រើក្រវ៉ាត់កដើម្បីពង្រីកគម្លាត។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏តានតឹងជិត ១០ នាទី ក្មេងប្រុសត្រូវបានរំដោះចេញដោយជោគជ័យ។ ភ្លាមៗនោះ ក្រុមគ្រួសារបាននាំក្មេងប្រុសរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ។ បន្ទាប់ពីពិនិត្យ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា មិនមានការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ។
បើតាមម្តាយក្មេងប្រុស បាននិយាយថា នៅរសៀលថ្ងៃនោះ មានក្មេងៗ៤នាក់ បានចូលតាមជណ្តើរយន្ត ដើម្បីចុះទៅទិញទំនិញ។ ប៉ុន្តែជាអកុសល ជើងស្តាំរបស់ក្មេងប្រុសម្នាក់ ស្រាប់តែបានជាប់នឹងជណ្ដើរអំឡុងពេលចុះមក។ ឃើញបែបនេះ ក្មេងស្រីដែលអមដំណើរគាត់ ក៏ប្រញាប់ចុះទៅក្រោមជណ្តើរ ហើយចុចប៊ូតុងឈប់សង្គ្រោះបន្ទាន់។ ក្នុងពេលជាមួយគ្នានោះ ក្មេងស្រីតូចបានស្រែកឱ្យគេជួយ។
បន្ទាប់ពីបានឮការស្រែកសុំជំនួយខ្លាំងៗ បុគ្គលិកផ្សារទំនើប ក៏បានមកដល់កន្លែងកើតហេតុភ្លាមៗ និងបានហៅអ្នកជួយសង្គ្រោះ។ តែសំណាងល្អ ដែលក្មេងស្រីដ៏ឆ្លាតវៃនោះ បានធ្វើឲ្យជណ្តើរយន្តបានឈប់ភ្លាមៗ ហើយក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា។ ពួកគេបានរកឃើញជើងស្តាំរបស់ក្មេងប្រុសមានតែហើមបន្តិចប៉ុណ្ណោះ។
បន្ទាប់ពីវីដេអូឃ្លីបនៃឧបទ្ទវហេតុនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងពិភពអនឡាញ វីរភាពរបស់តារាស្រីតូចនេះបានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរជាខ្លាំង។ តែទោះជាយ៉ាងណា មតិមហាជនជាច្រើនបានរិះគន់ឪពុកម្តាយ ចំពោះការអនុញ្ញាតឱ្យកូនរបស់ពួកគេចុះជណ្តើរយន្តតែម្នាក់ឯង ដោយគ្មានការត្រួតពិនិត្យពីមនុស្សពេញវ័យ។ ហើយករណីនេះ ចាត់ទុកថាជាមេរៀនមួយសម្រាប់មាតាបិតាគ្រប់រូប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង