នេះពិតជារឿងដ៏ហួសចិត្ត និងស្ទើរថ្លែងពុំចេញនោះទេ ក្រោយពីបានឃើញសកម្មភាពដ៏មិននឹកស្មានដល់ របស់មនុស្សប្រុសស្រីមួយ «ហ្វូង» ដែលគេដឹងថាជាក្រុមគ្រូមហាជុំតែម្តង ដែលបានបញ្ចេញក្បាច់រាំបារមីសន្ធិតដូចមនុស្សបែកថ្នាំ ខណៈដៃកាន់កំប៉ុងស្រា ABC ផឹកបណ្តើរ និងជក់បារីបណ្តើរ ស្ថិតនៅពីមុខអាស្រមលោកយាយម៉ៅ ពេជ្រនិល។
ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា កាលពីដើមឡើយ បារមីសន្ធិតគ្រូ គឺត្រូវបានឃើញត្រឹមតែរាំក្នុងកាយវិការរេរាំធម្មតាប៉ុណ្ណោះ ប៉ុន្តែ ទង្វើដ៏មិនគប្បីមួយនេះ គឺពិតជាជ្រុលហួសហេតុខ្លាំងណាស់ ដែលបានធ្វើឡើងស្ថិតនៅកន្លែងទីសក្ការៈបូជាលោកយាយម៉ៅ ដ៏ស័កសិទ្ធិ ដែលប្រជាជនខ្មែរគ្រប់រូបតែងចូលទៅគោរព និងបន់ស្រន់ បួងសួង តែបែរជាត្រូវបានក្រុមអស់ទាំងនេះ ទៅផឹកស៊ីហ៊ោកញ្រ្ជៀវដ៏គ្មានសីលធម៌បែបនេះទៅវិញ។
ក្រោយពីបានឃើញទង្វើដ៏ឆ្កួតលីលានេះ មហាជនបានរិះគន់ដាក់ឲ្យយ៉ាងធ្ងន់ៗ ក្នុងនោះ អ្នកលេងម្នាក់បានសម្តែងការហួសចិត្តបែបនេះថា «បារមីតាវាស្អី!, បារមីផឹកស្រា ABC ជក់បារី ដូចមនុស្សបែកថ្នាំចឹងមែន មានសីលនៅឯណា មានតែខ្មោចព្រាយបីសាចប៉ុណ្ណោះ កុំច្រឡំថា អ្នកមានបុណ្យបារមី មកសណ្ឋិតអោយសោះ! តែក្រុមនេះ ជាពួកក្រុមពង្វក់សង្គម គ្មានប្រភពច្បាស់លាស់,…»។
ពិតណាស់ ប្រហែលឃើញមហាជនផ្ទុះប្រតិកម្មខ្លាំងៗ និងក៏ដូចស្នើដល់អាជ្ញាធរ ក្រសួងវប្បធម៌ គួរមានវិធានការ ហៅក្រុមគ្រូខ្មោចព្រាយបិសាចចូលទាំងនេះមកដុសខួរចេញម្តង! ស្រាប់តែនៅលើផេកហ្វេសប៊ុកគ្រូមហាជុំ បានលុបវីដេអូនេះចោល ដោយគ្មានការចេញមុខសុំទោសអ្វីឡើយ និងរក្សាទុកតែវីដេអូដែលបង្ហាញសកម្មភាពរាំគ្មានកំប៉ុង ABC និងជក់បារី វិញ ដែលពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង