កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងស្លុតរន្ធត់មួយ បានកើតឡើងនៅក្នុងធនាគារមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងស្រុក Mueang ខេត្ត Loei ប្រទេសថៃ គឺនៅពេលដែលបុរសវ័យចំណាស់ម្នាក់ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត បានវាយប្រហារអ្នកគ្រប់គ្រងធនាគារដោយកាំបិត បន្ទាប់ពីអ្នកគ្រប់គ្រងបដិសេធផ្តល់ប្រាក់ចំនួន ១ ពាន់លានបាត ដល់គាត់ ព្រោះក្នុងកុងរបស់គាត់ឆែកឃើញមានតែប៉ុន្មានបាតប៉ុណ្ណោះ។
យ៉ាងណាមិញ តាមរយៈវីដេអូ CCTV នៃហេតុការណ៍នេះ ដែលត្រូវបានប្រគល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញពីបុរសចំណាស់ម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់អាវឆ្នូត បានដើរសំដៅចូលទៅក្នុងការិយាល័យអ្នកគ្រប់គ្រងធនាគារ ហើយវាយប្រហារគាត់តែម្តង។ បន្ទាប់មក សន្តិសុខបានជួយអន្តរាគមន៍ និងនាំយកអ្នកវាយប្រហាររូបនេះចេញពីក្នុងធនាគារ ខណៈអតិថិជនផ្សេងទៀតដែលមានវត្តមាននៅធនាគារនោះ បានស្ងប់ស្ងាត់ និងរត់ទៅកន្លែងសុវត្ថិភាព។
យោតាមប្រភពព័ត៌មាន ThaiRath បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ជនវាយប្រហារវ័យចំណាស់នេះ ត្រូវបានដឹងថាមានឈ្មោះ Surasak អាយុ ៦៤ ឆ្នាំ។
នៅថ្ងៃកើតហេតុ លោក Surasak បានទៅកាន់ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ក្នុងខេត្ត Loei ហើយស្នើសុំដកលុយចំនួន ១ ពាន់លានបាត។ គាត់បានប្រគល់សៀវភៅកត់ត្រាមួយក្បាល ទៅឲ្យអ្នកគ្រប់គ្រងធនាគារ ជំនួសឲ្យសៀវភៅធនាគារទុកជាភស្តុតាងថា មាននរណាម្នាក់បានផ្ទេរប្រាក់មកគាត់។
អ្នកគ្រប់គ្រងបានឆែកមើលគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Surasak ហើយរកឃើញចំនួនទឹកប្រាក់ត្រឹមតែ ៣៤ បាត ប៉ុណ្ណោះនៅក្នុងនោះ។ ការផ្ទេរប្រាក់ចុងក្រោយ ដែលធ្វើឡើងក្នុងគណនីរបស់គាត់ គឺប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ចំនួន ៦០០ បាត និងប្រាក់ឧបត្ថម្ភជនពិការដែលផ្តល់ដោយរដ្ឋាភិបាល។
ទោះជាយ៉ាងណា លោក Surasak បដិសេធមិនជឿថាលុយមិនបានផ្ទេរទេ ហើយបានស្រែកដាក់អ្នកគ្រប់គ្រងខ្លាំងៗ មុនពេលសន្តិសុខនាំយកគាត់ចេញពីធនាគារ។
បន្ទាប់មក កាមេរ៉ាសុវត្ថិភាព បានបង្ហាញលោក Surasak ត្រឡប់មកធនាគារវិញ ជាមួយដៃកាន់កាំបិត ដោយដើរសំដៅទៅវាយប្រហារអ្នកគ្រប់គ្រងតែម្តង។
អ្នកគ្រប់គ្រងព្យាយាមការពារខ្លួនដោយប្រើដៃ ទើបបណ្តាលឲ្យដាច់ដៃ។ ក្រោយមក អ្នកគ្រប់គ្រងធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលចាំបាច់។
Thairath រាយការណ៍ថា លោក Surasak ត្រូវបានចាប់ដាក់ពន្ធនាគារនៅសាលាដំបូងខេត្ត Loei និងចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។ ទោសនេះនឹងស្មើនឹងពាក់កណ្តាលនៃទោសទណ្ឌនៃមាត្រា ២៨៨ ដែលចែងថា ជនណាដែលសម្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ២០ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង