យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅក្នុងប្រទេសចិន បានឲ្យដឹងថា បន្ទាប់ពីអ្នកស្រី Zhang ទើបសម្រាលបានកូនបានតែ ៥ ខែ ប៉ុន្តែដោយស្ថានភាពគ្រួសារ នាងត្រូវធ្វើការនៅឆ្ងាយពីផ្ទះ និងទុកកូនឲ្យម្ដាយក្មេកជួយមើលថែចិញ្ចឹម ប៉ុន្តែ បានត្រឹមតែ៣ខែប៉ុណ្ណោះ នាងពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ។
ដោយនឹកអាល័យកូនពេក Zhang ក៏បានឆ្លៀតពីការងារត្រឡប់មកផ្ទះ។ ខណៈមកដល់ផ្ទះភ្លាមៗ នាងក៏ប្រញាប់ដើររក តែពេលឃើញមុខកូន នាងពិតជារន្ធត់ចិត្តខ្លាំងតែម្តង។ ព្រោះថា ពីទារកអាយុ ៥ ខែ បែរទៅជាយក្សអាយុ ៨ ខែ ដែលមានរាងកាយធំ និងមុខដូចហ៊ីងអ៊ីចឹង។ ទំងន់រាងកាយរហូតដល់ ៣០ គីឡូក្រាម ខណៈពេលដែលទម្ងន់ជាមធ្យមរបស់ទារកអាយុ ៨ ខែ គឺត្រឹមតែ ៨,៦ គីឡូក្រាម ប៉ុណ្ណោះ។ នេះមានន័យថា កូនប្រុសរបស់នាងមានទម្ងន់៣ដងច្រើនជាងក្មេងធម្មតា។
Zhang សម្រេចចិត្តនិយាយជាមួយម្តាយក្មេកដោយផ្ទាល់ ដោយនាងបានស្តីបន្ទោសម្តាយក្មេកថា ចិញ្ចឹមចៅធាត់លើសទម្ងន់ខុសប្រក្រតី ដែលវាអាចមានគ្រោះថ្នាក់ដល់សុខភាពទារក ប៉ុន្តែម្តាយក្មេកមានទស្សនៈផ្ទុយ ដោយបាននិយាយបកទៅវិញថា កូនរបស់នាងញ៉ាំបានណាស់ ហើយគាត់ពិតជាមានមោទនភាព ដែលចិញ្ចឹមចៅឲ្យចេញមក «សម្បូរហូរហៀរ» បែបនេះបាន។
ស្រ្តីជាម្តាយក្មេក ក៏បាននិយាយបែបនេះថា «ដឹងអីអត់? ខ្ញុំបានធ្វើដំណើរទៅច្រើនកន្លែង ទាក់ទងមនុស្សច្រើន ហើយក៏ចិញ្ចឹមកូនច្រើនដែរ បើវាចង់ញ៉ាំ គឺញ៉ាំច្រើនក៏កាន់តែល្អ ជាពិសេស សម្រាប់ក្មេងប្រុស ធាត់គឺល្អបំផុត»។
ពេលឮទស្សនៈរបស់ម្តាយក្មេកបែបនេះ បានធ្វើឲ្យ Zhang ផ្ទុះកំហឹងកាន់តែខ្លាំង ដោយនិយាយដាក់ទៅវិញទាំងហួសចិត្តថា «ហេតុអ្វីបានជាត្រូវចិញ្ចឹមចៅឱ្យក្លាយជាជ្រូកអ៊ីចឹង?»។
ទោះជាយ៉ាងណា ស្រ្តីជាម្តាយក្មេក បានបន្ទោសកូនប្រសាថា នាងនៅក្មេង មិនដែលមានបទពិសោធចិញ្ចឹមកូនពីមុនមក អ៊ីចឹង បានអត់ដឹងអីសោះ ហើយត្អូញត្អែរថា ធុញនឹងការចិញ្ចឹមចៅ ព្រោះឲ្យអីក៏ញ៉ាំដែរ។ តែ Zhang មិនគ្រាន់តែមិនសរសើរនោះទេ ថែមទាំងសម្ដែងការមិនពេញចិត្ត និងហួសចិត្តកាន់តែខ្លាំង។
Zhang ដែលមានអារម្មណ៍អន់ចិត្ត និងបានត្រឹមសម្រក់ទឹកភ្នែក ព្រោះតែមិនអាចធ្វើអ្វីបាន នៅទីបំផុត បាននាំយកកូនចេញពីផ្ទះម្តាយក្មេក ហើយនាងតាំងចិត្តចិញ្ចឹមកូនដោយខ្លួនឯងវិញ។
ក្រោយពីរឿងនេះត្រូវបានគេចែកចាយ ក៏ក្លាយជាប្រធានបទនៃការរិះគន់យ៉ាងទូលំទូលាយ។ ក្នុងនោះ មនុស្សជាច្រើនបានព្រមានឲ្យដឹងថា កុមារដែលធាត់ពេក នឹងមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ រួមទាំងដំណើរការលូតលាស់ធម្មជាតិ គឺយឺតណាស់។ លើសពីនេះ ភាពធាត់ចំពោះកុមារ ក៏ប៉ះពាល់ដល់សមត្ថភាពយល់ដឹង និងការអភិវឌ្ឍន៍ខួរក្បាលផងដែរ ខណៈផលប៉ះពាល់ខ្លាំងដោយសារតែរាងកាយទទួលបន្ទុកលើសទម្ងន់លើសខ្លាំងបែបនេះ ពេលធំឡើងនឹងប្រឈមជំងឺទាំងលើសសម្ពាធឈាម និងទឹកនោមផ្អែមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង