ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យកសិកម្ម ដោយវិស័យនេះ បានស្ថិតក្នុង ទស្សនវិស័យអាទិភាពទាំង៤ គឺធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង ។នេះបើតាមការផ្សាយរបស់គេហទំព័រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ខែកក្កដានេះ។
អ្នកនាំពាក្យបក្សកាន់អំណាច បានលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំក្នុងការអូសទាញ វិនិយោគបរទេសឲ្យចូលមកវិនិយោគសាងសង់រោងចក្រ កែច្នៃកសិផល ឲ្យទៅជាផលិផល សម្រេចសម្រាប់នាំចេញ ដើម្បីជាទីផ្សារកសិផលផង និងរក្សាថ្លៃកសិផលផង ឲ្យមានស្ថិរភាព សម្រាប់កសិករ។
លោកបានបន្តថា កម្ពុជាជាប្រទេសកសិកម្ម ដែលមានកសិករជាង៨០ភាគរយ។ កសិផលមាន តម្លៃប្រែប្រួលទៅតាមមុខ កសិផលនិងតាមពេលវេលា ដោយសារកម្ពុជាជាប្រទេស តូចមួយនៅអាស៊ី និងនៅលើពិភពលោក ដូច្នេះទំនិញកសិផល បានរណបលើទីផ្សារ នៅបរទេស ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះវិស័យកសិកម្មណាស់ ដោយវិស័យ នេះបានស្ថិតនៅក្នុងទស្សនវិស័យអាទិភាពទាំង៤ គឺធនធានមនុស្ស ទឹក ផ្លូវ ភ្លើង”។
អ្នកនាំពាក្យរូបនេះ បានលើកឧទាហរណ៍ថា ផលិតផលកៅស៊ូឡើងចុះ ទៅតាមទីផ្សារអន្តរ ជាតិ ប៉ុន្តែនៅពេលតម្លៃកៅស៊ូ ១តោន ឡើងដល់ជាង ៥៥០០ដុល្លារ គេមិនសរសើររាជរដ្ឋា ភិបាលទេ ប៉ុន្តែកៅស៊ូធ្លាក់ថ្លៃមកនៅជាង១៥០០ដុល្លារ គេនាំគ្នារិះគន់រាជរដ្ឋាភិបាលថា មិនចេះគិតគូថ្លៃកសិផល។ ពីមុនមានបញ្ហាចោទទីផ្សារកសិផលដំឡូងមីចុះថោក រហូតមាន ការតវ៉ា ឥឡូវកសិផលដំឡូងមីមាន ហាងឆេងគ្រាន់បើធ្វើឲ្យប្រជាកសិករ ផលិតដំឡូងមី រីកមុខ សប្បាយរីករាយ ដោយសាររាជរដ្ឋាភិបាល ទាក់ទាញវិនិយោគិនបរទេស មកកសាង រោងចក្រ សម្ងួតដំឡូងក្នុងស្រុក ដែលបង្កលក្ខណៈចរាចរទំនិញដំឡូងមីបានល្អ និងថ្លៃក៏ មានស្ថិរភាព ។
លោកបន្ថែមថា ដូច្នេះថ្លៃទំនិញកសិផលនៅកម្ពុជា រណបទៅនឹងទីផ្សារអន្តរជាតិ ហើយប្រែប្រួល ទៅតាមក្រឹត្យក្រម តុល្យភាពរវាងសំណូមពរ និងការផ្គត់ផ្គង់ ហេតុដូច្នេះហើយ បានជា រាជរដ្ឋាភិបាលកម្ពុជាខិតខំអូសទាញវិនិយោគបរទេស ចូលមកធ្វើវិនិយោគសាងសង់ រោងចក្រកែច្នៃកសិផលឲ្យទៅជាផលិផលសម្រេច សម្រាប់នាំចេញ ដើម្បីជាទីផ្សារកសិផល ផង និងរក្សាថ្លៃកសិផលផងឲ្យមានស្ថិរភាពសម្រាប់កសិករ៕ ដោយ ៖ បញ្ញាស័ក្តិ