វីដេអូមួយដែលទើបត្រូវបានចែករំលែកនៅលើបណ្តាញសង្គមវៀតណាម កាលពីពេលថ្មីៗនេះ ដែលបង្ហាញស្រ្តីជាម្តាយម្នាក់ អប់រំកូនស្រីឲ្យស្គាល់ «រសជាតិ» នៃការលំបាក បន្ទាប់ពីកូនស្រីលែងចង់ទៅរៀន ព្រោះរៀនហត់ខ្លាំង ហើយជាលទ្ធផល កូនស្រីអង្វរសុំទៅរៀនវិញ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះការជជែកវែកញែកយ៉ាងខ្លាំង។
ស្ត្រីជាម្តាយជនជាតិវៀតណាម មានគណនី TikTok ឈ្មោះថា nguyentranhailam បានបង្ហោះវីដេអូឃ្លីបរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់មកផ្ទះវិញ ក៏និយាយថា នាងមិនចង់ទៅរៀនទៀតទេ ព្រោះហត់ខ្លាំងណាស់ ហើយគាត់ក៏អនុញ្ញាត ប៉ុន្តែក្នុងលក្ខខណ្ឌថា បើមិនចង់ទៅសាលារៀន តែនាងត្រូវធ្វើការ។ ហើយកូនស្រីបានយល់ព្រម ម្តាយក៏នាំកូនស្រីទៅខាងក្រោយផ្ទះ ដែលមានគំនរឥដ្ឋ។ នាងឲ្យកូនស្រីធ្វើការងារជាមួយឥដ្ឋ ដើម្បីទទួលយកពាក្យពិត “ហត់” បែបណា។
ដំបូងឡើយ នាងតូចនោះមានចិត្តរំភើបខ្លាំងណាស់ ដោយប្រញាប់ដឹកជញ្ជូនឥដ្ឋយ៉ាងសប្បាយដូចក្មេង។ ប៉ុន្តែ មួយសន្ទុះក្រោយមក ក្មេងស្រីបែរជាបានស្រែកយំ ព្រមជាមួយនឹងការស្នើសុំម្តាយថា នាងមិនចង់ធ្វើការទៀតទេ ចង់ត្រឡប់ទៅសាលាវិញ។ នេះអាចហៅបានថាជាមេរៀនរបស់ម្ដាយ ដែលឃើញលទ្ធផលភ្លាមៗ។
បន្ទាប់ពីវីដេអូឃ្លីបបង្ហាញពីមោទនភាពរបស់ម្តាយត្រូវបានបង្ហោះ វាទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីពិភពអនឡាញ ដោយមានអ្នកមើលច្រើនជាង 1,3 លានដង ខណៈមនុស្សជាច្រើន បានកោតសរសើរចំពោះវិធីអប់រំមួយនេះរបស់ស្រ្តីជាម្តាយ ដែលអនុញ្ញាតឱ្យកូនស្រីយល់ដឹង និងរៀនពីជីវិតដោយខ្លួនឯងមានការគិតដោយឯករាជ្យ ដោយមិនមានការស្តីបន្ទោស ឬបង្ខំអ្វីឡើយ។ ប៉ុន្តែ អ្នកផ្សេងទៀតបានមើលឃើញថា អ្នកម្តាយម្នាក់នេះ “មិនយកចិត្តទុកដាក់ចំពោះកូនស្រីរបស់ខ្លួន”។
ក្នុងនោះ មតិរបស់អ្នកលេងបណ្តាញសង្គម បានលើកឡើងថា៖ «អ្នកគួរតែស្វែងយល់ថាហេតុអ្វី បានជាកូនរបស់អ្នកមិនចង់ទៅសាលារៀន មិនមែនត្រឹមតែក្មេងអះអាងថាហត់ ហើយវាចប់នោះទេ, កូនអាចនឹងត្រូវមិត្តភ័ក្តិធ្វើបាប ឬវាអាចថាគ្រូដាក់សម្ពាធលើពួកគេ ធ្វើឱ្យពួកគេមានអារម្មណ៍ភ័យខ្លាច, វាជាវិធីដ៏ល្អសម្រាប់អ្នកក្នុងការប្រឹក្សាជាមួយសាលា, កុំជំរុញឱ្យកូនរបស់អ្នកភ័យខ្លាចកាន់តែខ្លាំង…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង