គេហទំព័របរទេស បានរាយការណ៍ថា គូស្នេហ៍មួយគូនៅសហរដ្ឋអាមេរិក ទៅញ៉ាំអាហារសមុទ្រនៅក្នុងភោជនីយដ្ឋានមួយ បានប្រទះឃើញរបស់រាងមូលពណ៌សមួយនៅក្នុងអយស្ទ័រ។ ហើយបន្ទាប់ពីការវាយតម្លៃរបស់អ្នកជំនាញ ពួកគេភ្ញាក់ផ្អើលខ្លាំង ពេលដឹងថា វាពិតជាគុជដ៏មានតម្លៃ។ ពួកគេទាំងពីរមានអារម្មណ៍សំណាងណាស់ ដូច្នេះហើយ បានសម្រេចចិត្តរក្សាវត្ថុដ៏មានតម្លៃនេះទុកជាចិញ្ចៀនភ្ជាប់ពាក្យ ដើម្បីចងចាំឱកាសដ៏ពិសេសនេះជារៀងរហូត។
គូស្នេហ៍ជនជាតិអាមេរិកនេះគឺនាង Sandy Sikorsky និង Ken Steinkamp បានទទួលទានអាហារពេលល្ងាចជាមួយសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ នៅភោជនីយដ្ឋានមួយ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេល Sandy រើសអយស្ទ័រចុងក្រោយនៅលើចានរបស់នាង ស្រាប់តែគាត់មានអារម្មណ៍ថា មានវត្ថុចម្លែករាងមូលនៅក្នុងមាត់របស់នាង។
Sandy បញ្ចេញរបស់ចម្លែកនោះ ហើយដាក់វានៅលើដៃរបស់នាងដើម្បីពិនិត្យ។ ដំបូងឡើយ ប្អូនស្រីថ្លៃរបស់នាង បានគិតថា វាអាចជាធ្មេញរបស់នាងដែលបានបាក់! ប៉ុន្តែ ពេលមើលឲ្យដិតដល់ បានរកឃើញថា វាជាគុជខ្យងដែលមានអង្កត់ផ្ចិតប្រហែល ៩,៨ មិល្លីម៉ែត្រ។
ទោះជាយ៉ាងណា ពួកគេបានបញ្ជូនគុជនេះ ទៅឱ្យជាងគ្រឿងអលង្ការ ដើម្បីពិនិត្យ ដែលត្រូវបានបញ្ជាក់ថា ជាគុជពិតប្រាកដ។ ជាងគ្រឿងអលង្ការ ថែមទាំងបាននិយាយទៀតថា ឱកាសដែលបានជួបនឹងគុជបែបនេះ ត្រូវបានចាត់ទុកថាមានតែប្រហែល១ក្នុងមួយលានសំណាងប៉ុណ្ណោះ ហើយក៏បានបញ្ជាក់ថា នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ៥០ ឆ្នាំ ដើម្បីផលិតបានគុជធម្មជាតិបែបនេះ។
កាលពីពេលថ្មីៗនេះ Sandy ត្រូវបានមិត្តប្រុសដែលស្រលាញ់គ្នា៤ឆ្នាំ សុំរៀបការ។ ដូច្នេះ ពួកគេបានយកគុជពិសេសនេះធ្វើជាចិញ្ចៀនភ្ជាប់ពាក្យ ហើយត្រឡប់ទៅភោជនីយដ្ឋានវិញ -ជាកន្លែងដែល Sandy បានរកឃើញគុជ ដើម្បីអបអរពេលវេលាដ៏សំខាន់នេះ។
ម្ចាស់ហាង ក៏បានចែករំលែករឿងនេះនៅលើ Instagram របស់ពួកគេផងដែរ។ ហើយជាមួយគ្នានោះ អ្នកលេងអ៊ីនធឺណិតជាច្រើន បានជូនពរឱ្យគូស្នេហ៍មួយគូនេះ មានសុភមង្គល និងជួបតែសំណាងល្អ សម្រាប់ការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង