បាត់ដំបង ៖ កិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយជូនប្រជាកសិករពាក់ព័ន្ធទៅនឹងតម្លៃពោតធ្លាក់ចុះ នៅតាមជាយដែនកម្ពុជា-ថៃ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក អ៊ុយ សុធាវី អភិបាលរងខេត្ត លោក គិត ភារ៉ា ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ម្ចាស់សៃឡូ អាជីវករ ប្រមូលទិញកសិផលកសិកម្ម មកពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក មួយចំនួនចូលរួមផង។ នេះបើតាមការផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ខែកក្កដានេះ។
សូមជម្រាបផងដែរថា កាលពីសប្តាហ៍មុននេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ នាំចេញកសិផលពោត ទៅប្រទេសថៃ បានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង មេតា្តជួយចរចាជាមួយភាគីថៃ ខេត្តស្រះកែវ ធ្វើយ៉ាងណាអាចឲ្យកសិផលពោតទាំងមូល របស់កសិករខ្មែរយើង អាចនាំចូលតាមមាត់ច្រកភ្នំដី (ខ្មែរ) និងច្រកខាវឌីន (ថៃ) បានដោយពុំចាំបាច់ប្រឡេះយកតែគ្រាប់នោះឡើយ។
ប្រជាពលរដ្ឋ និងអាជីវករបានលើកឡើងថា ការអនុញ្ញាតឲ្យពោត របស់កសិករខ្មែរ នាំចេញដោយប្រឡេះយកតែគ្រាប់ គឺធ្វើឲ្យកសិផលប្រជាជនយើង ប្រើប្រាស់មិនអស់ពីលទ្ធភាព ដែលសក្តានុពល ដោយអ្នកបញ្ជាទិញពីយើង គឺគេយកទាំងអស់ ដោយពុំចាំបាច់ប្រឡេះយកគ្រាប់ចេញនោះទេ ហើយពោតយើងក៏អាច លក់បានតម្លៃថ្លៃផងដែរ បើបូករួមទាំងស្នូលពោតផងនោះ។
លោកឧកញ៉ា ភូ ពុយ បានឱ្យដឹងថា ដើម្បីពង្រឹងទីផ្សារពោតរបស់កសិករ នៅតាមស្រុកជាយដែនបានរឹងមាំ ទៅថ្ងៃអនាគត ជាដំបូងកសិករដាំពោត ទាំងអស់ត្រូវរៀបចំចងក្រងជាសហគមន៍ ឱ្យបានច្បាស់លាស់ជាមុនសិន មានអ្នកទទួលខុសត្រូវសម្រាប់សម្របសម្រួល ក្នុងការប្រមូលទិញពោត ពីកសិករបានងាយស្រួល ពិសេសមានឃ្លាំងស្តុក ឡសម្ងួត ពោតមានគុណភាព ដោយដាក់ថ្ងៃកំណត់ឱ្យច្បាស់លាស់ សហគមន៍ណាលក់មុន ឬក្រោយកុំឱ្យជាន់ថ្ងៃគ្នា និងមានសណ្តាប់ធ្នាប់ល្អ ធ្វើឱ្យកសិផលមានតម្លៃខ្ពស់ផងដែរ។
លោក គិត ភារ៉ា បានចូលរួមផ្តល់យោបល់ថា លោកបានឯកភាពទាំងស្រុង លើយោបល់របស់លោកឧកញ៉ា ភូ ពុយ ដោយត្រូវរៀបចំចងក្រងកសិករ ជាសហគមន៍ បានច្បាស់លាស់ ដើម្បីគាំទ្រប្រមូលទិញពោតនេះទាន់ពេលវេលា ដើម្បីបម្រើឱ្យជីវភាពកសិករ យើងមិនជួបប្រទះនូវបញ្ហាទីផ្សារពោត ទៅថ្ងៃក្រោយទៀតផង។ លោកបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះ យើងមិនមែនជជែកគ្នាពីកសិផលពោតតែប៉ុណ្ណោះទេ គឺមានដំឡូង សណ្តែក និងកសិផលដំណាំផ្សេងៗទៀតផងដែរ ។
លោក ងួន រតនៈ បានថ្លែងថា ក្រុមការងារដែលបានប្រជុំនាថ្ងៃនេះ នឹងត្រូវចុះទៅសិក្សាពីទីផ្សារពោតរបស់កសិករ ព្រមទាំងធ្វើការរៀបចំចងក្រង ក្រុមកសិករយើង ជាសហគមន៍ និងបានសម្រេចនាំគ្នាចុះ ទៅផ្ទាល់នៅតាមចំណុចគោលដៅនាព្រឹកស្អែកតែម្តង ដើម្បីធ្វើការដោះស្រាយ ជាបន្ទាន់ចាប់ពីថ្ងៃនឹងទៅ គឺនាំគ្នាដោះស្រាយទីផ្សារកសិផលជូនប្រជាពលរដ្ឋយើង ឱ្យបានទទួលជោគជ័យនាពេលអនាគតផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ