ហេតុការណ៍មួយដែលបានកើតឡើងកាលពីពេលថ្មីៗនេះ នៅភោជនីយដ្ឋានប៊ូហ្វេមួយកន្លែង ក្នុងប្រទេសវៀតណាម បានធ្វើឲ្យផ្អើលកក្រើកពិភពអនឡាញតែម្តង នៅពេលដែលគ្រួសារមួយ ត្រូវបានចាប់បានវេចខ្ចប់គ្រឿងសមុទ្រ ដាក់ក្នុងថង់ដើម្បីយកទៅផ្ទះ បើទោះភោជនីយដ្ឋានបានជូនដំណឹងដល់ក្រុមគ្រួសារនេះ អំពីបទដ្ឋាននៃអាហារប៊ូហ្វេថា អាហារពីភោជនីយដ្ឋាន មិនត្រូវបានអនុញ្ញាតឲ្យយកចេញក៏ដោយ។
វីដេអូនេះដែលថតបាន បានបង្ហាញគ្រួសារមួយនេះដែលមានគ្នា៥នាក់ ដែលគេជឿថាស្ត្រីវ័យកណ្តាលម្នាក់ (ជាម្តាយ និងត្រូវជាយាយ), ប្តីប្រពន្ធ និងកូន២នាក់ នៅភោជនីយដ្ឋានប៊ូហ្វេតម្លៃ 12$/មនុស្សពេញវ័យ ហើយតម្លៃសម្រាប់ក្មេងក៏ទាបដែរ គឺបន្ទាប់ពីញ៉ាំរួច ស្រ្តីជាយាយបានយួរថង់ដែលផ្ទុកជាមួយគ្រឿងសមុទ្រ កំពុងដើរចាកចេញពីភោជនីយដ្ឋាន។
ភ្លាមៗនោះ បុគ្គលិកភោជនីយដ្ឋាន ដែលបានប្រទះឃើញ បានពន្យល់ថា អាហារប៊ូហ្វេនេះ គឺសម្រាប់ការហូបចុក ហើយអតិថិជនមិនត្រូវបានអនុញ្ញាតឱ្យវេចខ្ចប់យកអាហារចេញពីភោជនីយដ្ឋាននោះទេ។ ទោះជាយ៉ាងណា ក្រុមគ្រួសារនេះមិនយល់ព្រម ហើយចាប់ផ្តើមឈ្លោះប្រកែកជាមួយបុគ្គលិក។ ស្រ្តីជាជីដូនរបស់គ្រួសារនេះ បាននិយាយថា ចៅរបស់គាត់មិនអាចញ៉ាំអ្វីបានទេ ហើយអាហារដែលយកមកទុក គឺត្រូវចម្អិនជាអាហារពេលរសៀលជំនួសវិញ។
អ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺឪពុកម្តាយក្មេងៗ ក៏និយាយខ្លាំងៗទៅកាន់បុគ្គលិកហាងថា «ច្បាប់ត្រូវតែបំពាន» ពិសេសស្ត្រីដែលគេថាជាយាយក៏បោះសម្តីបែបនេះថា៖ «បើអ្នកមិនឲ្យពួកខ្ញុំយកវាទៅផ្ទះទេ តើអ្នកនឹងទុកវាសម្រាប់ឲ្យជ្រូកស៊ីមែន?»។
ក្រោយពីបានឃើញបែបនេះ មតិមហាជនបានសម្តែងការហួសចិត្តថា៖ «គ្រួសារនេះស្លៀកពាក់ស្អាតបាត តែហាក់គ្មានសេចក្តីថ្លៃថ្នូរ គ្មានការខ្មាសអៀនសោះ ធ្វើទាំងបំពានច្បាប់ភោជនីយដ្ឋានហើយ នៅខ្លាំងទៀត!»។ រីឯអ្នកខ្លះទៀត ក៏បានសួរយ៉ាងចាក់ដោតថា៖ «បើគ្រួសាររបស់អ្នក ចេះតែអាចយកពីអាហារប៊ូហ្វេបានបែបនេះ តើភោជនីយដ្ឋានគេនឹងបានអីចំណេញទៅ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង