ប៉ូលីសក្នុងរដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) កំពុងចេញដីកាចាប់ខ្លួនស្រ្តីម្នាក់ដែលជាប់សង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវជាមួយកូនខ្លួនឯង ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង។ រូបថតរបស់ស្រ្តីដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ប្រេងឥន្ទនៈ ក៏ត្រូវបានចេញផ្សាយផងដែរ។
យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Daily Mail កាលពីថ្ងៃទី២ ខែសីហា, ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅផ្លូវ South Post Oak ទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺថ្ងៃទី២ ខែមេសា។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញស្ត្រីសង្ស័យរូបនោះ ស្ថិតក្នុងសម្លៀកបំពាក់ស្លៀកខោខ្លី និងអាវយឺត បានបើករថយន្តម៉ាក Cadillac ពណ៌ស មកឈប់ក្នុងស្ថានីយ៍ចាក់សាំង រួចដើរចូលហាងលក់ទំនិញ។
មួយសន្ទុះក្រោយមក កាមេរ៉ាសុវត្ថិភាពក៏ថតបាន ស្ត្រីនោះបានចូលទៅក្នុងរថយន្តវិញ ហើយបើកចាកចេញទៅទៅវិញ។ តាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរូបនោះបានប្រើបន្ទប់ទឹកនៅហាងទំនិញ ប្រហែល ១៥ នាទី។
វាមិនមែនហេតុផលអ្វីទេ ដែលស្ត្រីនោះគ្រាន់តែប្រើប្រាស់បន្ទប់ទឹក រួចចាកចេញទៅដូចជាអ្នកដំណើរឆ្លងកាត់ដទៃ។ ប៉ុន្តែ ប្រហែលមួយម៉ោងក្រោយមក វេលាម៉ោងប្រហែល ៤ និង ៣០នាទីព្រឹក អតិថិជនដែលចង់ប្រើបង្គន់ ពិតជាមានការភ្ញាក់ផ្អើល នៅពេលរកឃើញទារកទើបនឹងកើតម្នាក់នៅក្នុងបង្គន់ ហើយប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាន់។ ប៉ុន្តែជាអកុសល ទារិការនោះបានស្លាប់បាត់ទៅហើយ នៅពេលដែលបុគ្គលិកសង្គ្រោះបន្ទាន់របស់ Houston Fire Department បានមកដល់កន្លែងកើតហេតុ។
ប៉ូលីសមិនទាន់រកឃើញម្តាយរបស់ទារក ទើបនឹងកើតនោះទេ ហើយកាមេរ៉ាសុវត្ថិភាពមិនបានថតទុកស្ត្រីដែលទៅប្រើប្រាស់បង្គន់នោះទេ ប៉ុន្តែផ្អែកលើអតិថិជនដែលបានមក និងចាកចេញពីស្ថានីយ៍ប្រេងឥន្ធនៈនេះ គឺស្ត្រីនៅក្នុងវីដេអូខាងលើ អាចជាជនសង្ស័យទី១។
ប៉ូលិសកំពុងតាមរកស្ត្រីរូបនេះនៅឡើយ ហើយករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ ប៉ូលីសបាននិយាយថា ករណីនេះនេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ មានមនុស្សតិចណាស់បានឈប់នៅស្ថានីយ៍ប្រេងឥន្ធនៈ ដូច្នេះហើយមានមនុស្សតិចណាស់ដែលប្រើប្រាស់បន្ទប់ទឹកនៅទីនោះ។
អ្នកស៊ើបអង្កេតលោក Caleb Browning បាននិយាយថា «គ្មាននរណាម្នាក់នៅខាងក្នុងបង្គន់ទេនៅពេលនោះ ហើយទារកក៏មិននៅទីនោះ មុនពេលស្រ្តីសង្ស័យចូលទៅក្នុង»។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏មិនបានបញ្ជាក់ថា ស្ត្រីផ្សេងម្នាក់ទៀតជាម្តាយរបស់ទារកនោះទេ ព្រោះអ្វីៗកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
តំណាងម្នាក់នៃនាយកដ្ឋានប៉ូលីសរដ្ឋតិចសាស់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «យើងនៅតែមិនដឹងច្បាស់ អំពីស្ថានភាពនៃស្ថានភាពនេះ ឬថាតើស្ត្រីនោះមានទំនាក់ទំនងជាមួយទារក»។
លោក Browning ក៏បានបន្ថែមថា សក្ខីកម្មរបស់សាក្សី ក៏ដូចជារូបភាពដែលមិនធ្លាប់បញ្ចេញជាសាធារណៈ ក៏គាំទ្រការរំពឹងទុករបស់ពួកគេផងដែរ។
យ៉ាងណាក៏ដោយ ប៉ូលីសទីក្រុង Houston មិនដឹងថា ទារកនេះស្លាប់មុន ឬក្រោយកើតទេ គ្រាន់តែដឹងថា ទារកនោះស្លាប់មុននឹងត្រូវបានរកឃើញ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រសិនបើស្ត្រីនោះពិតជាម្តាយរបស់ទារកមែននោះ គឺជាបទឧក្រិដ្ឋ សម្រាប់ការទុកកូនរបស់ខ្លួនឲ្យស្លាប់នៅទីនោះ។
មិនទាន់មានការចោទប្រកាន់ណាមួយត្រូវបានគេប្តឹងមកទល់ពេលនេះទេ។ អ្នកស៊ើបអង្កេត Harries County នៅតែព្យាយាមស្វែងរកមូលហេតុនៃការស្លាប់របស់ទារករងគ្រោះរ ហើយក្រុមគ្រូពេទ្យក៏កំពុងប្រឹងប្រែងអស់ពីសមត្ថភាពផងដែរ។
លោក Browning បាននិយាយថា ប៉ូលីសបានអនុវត្តវិធានការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈទាំងអស់ ប៉ុន្តែនៅតែមិនអាចកំណត់ទីតាំងស្ត្រីនោះបាន ហើយពួកគេកំពុងអំពាវនាវឱ្យស្ត្រីរូបនេះចូលខ្លួន។
លោក Browning ក៏បានដាក់ការសង្ស័យថា «វាហាក់ដូចជានាងសំរាលកូនក្នុងបង្គន់។ ខ្ញុំចង់ឱ្យនាងដឹងថា យើងគ្រាន់តែចង់និយាយជាមួយនាង យើងគ្រាន់តែចង់បានព័ត៌មាន និងចម្លើយមួយចំនួន។ វាជារឿងសោកសៅនៅពេលដែលមានរឿងដ៏ឃោរឃៅនេះបានកើតឡើង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង