ជឿថា អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសត្រង់ចំណុច «ស្ពានអ្នកលឿង» ប្រហែលជួបប្រទះករណីបែកធ្លាយកង់ម៉ូតូ ជាញឹកញយហើយ ខណៈគេក៏បានសង្កេតឃើញអ្នកប៉ះកង់ម៉ូតូ ក៏សម្បូរម្ល៉េះ!? ដែលត្រៀមចាំប៉ះសម្រាប់អ្នកធ្លាយម៉ូតូ នៅម្តុំចំណុចគល់ស្ពានជាហូរហែ។
ដោយមើលឃើញពីករណីដ៏គួរឲ្យសង្ស័យនេះ បុរសម្នាក់ក៏បានច្នៃឧបករណ៍ «ដែកឆក់» ដើម្បីចង់ដឹងថា តើនៅលើស្ពានមានរបស់មុតស្រួចអ្វី បានធ្វើឲ្យអ្នកដំណើរបែកធ្លាយម៉ូតូ ចុះបណ្តើរជារឿយអ៊ីចឹង! ។ ពិតណាស់ ជាលទ្ធផលឧបករណ៍ដែកឆក់ចាប់បានស្តែងៗ គឺសុទ្ធតែដែកគោល និងដែកវិសតែម្តង។
ទាក់ទងករណីដ៏ហួសចិត្តខ្លាំងបំផុតនេះ គណនីហ្វេសប៊ុកដែលមានឈ្មោះថា ចាន់ ចិត្រា ដែលក៏ធ្លាប់ជួបបទពិសោធន៍នេះផងដែរ បានដកស្រង់វីដេអូ TikTok ម្ចាស់ដើម ដែលបានធ្វើតេស្ត បានសម្តែងការហួសចិត្តយ៉ាងដូច្នេះថា៖ «យើងអាចចោទជាសំណួរបានថា ហេតុអ្វីបានជានៅលើស្ពានអ្នកលឿងមានអ្នកប៉ះកង់ចល័តច្រើនម្ល៉េះ ? ហេតុអ្វីបានជាអ្នកធ្វើដំណើរជិះមកដល់ត្រង់ចំណុចនេះមានបញ្ហាធ្លាយ ឬ បែកកង់ជារឿយៗ ? ( សម្រាប់ចម្លើយសុំអ្នកទាំងអស់គ្នាទស្សនាក្នុង Video ) សម្រាប់ខ្ញុំផ្ទាល់ក៏ធ្លាប់ធ្លាយផងដែល ។
កុំព្រោះតែអាហារបីពេល អ្នកហ៊ានប្រព្រឹត្តអំពើទុច្ចរិត អំពើគួរអោយស្អប់ខ្ពើមបែបនេះ អំពើដែលពួកអ្នកបានធ្វើវានិងហុចផលអោយអ្នកនៅថ្ងៃណាមួយ បាកកម្មមិនចាំជាតិក្រោយទេ។
សុំសំណូមពរដល់សមត្ថកិច្ចដែលពាក់ព័ន្ធ ជួយចុះពិនិត្យត្រង់ចំណុចស្ពានអ្នកលឿងផង! សូមអរគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង