ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣ បានសហការជាមួយដៃគូអភិវឌ្ឍន៍នានា មកពីមូលនិធិសាជីវកម្មអន្តរជាតិ (IFC) នៃធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័ន PROPARCO នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការតម្រង់ទិសជាយុទ្ធសាស្ត្រក្នុងការរៀបចំក្របខណ្ឌការផ្តល់ឥណ្ឌទានផ្ទាល់ដល់វិស័យឯកជនដោយដៃគូអភិវឌ្ឍន៍ ដែលមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ឌឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនកម្ពុជា ជាច្រើនរូប។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតម្រង់ទិសជាយុទ្ធសាស្ត្រក្នុងការរៀបចំក្របខណ្ឌការផ្តល់ឥណទានផ្ទាល់ ដល់វិស័យឯកជន ដោយដៃគូអភិវឌ្ឍន៍ «Non-Sovereign Loan» ដើម្បីអនុញ្ញាតឲ្យវិស័យឯកជនអាចទទួលបានប្រភពទុនកាន់តែច្រើន អត្រាការប្រាក់ទាប និងមានលក្ខខណ្ឌកម្ចីងាយស្រួលជាងមុន។
គួររំលឹកថា នាពេលកន្លងមក ការផ្តល់ឥណទានរបស់ដៃគូអភិវឌ្ឍន៍នានាទៅដល់វិស័យឯកជននៅកម្ពុជា ភាគច្រើន ធ្វើឡើងតាមរយៈរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ៕