កាលពីពេលថ្មីៗនេះ គេហទំព័រ CTi បានបញ្ចេញរឿងដ៏ប្លែកមួយ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់តៃវ៉ាន់ ដែលបង្ហាញរូបភាពសិចស៊ី «ខោទ្រនាប់» របស់នារីមានចម្រុះពណ៌ ត្រូវបានគេយកទៅព្យួរផ្លែឪឡឹក ដុះនៅតាមរបងក្នុងសួន ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈមនុស្សជាច្រើនតាមអ៊ីនធឺណិតបានងឿងឆ្ងល់ថា “ហេតុអ្វីបានជាគេធ្វើបែបនេះ?”។
រូបភាពទាំងនេះដែលត្រូវបានបង្ហោះនៅលើក្រុមសហគមន៍ Facebook 路上觀察學院 គឺទទួលបានការចូលមើលជាង 1.1 លាននាក់។ ការបង្ហោះនោះបានបញ្ជាក់ឲ្យដឹងថា ឪឡឹកនេះមិនមែនដាំនៅលើដីធម្មតាទេ ប៉ុន្តែត្រូវដាំលើរបងដែក ហើយកន្លែងដែលឪឡឹកដុះនោះ វានឹងមានព្យួរដោយខោទ្រនាប់នារី ដែលមានពណ៌ក្រហម ខៀវ និងស ដែលសុទ្ធតែជាខោថ្មី (មិនទាន់ប្រើ) គឺនៅតែមានស្លាកយីហោដូចឃើញជាក់ស្តែង។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឪឡឹកនេះត្រូវបានដាំដុះនៅតំបន់ Tugu ស្រុក Yunlin ស្ថិតនៅភាគខាងលិចកោះតៃវ៉ាន់។ លោក Wu Mingxun ម្ចាស់ចម្ការបាននិយាយថា ឪឡឹកដែលដាំ គឺជាផ្លែឪឡឹករដូវរងា ដែលមានទំហំតូច ទម្ងន់ប្រហែល 2.5 ទៅ 3.5 គីឡូក្រាម។ ប្រសិនបើដាំនៅលើដី នោះផ្នែក «ចំហៀង» របស់វាដែលនៅជាប់នឹងដី នឹងមិនទទួលបានពន្លឺព្រះអាទិត្យទេ។ ដូច្នេះគាត់ត្រូវដាំវាតាមវិធីនេះ ប៉ុន្តែមានបញ្ហាក្នុងការទ្រទ្រង់ទម្ងន់របស់ឪឡឹក។
លោក Wu បាននិយាយថា ពីមុនគាត់បានប្រើម៉ាស់ ក្រណាត់កន្ទបទារក និងសូម្បីតែសម្ភារៈកសិកម្មមួយចំនួន ដើម្បីសាកល្បងការដំឡើងនេះ។ ប៉ុន្តែវាមិនដំណើរការបានល្អនោះទេ រហូតដល់គាត់បានសាកជាមួយខោទ្រនាប់ស្ត្រី ទើបរកឃើញថាវាមានប្រសិទ្ធភាពល្អជាងការរំពឹងទុក ព្រោះវាអាចទ្រទម្ងន់ឪឡឹក ហើយមិនធ្លាក់ដល់ដី។ ហើយសំខាន់បំផុត គឺវាត្រូវតែជាខោទ្រនាប់ប៉ុណ្ណោះ ព្រោះវាផ្តល់លក្ខណៈល្អប្រសើរក្នុងការបង្ហូរទឹក និងខ្យល់បានល្អ ហើយវាក៏មិនបិទពន្លឺថ្ងៃដែរ។
យ៉ាងណាមិញ បន្ទាប់ពីរូបភាព «ផ្លែឪឡឹកស៊ិចស៊ី» បានល្បីពេញបណ្ដាញសង្គម មនុស្សម្នាក៏បានទៅលេងសួន និងថតរូបផងដែរយ៉ាងរីករាយ ហើយពួកគេបានគេសរសើរពីគំនិតច្នៃប្រឌិតដ៏ប្លែកនេះ។ លើសពីនេះ អ្នកដែលបានភ្លក់ឪឡឹកនៅសួននេះ ក៏ចាប់អារម្មណ៍នឹងរសជាតិរបស់វាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង