ភ្នំពេញ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញលើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈប្រកប ដោយនិរន្តរភាព ព្រមទាំងបន្តគាំទ្រជំនួយបច្ចេកទេស និងបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង។
ក្នុងជំនួបសម្តែងការគួរសម រវាងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម បានស្នើសុំដូចនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់លោក Yasuhisa Ojima ដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។
ក្រោមការដឹកនាំរបស់លោក Yasuhisa Ojima, មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួង និងការផ្តល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដូចជា ការពង្រឹងម៉ូដែលព្យាករណ៍សេដ្ឋកិច្ច, ការរៀបចំស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, ការពិនិត្យឡើងវិញលើច្បាប់ស្តីពីគយ, ព្រមទាំងវិធានការកែទម្រង់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត ពិសេស ការគាំទ្រដល់វិទ្យាស្ថានស្ថិតិក្នុងការរៀបចំ ផ.ស.ស ឆ្នាំគោលថ្មី ជាដើម ។
គួរបញ្ជាក់ថា លោក Yasuhisa Ojima បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក និងអបអរសាទរកម្ពុជា ដែលបានគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានា ក្នុងតំបន់និងសកល។ លោកនឹងបន្តជំរុញការគាំទ្របច្ចេកទេសដល់ប្រទេសកម្ពុជា ពិសេស ការស្នើសុំថ្មីរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ៕