ផ្លូវទៅសាលារៀនមួយខ្សែនៅក្នុងប្រទេសវៀតណាម មានប្រវែងត្រឹមតែ ២.៥ គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែជាង ២ភាគ៣ នៃផ្លូវ មានភក់បែកវ៉ល់តែម្តង ដែលធ្វើឲ្យពិបាកធ្វើដំណើរយ៉ាងខ្លាំង។ ហេតុនេះ ដើម្បីអាចធ្វើដំណើរទៅសាលារៀនបានងាយស្រួល សិស្សសាលាជាច្រើន បាននាំយកចបកាប់ ដើម្បីកាយពង្រាបផ្លូវ។
ប៉ុន្មានថ្ងៃមុននេះ រូបភាពជាច្រើនសន្លឹក បង្ហាញទិដ្ឋភាពសិស្សមួយក្រុម ទៅសាលារៀននៅលើផ្លូវដែលមានភក់ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ នៅក្នុងរូបថតនោះ សិស្សមួយចំនួនបានដួល ដែលបណ្តាលឲ្យសំលៀកបំពាក់របស់ពួកគេត្រូវប្រឡាក់។
តែអ្វីដែលចាក់ដោតខ្លាំងនោះ គឺថាសិស្សខ្លះទៅសាលា ដោយបានយកចបទៅជាមួយ ដើម្បីកាយផ្លូវពិបាកៗឲ្យរាបស្មើ ងាយស្រួលជិះកង់។ ហើយរូបភាពទាំងនេះបានលេចឡើងនៅលើបណ្តាញសង្គម ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន នាំគ្នារិះគន់ និងសើចចំអក ទៅដល់អាជ្ញាធរមូលដ្ឋាន។
តាមរយៈការស្រាវជ្រាវ គេបានដឹងថា ផ្លូវបែកភក់វ៉ល់ដូចរៀបរាប់ខាងលើនេះ គឺនៅភូមិ Ngoc Thanh ឃុំ Hung Thanh ស្រុក Yen Thanh ខេត្ត Nghe An។ នៅពេលដែលរូបភាពនេះត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត មនុស្សជាច្រើនបានបញ្ចេញមតិថា ផ្លូវបែបនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនត្រូវបានអាជ្ញាធរជួសជុលនោះទេ។ ផ្លូវភក់មិនត្រឹមតែបង្កការលំបាកដល់សិស្សទៅរៀនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅតំបន់នោះទៀតផង។
ទាក់ទិននឹងករណីខាងលើនេះ លោក Tran Van Trung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hung Thanh បានបញ្ជាក់ពីស្ថានភាពជាក់ស្តែងនៃផ្លូវដូចដែលបានឆ្លុះបញ្ចាំងនៅលើបណ្តាញសង្គម ដោយលោកបានឲ្យដឹងថា ផ្លូវនេះបានតភ្ជាប់ពីផ្លូវខេត្តលេខ៥៣៨ កាត់ភូមិ Ngoc Thanh ដែលមានប្រជាពលរដ្ឋប្រមាណ ៣៨ គ្រួសារ។
លោក Trung បាននិយាយថា ផ្លូវខាងលើមានប្រវែងត្រឹមតែ 2.5 គីឡូម៉ែត្រប៉ុណ្ណោះ។ ក្នុងនោះមានផ្លូវបេតុង១គីឡូម៉ែត្រ។ ហើយថ្មីៗនេះ អង្គភាពសំណង់កំពុងជីកដីបញ្ចុះជម្រាលផ្លូវ ហើយដោយសារការងារនេះមិនបានបញ្ចប់ ទើបធ្វើឲ្យផ្លូវមានភក់បែបនេះ។ នៅថ្ងៃដែលមានពន្លឺថ្ងៃក្តៅ ផ្លូវនេះអាចធ្វើដំណើរធម្មតា។ ប៉ុន្តែនៅថ្ងៃភ្លៀងធ្លាក់ជោគជាំ ផ្លូវនេះមានភក់ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរជាខ្លាំង។
ទោះជាយ៉ាងណា លោក Trung ក៏បានបញ្ជាក់ឲ្យដឹងថា ឃុំបាននិងកំពុងសហការជាមួយអង្គភាពស្ថាបនាផ្លូវ ដើម្បីស្នើសុំជួសជុលនាពេលឆាប់ៗខាងមុខ ដើម្បីធ្វើឲ្យផ្លូវមានសភាពស្អាត និងស្រស់ស្អាត សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង