Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​សេដ្ឋកិច្ច​ពិសេស​ វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ​មាន​ជាង ៩០ភាគរយ

ភ្នំពេញ៖ ប្រទេសកម្ពុជា កំពុងស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យនេះ កំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។ បើតាម​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មា​ធិកា​រវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ វិស័យ​មិនមែន​ឧស្សាហកម្ម​កាត់​ដេរ ស្បែក​ជើង និង​សម្ភារៈ​ធ្វើ​ដំណើរ​ មាន​ជាង ៩០ ភាគរយ។

ឯកឧត្តម ជា វុទ្ធី បន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ពិពិធកម្ម​ឧស្សាហកម្ម និង​ការ​ធ្វើ​ពិពិធកម្ម​​ប្រភព​ទុន​វិនិយោគ​ពី​បណ្ដា​ប្រទេស​ដទៃ។

ឯកឧត្តម បន្ថែមថា តំបន់​សេដ្ឋកិច្ច​ពិសេស ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ​ក្នុង​គោលដៅទាក់ទាញ​ការ​វិនិយោគ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សាក​ល្បង​ការ​​ធ្វើ​កំណែ​​ទម្រង់​​នីតិវិធី​រដ្ឋបាល​ទាក់ទង​ការ​វិនិយោគ។ បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន ៦៥៥ ក្រោម​ទុន​វិនិយោគ ៨.១ ពាន់​លាន​ដុល្លារ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ កន្លែង ដែល​កំពុង​ដំណើរការ។

ឯកឧត្តម បានបន្ថែម​ថា ការ​នាំ​ចេញ​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ​២០​២២​ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ​មាន​ប្រមាណ ២៥ ពាន់លាន​ដុល្លារ។ ឆ្នាំ២០១១ ​​ការ​នាំ​ចេញ​​ពី​តំបន់​សេដ្ឋកិច្ច​ពិសេសមាន​តែ​ជាង ៤ ភាគរយ​នៅទូទាំងប្រទេស​ ប៉ុន្តែនៅ​​ឆ្នាំ២០២២ ចំណែក​​ការ​នាំ​ចេញ​​បាន​កើន​​ដល់ ២៣ %។

គួរបញ្ជាក់ទៀតថា កម្ពុជា ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៤ កន្លែង ​ដែល​កំពុង​ដំណើរការ និង​បាន​បង្កើត​ការងារ​ជាង ១៧៥ ពាន់​កន្លែងដល់ប្រជាជន៕

×