ភ្នំពេញ៖ ក្រុមហ៊ុន ដែលមានបទពិសោធន៍កសិឧស្សាហកម្ម នៅក្នុងប្រទេសចិន ជាក្រុមហ៊ុនគំរូ លើវិស័យកសិកម្ម បានសម្រេចជ្រើសរើសយកខេត្តចំនួន ៤ជាប់បឹងទន្លេសាប មានខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ដើម្បីដាក់ទុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ដែលមានតម្លៃជាង ១២ពាន់លានដុល្លារ។
ការប្រកាសសម្រេចចុះបញ្ជីផ្លូវការ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងដោយ លោក ចៅ សូជី (Zhao Shujie) ប្រធានក្រុមហ៊ុនតាណុង (Danong Agricultural Development Group) នៅក្នុងសន្និសីទសារព័ត៌មាន ក្រោមអធិបតី ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោក ចៅ សូជី (Zhao Shujie) ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា គម្រោងវិនិយោគកសិកម្មបែបទំនើបនៅកម្ពុជា ដែលហៅថា “គម្រោងឧស្សាហូបនីយកម្មកសិកម្ម” ដែលក្រុមហ៊ុនតាណុង គ្រោងនឹងបោះទុនវិនិយោគ គឺមានចំនួនទឹកប្រាក់១២.៧ពាន់លានដុល្លារ លើផ្ទៃដី៧៥ម៉ឺនហិកតា។ គម្រោងនេះ នឹងផ្តោតលើ ១.ការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ២.គ្រប់គ្រង និងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣.បង្កើតធនាគារកសិកម្ម។
លោក ចៅ សូជី (Zhao Shujie) បានបន្ថែមថា គម្រោងកសិកម្មឆ្លាតវៃ ដែលនឹងចាប់ផ្តើមអនុវត្ត នាពេលឆាប់ៗខាងមុខនេះ គឺនឹងរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់។
ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានមានប្រសាសន៍ថា ក្រុមហ៊ុនតាណុង បានមកសិក្សាស្វែងយល់ ពីគម្រោងវិនិយោគនៅកម្ពុជា ចំនួន២លើករួចមកហើយ ដោយការចុះមកនេះ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា។
ឯកឧត្តម ដួង តារា រំពឹងថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះ នឹងជួយឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគំរូមួយ ក្នុងវិស័យកសិកម្ម នៅពេលអនាគត ហើយនឹងផ្តល់អត្ថប្រយោជ ន៍ដល់ប្រជាកសិករ និងជួយទប់ស្កាត់ការចំណាកស្រុក របស់ប្រជាជនកម្ពុជាថែមទៀតផង។
សូមជម្រាបថា គោលបំណងរបស់ក្រុមហ៊ុនតាណុង គឺចង់វិនិយោគលើការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វចំនួន៤ប្រភេទ នៅកម្ពុជារួមមាន៖ ទី១.ដាំស្មៅសម្រាប់ចំណីសត្វ, ទី២.បង្កាត់និងដាំពូជពោត, ទី៣.ដាំ និងកែឆ្នៃដំឡូងមី និងទី៤.ចិញ្ចឹម និងបង្កាត់សត្វគោ និងជ្រូក ដោយផលិតផលទាំងនេះ ភាគច្រើនគឺសម្រាប់នាំចេញទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ដែលស្រង់ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា គិតត្រឹមត្រីមាសទី ១ឆ្នាំ ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅកម្ពុជា មានទំហំទុនសរុប ៨៣,៥ទ្រីលានរៀល (២០,៥៩ប៊ីលានដុល្លារអាមេរិក) មានកំណើន ១១,១% ធៀបនឹងគ្រាដូចគ្នា (ឆ្នាំលើឆ្នាំ)៕