ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានមានប្រសាសន៍ដោយបាន ជំរុញឲ្យប្រជាពលរដ្ឋមកទទួលសេវាតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្តវិញ ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីអង្គភាពបានបើកឲ្យដំណើរការជាផ្លូវការ ។
លោកបានមានប្រសាសន៍ដូច្នេះខណៈពេលដែលរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការអង្គភាពច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជា អភិបាលរងខេត្ត អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជួរមុខ មន្ត្រីជួរក្រោយ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបម្រើការងារនៅក្នុងអង្គភាពច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត ។
មានប្រសាសន៍លើកឡើង ក្នុងពិធីសម្ពោធនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត នាពេលនេះ គឺជាសមិទ្ធផលដែលសរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យថ្មីបន្ថែមទៀត របស់រាជរដ្ឋា ភិបាលក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ តាមរយៈការធ្វើប្រតិភូកម្មអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិ ។ ហើយយន្តការទាំងពីរនេះ នឹងធ្វើឲ្យការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ជាមួយនិងការផ្ដល់នូវជំនឿទុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា និងឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃការផ្ដល់សេវាសាធារណៈ ព្រមទាំងជំរុញការកៀរគរចំណូលចូលថវិកាជាតិ និងលុបបំបាត់ការយកកម្រៃសេវាលើសពីច្បាប់កំណត់ ។
ទន្ទឹមនេះ លោក ម៉ែន វិបុល បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញ ចូលតែមួយខេត្ត ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសត្រូវមានការសហការ និងសាមគ្គីភាពគ្នារវាងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីអង្គភាពដំណើរទៅបានដោយរលូន ធានាឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និងឆាប់រហ័ស មិនបង្កការកកស្ទះក្នុងការផ្ដល់សេវា ។
ជាចុងបញ្ចប់ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្នែកសេវាដែលពាក់ព័ន្ធនឹង វិស័យ និងការងារ ទាំង ១៤ រួមមាន វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារនីត្យានុកូលកម្ម និងការងាររដ្ឋបាល សូមមកទទួលសេវានៅក្នុងអង្គភាពច្រកចេញតែមួយខេត្ត ហើយឯកឧត្ដមក៏បានស្នើដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋមកទទួលសេវាតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្តវិញ ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីអង្គភាពបានបើកឲ្យដំណើរការជាផ្លូវការ ៕ វ៉ៃកូ