Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់ចុះនូវយុទ្ធនាការបុគ្គលិកម្នាក់ ជំនាញមួយរបស់ក្រសួងទេសចរណ៍ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញក្នុងឆ្នាំ២០២៥ ប្រមាណ ១លាននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញក្នុងឆ្នាំ ២០២៥ ប្រមាណ ១លាននាក់, ឆ្នាំ២០៣០ ប្រមាណ ១,៥លាននាក់  និងឆ្នាំ២០៣៥ ប្រមាណ ១,៩លាននាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំមុខគេក្នុងតំបន់លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA កម្ពុជា នៅតែជាប្រទេស ដែលនាំមុខគេ ក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន តាមស្តង់ដាកម្មវិធីរួម។ ឯកឧត្តម ថោង​ ​ខុន ​បានណែនាំដល់ជំនាញត្រូវរៀបចំអនុវត្តការងារឲ្យបានកាន់តែសកម្ម ក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនបម្រើការងារ ដូចជាជំនាញស្ប៉ា-ម៉ាស្សា ចុងភៅ ជំនាញ MICE (Meeting, Incentive, Convention, Exhibition) ដែលវិញ្ញាបនបត្រជំនាញទាំងនេះ នឹងត្រូវទទួលស្គាល់ដោយអាស៊ាន។

ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពបញ្ជាក់ថា ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១ កម្ពុជា បានចូលរួមចំណែកក្នុងកំណែទម្រង់ការអប់រំជំនាញវិជ្ជាជីវៈនៅកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះ យុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងមានឱកាសសម្រាប់ការងារនៅក្នុងតំបន់។ លើសពីនេះទៀត ដោយមានយន្តការទ្រទ្រង់គ្រប់គ្រាន់ ដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិក៏បានចូលរួមគាំទ្រយ៉ាងសកម្មផងដែរ។

គួរជម្រាបថា កាលពីមុនអំឡុងវិបត្តិជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានព្យាករថា ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជានឹងកើនដល់ចំនួន ១៥លាននាក់ នៅឆ្នាំ ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១០ពាន់លានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ ២លាននាក់។ ប៉ុន្តែវិស័យទេសចរណ៍ ស្ថិតក្នុងវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅទូទាំងពិភពលោក បានរំខានការរំពឹងទុកនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ នៅឆ្នាំ ២០៣០ របស់កម្ពុជា អាចត្រូវបន្លាយពេលបន្ថែមទៀត៕

×