នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣ គេហទំព័រ MS NEWS បានរាយការណ៍ពីឧបទ្ទវហេតុដ៏រន្ធត់មួយ ដែលបានកើតឡើងនៅពេលដែលមនុស្សមួយក្រុម ដែលធ្វើដំណើរទៅលេងពិធីបុណ្យតន្ត្រី Lollapalooza ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក ត្រូវបានចរន្តអគ្គិសនីឆក់ ខណៈកំពុងថតរូប Selfie នៅលើផ្លូវរថភ្លើង ដែលជាចំណុចមិនត្រូវបានអនុញ្ញាត។
ឃ្លីបដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត បានបង្ហាញពីមិត្តភក្តិ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) កំពុងអង្គុយលើផ្លូវរថភ្លើងដើម្បីថតរូប Selfie។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់ គឺនៅពេលនោះ ស្រាប់តែបុរសអង្គុយខាងស្ដាំបានទៅប៉ះនឹងផ្លូវដែកដែលមានចរន្តអគ្គិសនី ៦០០ វ៉ុល បណ្ដាលឱ្យឆក់ផ្ងារជើងភ្លាមៗតែម្តង មុនពេលលូកដៃទៅចាប់មិត្តស្រីដែលអង្គុយក្បែរ ដើម្បីសុំជំនួយ។
ប៉ុន្តែការធ្វើបែបនេះ បានបណ្តាលឱ្យមិត្តភក្តិស្រី ក៏រងគ្រោះត្រូវចរន្តអគ្គិសនីឆក់ផងដែរ ។ ពួកគេបានផ្ងារខ្លួនទៅក្រោយទាំងពីរ ខណៈមិត្តប្រុសម្នាក់ទៀត ងាកទៅមើលដោយងឿងឆ្ងល់ជាខ្លាំង។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានជួយទាញមិត្តភ័ក្តិទាំងពីរចេញពីផ្លូវរថភ្លើង ហើយគាត់ក៏ត្រូវចរន្តអគ្គិសនីឆក់ផងដែរ ប៉ុន្តែដកដៃចេញវិញទាន់ពេល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី៥ សីហា។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលកើតហេតុ មិត្តភ័ក្តិផ្សេងទៀតដែលមកចូលរួមក្នុងហេតុការណ៍ បានជួយនាំពួកគេចេញពីផ្លូវរថភ្លើង មុនពេលអ្នកទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
នារីជាមិត្តភក្តិនោះ នៅតែដឹងខ្លួន ពេលអ្នកជួយសង្គ្រោះមកដល់ ប៉ុន្តែបុរសដែលទទួលបានការឆក់អគ្គិសនីដំបូង ក្រុមគ្រូពេទ្យបានរកឃើញថា បេះដូងឈប់លោតទៅហើយ។ ហេតុនេះការសង្គ្រោះបន្ទាន់ គឺត្រូវបានទាមទារធ្វើឡើង មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណា យុវជនរូបនោះ គឺនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ខណៈនារីជាមិត្តភក្តិមានភាពប្រសើរឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
Video from Twitter @ariiquotedthat