Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបានប្រមាណ ៤៦.១២ លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ៩ ៣៦៧.៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២.៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទិន្នន័យនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត រៀបចំតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តជំរុញឱ្យពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្តែងក្នុងខែកក្កដា ឆ្នាំ២០២៣ ទទួលបាន ២៧.៥៨ ប៊ីលានរៀល (ប្រមាណ ៦.៨១ លានដុល្លារ) និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ទទួលបាន ១៨៦.៧៩ ប៊ីលានរៀល (ប្រមាណ ៤៦.១២ លានដុល្លារ)។ ​

ក្នុងនោះ ឯកឧត្តម គង់ វិបុល បានលើកឡើងពីហានិភ័យ ដែលបណ្តាលពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្ដាប្រទេសដែលជាប្រភព ទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធឈានទៅប៉ះពាល់ដល់ចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និងពិសេសមូលដ្ឋាន ក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់ ទោះជាយ៉ាងណាក្តី តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម បានការកត់សម្គាល់ លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួន មានការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១១.១៦%) អចលនទ្រព្យ (ថយចុះ ៦.៧៧%) ការសាងសង់ (ថយចុះ ២.៤៤%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បាន (ថយចុះ ២៦.៥៦%)។ សម្រាប់ការប្រមូលបំណុលពន្ធ មានការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២១.១២% ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

បើតាមឯកឧត្តមអគ្គនាយក ចំពោះវិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែង តាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរារបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះនិងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍ នេះ ដែលករណីនេះ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងបន្តចាត់វិធានការពន្ធដារ យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព សម្រាប់វិស័យនេះ៕

×