ឪពុកពោះម៉ាយម្នាក់ ក្នុងប្រទេសថៃ បានឈ្នះពានរង្វាន់ឪពុកប្រចាំឆ្នាំជាផ្លូវការ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យអស់សំណើចរបស់គាត់ ដើម្បីការពារ ផ្តល់ភាពកក់ក្តៅដល់កូនស្រីរបស់គាត់ មិនឱ្យមានអារម្មណ៍ថា «ឯកោ» ក្នុងអំឡុងពេលប្រារព្ធទិវាមាតាជាតិរបស់សាលា។
បុរសជាឪពុករូបនេះ បានមកចូលរួមក្នុងពិធី ដោយស្លៀកពាក់ជាមនុស្សស្រី ដែលធ្វើឱ្យកូនស្រីបង្កើតរបស់គាត់ រំភើបឡើងស្រក់ទឹកភ្នែក។
លោក Joe Lookphonbdee (ឬហៅ Prachya Deebu) បានបង្ហោះរូបភាព និងវីដេអូ ពីខណៈពេលដ៏គួរឲ្យរំជួលចិត្តនេះ ដោយគាត់បានសរសេរថា៖ «ថ្ងៃបុណ្យម្តាយបានមកដល់ហើយ ប៉ាគឺជា ‘ម្តាយ’ សម្រាប់កូន»។
នៅក្នុងរូបភាព និងវីដេអូដែលត្រូវបានចែករំលែក ឪពុកដ៏មានព្រហ្មវិហារធម៌រូបនេះ អាចត្រូវបានគេឃើញស្ថិតក្នុងសម្លៀកបំពាក់តែងខ្លួនយ៉ាងប្លែក ដោយគាត់បានបំពាក់ «សក់ពាក់» និងស្លៀករ៉ូប ដើម្បីធ្វើជា «ស្ត្រី» នៅក្នុងព្រឹត្តិការណ៍ទិវាមាតាជាតិរបស់សាលា សម្រាប់កូនស្រីរបស់គាត់ ដែលប្រទេសថៃប្រារព្ធនៅថ្ងៃទី១២ ខែសីហា។
យោងតាមរបាយការណ៍របស់ Bangkok Biz News បុរសនោះមិនបានខ្មាសអៀននោះទេ ខណៈដែលគាត់បានអង្គុយដោយមោទនភាព នៅជួរខាងមុខនៃការប្រារព្ធពិធីរបស់សាលា។
បុរសវ័យ ៤៨ ឆ្នាំ រូបនេះ ក៏ត្រូវបានដឹងថា គាត់ជាគ្រូអប់រំសុខភាព និងអប់រំកាយ នៅសាលាដូចគ្នានេះផងដែរ។
លោក Prachya Deebu បាននិយាយថា៖ «ខ្ញុំមិនខ្មាសទេ ដែល (ស្លៀកពាក់ដូចស្ត្រី) បែបនេះ ព្រោះខ្ញុំស្រលាញ់កូន ហើយយើងធ្វើសកម្មភាពសប្បាយៗ ជាមួយគ្នាដូចធម្មតា»។
លោកក៏បានឲ្យដឹងបែបនេះថា «សំខាន់បំផុត ខ្ញុំមិនចង់ឱ្យកូនរបស់ខ្ញុំមានអារម្មណ៍ឯកោ ក្នុងអំឡុងពេលទិវាអ្នកម្តាយជារៀងរាល់ឆ្នាំ ដូចជានាងអាចគិតក្នុងចិត្តថា ‘ហេតុអ្វីបានជាខ្ញុំមិនមានម្តាយ មកចូលរួមព្រឹត្តិការណ៍ដូចអ្នកផ្សេងទៀត?’ ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តធ្វើរឿងនេះ ដើម្បីផ្តល់ភាពកក់ក្តៅដល់កូនស្រី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@joey_kp “แม่” ฉันก็เป็นให้แกได้555
♬ เป็นทุกอย่าง – Room 39