Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិច​បោក​ថ្មី! ខល​ប្រាប់​ថា ឌី​ហ្សង់​ទ័រ​គីឡូ​ភ្លើង​ខូច ឲ្យ​វេ​លុយ​ថ្លៃ​សេវា​ឲ្យ​មុន ចាំចុះ​មក​ប្តូរ​តា​ម​ក្រោយ តែ​មិនព្រម​ធ្វើតាម ស្រាប់តែ…

ថ្មីៗនេះ ល្បិចបោកថ្មី ពីសំណាក់ក្រុមសំដីផ្អែម ជាពិសេសចុងពាក្យនៃការនិយាយឆ្លងឆ្លើយ «ណាស បងណាស!» បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានស្តាប់ឮក្រុមជនឆបោក២នាក់ បានប្រើល្បិចធ្វើជាភ្ញាក់ងារអគ្គិសនី ខលទៅកាន់ស្រ្តីម្ចាស់ផ្ទះម្នាក់នៅខាងខេត្តបាត់ដំបង ដោយប្រាប់ថា ពួកគេមកពីខាងអគ្គិសនី ដើម្បីផ្តល់ដំណឹងទាក់ទងករណី «ឌីហ្សង់ទ័រគីឡូភ្លើងខូច» ដែលម្ចាស់ផ្ទះត្រូវតែធ្វើការផ្លាស់ប្តូរជាបន្ទាន់ ពុំនោះទេនឹងត្រូវបិទភ្លើង។

នេះបើស្រ្តីជាម្ចាស់ផ្ទះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Machhatep Battambong បានបង្ហោះវីដេអូចំនួន២ឃ្លីប និងភ្ជាប់សារឲ្យបងប្អូនក្នុងបណ្តាញសង្គមបានដឹងយ៉ាងដូច្នេះថា៖ «ល្បិចបោកថ្មីទៀតហើយបងប្អូន តេមកខ្ញុំមិញហ្នឹង សូមមានការប្រុងប្រយត្ន័ទាំងអស់គ្នា រឿងបោកអោយវេលុយ វាថាខូចឌីសង់ទ័រគីឡូភ្លើង សំដីវាឡើងឡូយទៀត»។

ក្នុងវីដេអូឃ្លីបដែលម្ចាស់ផ្ទះបានថត បានបង្ហាញលេខទូរស័ទ្ទដែលជនឆបោកបានខលមកនោះ គឺ 086 872 808។ ក្នុងនោះ ជនរូបនោះ បានឆបោកប្រាប់ថា «ឌឺហ្សង់ទ័រគីឡូភ្លើង» របស់ម្ចាស់ផ្ទះបានខូចហើយ ហេតុដូច្នេះ ត្រូវតែផ្លាស់ប្តូរដាក់គីឡូភ្លើងថ្មី។ លឺបែបនេះ ម្ចាស់ផ្ទះបានឆ្លើយ «OK» អត់អីទេ អាចចុះមកប្តូរបាន។ តែទន្ទឹមនឹងនេះ ជនឆបោកក៏បានបញ្ជាក់ថា តាមគោលករណ៍ចុះមកប្តូរដុំគីឡូភ្លើងថ្មីឲ្យបាន គឺលុះត្រាតែវេរលុយសេវាចំនួន ១២ ម៉ឺន ៥ពាន់រៀល ឲ្យជាមុនសិន។

ទោះជាយ៉ាងណា ដោយសារតែម្ចាស់ផ្ទះ មានការងឿងឆ្ងល់ និងគិតថានេះជាល្បិចឆបោក ដោយគាត់បានឆ្លើយឆ្លងទៅវិញថា អ៊ីចឹងអត់អីទេ ចាំឲ្យខាងអគ្គិសនីពាក់ឯកសណ្ឋានត្រឹមត្រូវ ចុះមកប្តូរដល់ផ្ទះ ចាំបង់លុយឲ្យ និងថាវាមិនដែលខាងអគ្គិសនីរដ្ឋណា គេធ្វើការសេវាឲ្យវេលុយមុនអ៊ីចឹងទេ អីក៏ចម្លែកម្ល៉េះ ករណីនេះដូចជាមិនស្រួលសោះ ស្រាប់តែជនឆោករូបនោះក្តៅក្រហាយដាក់ប៉ុន្មានមាត់ចុងក្រោយថា បើមិនស្រួលដឹកមនុស្សទៅពេទ្យទៅ និងឆ្លៀតប្រាប់ថា ពួកវាជាក្រុមខ្លាលោតផ្លោះទៀតផង!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×