Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំបិលកំពត-កែប មុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នឹងនាំចេញក្នុងជំហ៊ានដំបូងនៅចុងឆ្នាំ២០២៣នេះ

កំពត-កែប៖ អំបិលកំពត-កែប ដែលជាមុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ចំនួន៣ប្រភេទ មានអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល នឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានសាធារណរដ្ឋឆែក និងសហរដ្ឋអាមេរិក ជាលើកដំបូងនៅចុង ឆ្នាំ២០២៣នេះ។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានប្រាប់អ្នកសារ​ព័ត៌មានឱ្យដឹងថា ក្នុងជំហ៊ានដំបូង អំបិល (GI) កំពត-កែប ៣ប្រភេទ ដែលមានអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល ក្នុងរង្វង់ ២០តោន នឹងត្រូវនាំចេញទៅទីផ្សារសាធារណរដ្ឋឆែក ចំណែកអំបិលក្រហម ម្សៅអំបិល និងអំបិលស្លឹក នឹងត្រូវបានដាក់សាកល្បងទៅកាន់ទីផ្សាអាមេរិក។ ប្រធានសហគម បានបន្តថា សមាគមរំពឹងថា នៅឆ្នាំបន្តបន្ទាប់ អំបិលកំពត-កែប (GI) នឹងអាចនាំចេញទៅកាន់ទីផ្សារបារាំង ជប៉ុន ស្វីស និងអង់គ្លេស។

ផលិតផលអំបិលកំពត-កែប ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ហើយបន្ទាប់មកក្រុមការងារសមាគមបានធ្វើកិច្ចការជាច្រើនទាក់ទងនឹងការផ្សព្វផ្សាយពីនីតិវិធីបង្កបង្កើនផល ការរៀបចំបរិស្ថានអនាម័យនៅស្រែអំបិល គុណភាពអំបិល និងការវេចខ្ចប់ជាដើម ដើម្បីជំរុញការនាំចេញអំបិលទៅទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោកប្រធានសមាគម បានបញ្ជាក់ថា ដោយសារផលិតផលអំបិល (GI) ពិបាកផលិត ព្រោះមានការសម្រិតសម្រាំងលើគុណភាព បរិស្ថានអនាម័យស្រែអំបិល រួមទាំងការវេចខ្ចប់ផងនោះ ទើបតម្រូវឲ្យអ្នកផលិតត្រូវលក់អំបិល(GI) ក្នុងតម្លៃខ្ពស់ជាងអំបិលធម្មតាពី ៥០ ទៅ១០០% ដោយសមាគមនឹងខិតខំស្វែងរកទីផ្សារជូន ប៉ុន្តែក្នុងករណីអ្នកផលិតចង់លក់អំបិល (GI) ក្នុងតម្លៃធម្មតា សមាគមស្នើសុំមិនឱ្យយកសម្បកបាវ (GI) ច្រកនោះទេ។ ការប្រមូលផលអំបិលសម្រាប់ឆ្នាំ ២០២៣នេះ បានជាង ៧ម៉ឺន ៨ពាន់តោន។

ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ ខេត្តកំពត និងកែប គឺជាទីតាំងផលិតអំបិលក្នុងប្រទេសកម្ពុជា ដោយក្នុងឆ្នាំ២០២៣នេះ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង២ គឺប្រហាក់ប្រហែលឆ្នាំ២០២២ ដែលមានទំហំ ៤៧៤៨ ហិកតា។

គួរបញ្ជាក់ថា បើតាមប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានឲ្យដឹងថា គិតមកដល់សព្វថ្ងៃនេះ ការដាក់ពាក្យស្នើសុំចូលជាសមាជិកនៃក្រុមអ្នកផលិតអំបិល(GI) មានតែចំនួន ៥ក្រុមប៉ុណ្ណោះ ក្នុងចំណោមក្រុមអ្នកផលិតអំបិលជាង ១០០ក្រុម។ ហើយមានសហគ្រាសចំនួន១ បានដាក់ពាក្យស្នើសុំកែច្នៃ និងវេចខ្ខប់អំបិល (GI) ដែលមានសមត្ថភាពកែច្នៃ និងវេចខ្ចប់អំបិលបានរង្វង់ ៥ពាន់តោនក្នុង១ឆ្នាំ។ ប្រធានសមាគមរំពឹងថា ក្រុមអ្នកផលិតអំបិល និងសហគ្រាកែច្នៃ និងវេចខ្ចប់ នឹងបន្តមកដាក់ពាក្យស្នើសុំចូល​ជា​សមាជិកបន្ថែមទៀតនាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា អាចផលិតអំបិល(GI) បានរង្វង់ ២ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេស៕

×