ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំ២០២៣នេះ នឹងសម្រេចបានប្រមាណជាង ១០៧% ហើយដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ អគ្គនាយកដ្ឋានពន្ធដារ ថ្មីៗនេះ បានចេញលិខិតជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ក្រើនរំលឹកម្ចាស់អចលនទ្រព្យមួយចំនួន ដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាស និងមកបង់ប្រាក់ពន្ធឲ្យបានរួសរាន់។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធតាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្តែងក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ការប្រមូលពន្ធលើអចលនទ្រព្យសម្រេច បានត្រឹម ៥៧ ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារ បើធៀបនឹងផែនការប្រចាំឆ្នាំ២០២៣ សម្រេចបានជិត ៣៧ភាគរយប៉ុណ្ណោះ។
នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា សម្រាប់លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និង ការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណជាង ១០៧ភាគរយ នៃផែនការច្បាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ជាក់ស្ដែងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន មានចំនួនជាង ៩.៣៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២.៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
គួរបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថល ក្នុងបដិវត្តឧស្សាហកម្ម ៤.០ កំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក ដែលជាក់ស្តែងនៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៤៦ លានដុល្លារ៕