Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ វឿន៖ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន នឹងបង្កើនតម្លាភាព ប្រសិទ្ធភាព និងលើកកម្ពស់កិច្ចការពារអតិថិជន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ក្រោមកិច្ចគាំពារពីធនាគារជាតិនៃកម្ពុជា និងដោយមានការត្រួតពិនិត្យពីអ្នកច្បាប់ឯករាជ្យ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងកម្មវិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និង ខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ បានលើកឡើងថា កិច្ចសន្យា និងខចែងស្ដង់ដារនេះ ត្រូវដាក់ឱ្យអនុវត្តរួមគ្នា ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រួមមាន ធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ, គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ខណៈដែលកន្លងមកកិច្ចសន្យាឥណទាន ត្រូវបានធ្វើឡើងរៀងៗខ្លួន ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានលក្ខខណ្ឌ និង ខចែងផ្សេងៗគ្នាទៅតាមគ្រឹះស្ថាននីមួយៗ។

ការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពី លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គទេសា​ភិបាល​រងធនាគារជាតិនៃកម្ពុជា, ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងលោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា។

លោក សុខ វឿន បានថ្លែងថា ស្ដង់ដារកិច្ចសន្យាឥណទាន និង ខចែងស្ដង់ដារកិច្ចសន្យាឥណទាន គឺជាស្តង់ដារកិច្ចសន្យាឥណទានអប្បបរមា ដែលចែកចេញជាបួនប្រភេទ រួមមាន ១.ស្ដង់ដារកិច្ចសន្យាខ្ចីបរិភោគមានទ្រព្យធានា, ២.ស្តង់ដារកិច្ចសន្យាខ្ចីបរិភោគគ្មានទ្រព្យធានា, ៣.កិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុចលនវត្ថុ និង ៤.ស្ដង់ដារកិច្ចសន្យាឥណទានជាក្រុម។

លោកសុខ វឿន បានគូសបញ្ជាក់ថា វិសាលភាពនៃការអនុវត្តស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន ត្រូវបានចែកចេញជាបីប្រភេទ៖ ១.សម្រាប់ទំហំឥណទានតូចជាង ឬស្មើ ៥ម៉ឺនដុល្លារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតម្រូវឱ្យប្រើទម្រង់ និងលក្ខខណ្ឌដូចៗគ្នានៃស្តង់ដារនៃកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, ២.សម្រាប់ទំហំឥណទានចាប់ពី ៥ម៉ឺនដុល្លារ រហូតដល់ ១០ម៉ឺនដុល្លារ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវដាក់បញ្ចូល ខចែងស្តង់ដារនៃកិច្ចសន្យា ដែលត្រូវប្រើនៅក្នុងកិច្ចសន្យាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, ៣.សម្រាប់ទំហំឥណទានលើសពី ១០ម៉ឺនដុល្លារ មិនកំណត់ស្តង់ដារនៃកិច្ចសន្យាឥណទាន ឬ ខចែងស្ដង់ដារណាមួយឡើយ។

លោក សុខ វឿន ជឿថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនតម្លាភាព ប្រសិទ្ធភាព និងលើកកម្ពស់កិច្ចការពារអតិថិជន នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលបន្ថែមមួយកម្រិតទៀត។ ស្ដង់ដារកិច្ចសន្យាឥណទាន និង ខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងអនុវត្តតែចំពោះការផ្តល់ឥណទានថ្មី ឬអតិថិជនថ្មី ហើយនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ៕

×